ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន ស្នើឱ្យ​រដ្ឋាភិបាល​ចិន ជួយ​ដល់​សេដ្ឋកិច្ចកម្ពុជា ក្រោយ​បាត់​EBA
06, Feb 2020 , 10:39 pm        
រូបភាព
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិភាក្សាការងារជាមួយនឹង​ ឯកឧត្តម លី ខឺ ឈាំង ​(Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២០
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិភាក្សាការងារជាមួយនឹង​ ឯកឧត្តម លី ខឺ ឈាំង ​(Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២០
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យ​រដ្ឋាភិបាល​ចិន ជួយ​ដល់​សេដ្ឋកិច្ចកម្ពុជា ក្នុងករណី​ដែល​កម្ពុជា​ត្រូវ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (Everything But Arms)​។ សម្ដេច ហ៊ុន សែន ស្នើ​ទៅកាន់​នាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាំ​ង បែបនេះ នៅក្នុង​ដំណើរ​ទស្សនកិច្ច ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី​៥ កុម្ភៈ​។​


 
​មុននឹង​ស្នើសុំ​ចិន​ជួយ​សេដ្ឋកិច្ចកម្ពុជា​នេះ សម្ដេច ហ៊ុន សែន បាន​និយាយ​លើកទឹកចិត្ត​ចិន ដែល​កំពុង​ប្រយុទ្ធប្រឆាំង​វីរុស​កូ​រ៉ូ​ណា​សិន​។ នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កម្ពុជា​មិន​រត់ចោល​ចិន ក្នុង​គ្រា​លំបាក​នោះទេ​។ នាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាំ​ង ចាត់ទុក​ទស្សនកិច្ចរ​បស់​សម្ដេច ហ៊ុន សែន ជាការ​បង្ហាញ​ពី​ឆន្ទៈ​ស្មោះត្រង់ ចំពោះ​ចិន ដែល​កំពុង​ប្រឈមមុខ​នឹង​ជំងឺ​រលាក​សួត ដែល​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ​។ នាយករដ្ឋមន្ត្រី​ទាំងពីរ ក៏បាន​អះអាង​ពី​ទំនាក់ទំនង​មិនអាច​កាត់ផ្ដាច់​ពីគ្នា​បានឡើយ​។ «​កម្ពុជា​-​ចិន គឺជា​មិត្ត​ដែកថែប​»​។ នេះ​ជាការ​បញ្ជាក់​របស់​មេដឹកនាំ​ទាំងពីរ នៅលើ​ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន​។​
 
​និយាយ​ពី​ទំហំ​ចិត្ត​ចូលរួម​ដោះស្រាយ​បញ្ហា​ចិន​នេះហើយ នាយករដ្ឋមន្ត្រី​កម្ពុជា ក៏​ស្នើ​សុំឱ្យ​រដ្ឋាភិបាល​ចិន ជួយ​ដល់​សេដ្ឋកិច្ចកម្ពុជា ដែល​កំពុង​ប្រឈមមុខ​នឹង​ការសម្រេច​ចុងក្រោយ​របស់​សហភាព​អឺរ៉ុប លើ​ការដក​ឬ​មិន​ដក ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា នៅ​ពាក់កណ្ដាល​ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​។ 
 
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ស្នើសុំ​ទៅកាន់​នាយករដ្ឋមន្ត្រី​ចិន លោក លី ខឺ​ឈាំ​ង ដូច្នេះ​ថា​៖«​ទោះ​ស្ថិតនៅ​ក្នុងស្ថានភាព​នេះ​ក៏ដោយ រាជរដ្ឋាភិបាល​កម្ពុជា បាន​ត្រៀម​រួចរាល់​ជាង​មួយឆ្នាំ​ហើយ ។​(​កម្ពុជា​)​ស្នើឱ្យ​រដ្ឋាភិបាល​ចិន ជួយ​ជំរុញ​វិនិយោគ និង​រោងចក្រ​ដែល​កំពុង​ប្រតិបត្តិការ ៧០​ភាគរយ នៅ​កម្ពុជា បន្ត​រក្សា​នៅ​កម្ពុជា​ដដែល និង​ស្នើ​ឲ្យ​ចិន​បន្ត​ជំរុញ​ការគៀងគរ​វិនិយោគរ​បស់​ចិន​មក​បណ្ដាក់ទុន​វិនិយោគ​បន្ថែម​នៅ​ប្រទេស​កម្ពុជា ជាមួយនឹង​ការពង្រីក​ទិន្នផល​កសិផល​របស់​ក​ម្ពុ​ជា​ទៅកាន់​ទីផ្សារ​ចិន​»​។​
 
«​ចិន​នឹង​បន្ត​ការគាំទ្រ​ដល់​កម្ពុជា​ទៅតាម​លទ្ធភាព នូវ​អ្វីដែល​ចិន​អាចជួយ​បាន » ។ នេះ​ជាការ​បញ្ជាក់​របស់លោក លី ខឺ​ឈាំ​ង ដែល​បាន​បន្ថែមថា ចិន​នឹង​បន្ត​ការគាំទ្រ និង​គៀងគរ​វិនិយោគ​បន្ថែម​មកកាន់​កម្ពុជា​។ ជាពិសេស​រក្សា​វិនិយោគិន​ដែល​កំពុងតែ​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​។ 
 
​មិន​ត្រឹមតែ​លើកទឹកចិត្ត​ឱ្យ​អ្នកវិនិយោគ​ចិន​មក​បណ្តាក់ទុន​នៅ​កម្ពុជា ប៉ុន្តែ​ចិន​ក៏​នឹង​នាំចូល​ផលិតផល​ពី​កម្ពុជា​ថែមទៀត​ដែរ​។ នេះ​ជាការ​អះអាង​របស់លោក ស៊ី ជិន​ភីង ប្រធានាធិបតី​ចិន​។​
 
​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង ដែល​បាន​ជួប​សម្ដេច ហ៊ុន សែន ដែរនោះ បាន​ស្នើឱ្យ​រដ្ឋាភិបាល​ក​ម្ពុ​ជា បង្ក​បរិយាកាស​វិនិយោគ ឱ្យបាន​កាន់តែ​ល្អប្រសើរ ដែល​គាំទ្រ​ដល់​ការវិនិយោគ និង​ធុរកិច្ច​របស់​អ្នកជំនួញ​ចិន​។ « ស្នើឱ្យ​(​រដ្ឋាភិបាល​កម្ពុជា​)​ពិនិត្យមើល​តើ​អ្នកវិនិយោគ​ចិន​ប្រឈម​អ្វីខ្លះ ចំពោះ​ការវិនិយោគ​នៅ​កម្ពុជា ដើម្បី​រក​វិធាន​ការជួយ​ដល់​អ្នកវិនិយោគ​ទាំងនោះ​»​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​ស្រង់​សម្តី​លោក ស៊ី ជិន​ភីង ប្រធានាធិបតី​ចិន​។​
 
​ដោយឡែក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំងពីរ កំពុងតែ​ស្ថិតនៅក្នុង​ដំណាក់កាល​ចរចា​គ្នា ដោយ​ភាគី​ទាំងពីរ នឹង​បន្ត​ការជជែក​គ្នា​ទៀត​នៅ​ខែមីនា​ខាងមុខ ដើម្បី​ជំរុញ​ឱ្យបាន​ចប់សព្វគ្រប់​។ ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង បាន​បញ្ជាក់ថា​៖«​គាំទ្រ​ចំពោះ​កិច្ចចរចា​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំងពីរ ហើយ​ត្រូវតែ​បង្កើនល្បឿន​នៃ​ការរៀបចំ​ឯកសារ​ឈានទៅ​ការចុះហត្ថលេខា​ឱ្យបាន​ឆាប់​បំផុត​»៕
 

Tag:
 ហ៊ុន សែន​
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com