ចិន នឹង​លុបចោល​ការយកពន្ធ ៧៥​ពាន់​លាន​ដុល្លារ លើ​ទំនិញ​អាមេរិក​
អន្តរជាតិ
ចិន នឹង​លុបចោល​ការយកពន្ធ ៧៥​ពាន់​លាន​ដុល្លារ លើ​ទំនិញ​អាមេរិក​
06, Feb 2020 , 9:19 pm        
រូបភាព
ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ (ខាងឆ្វេង) ចាប់ដៃជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនភីងនាជំនួប G20 នៅប្រទេសជប៉ុន  កាលពីឆ្នាំ២០១៩។ រូបភាព៖ Reuters
ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ (ខាងឆ្វេង) ចាប់ដៃជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនភីងនាជំនួប G20 នៅប្រទេសជប៉ុន កាលពីឆ្នាំ២០១៩។ រូបភាព៖ Reuters
​ចិន នា​ថ្ងៃទី​៦ ខែកុម្ភៈ បាន​អះអាងថា នឹង​ដកព​ន្ធ​ប្រមាណ​ជា ៧៥​ពាន់​លាន​ដុល្លារ លើ​ទំនិញ​អាមេរិក ដែល​នាំ​ចូលមក​ចិន​។ ការសម្រេច​ដក​ពន្ធ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​បែបនេះ គឺធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​១ ដែល​ត្រូវបាន​អាមេរិក និង​ចិន ចុះហត្ថលេខា​នា​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៩​។


 
​ប្រសិន​គ្មាន​ការប្រែប្រួល​ទេ ចិន នឹង​លុបចោល​ពន្ធគយ លើ​ទំនិញ​អាមេរិក​ប្រមាណ​ជា ៧៥​ពាន់​លាន​ដុល្លារ នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ​ខាងមុខ​។ តាម​ការអះអាង​របស់​គណៈកម្មការ​ពន្ធគយ នៃ​ក្រុមប្រឹក្សារដ្ឋ​ចិន ការកាត់បន្ថយ​ពន្ធ​ប្រមាណ ៧៥​ពាន់​លាន​ដុល្លារ​នេះ នឹង​អនុវត្ត​ចំពោះ​ទំនិញ​អាមេរិក​ជាង ១៧០០​មុន ដែល​ត្រូវបាន​ទីក្រុង​ប៉េកាំង យកពន្ធ ៥​ភាគរយ​និង ១០​ភាគរយ កាលពី​ខែកញ្ញា ឆ្នាំ ២០១៩​កន្លងទៅ​។
 
​បើតាម​ការបញ្ជា​ក់រប​ស់​គណៈកម្មការ​ពន្ធគយ​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ការដក​ពន្ធ​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង លើកស្ទួយ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ស្ថេរភាព នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​រវាង​អាមេរិក និង​ចិន​។ ក្នុងន័យនេះ ចិន សង្ឃឹមថា​ភាគី​ទាំងសងខាង នឹង​អាច​គោរព​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី និង​ពង្រឹង​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់​អាមេរិក និង​ចិន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក​-​ចិន ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​ឧបនាយករដ្ឋមន្ត្រី និង​ជា​អ្នកតំណាង​ចរចា​ពាណិជ្ជកម្ម​ចិន​-​អាមេរិក Lui He នៅ​សេត​វិមាន​ប្រធានាធិបតី​អាមេរិក នា​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ ២០១៩​។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ ចិន បាន​យល់ព្រម​ទិញ​ផលិតផល​កសិកម្ម បច្ចេកវិទ្យា ការគោរព​កម្មសិទ្ធិ​បញ្ហា និង​បញ្ហា​មួយចំនួនទៀត​។ ក្រៅពីនេះ ចិន​បាន​យល់ព្រម​ទិញ​ទំនិញ​អាមេរិក ក្នុង​ទំហំ​ទឹកប្រាក់ ២០០​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល ២​ឆ្នាំ​៕ 

Tag:
 ចិន​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com