អន្តរជាតិ
ចិន​បើក​ការស៊ើបអង្កេត ក្រោយ​មរណភាព​គ្រូពេទ្យ​ដែល​ប្រកាសអាសន្ន​ពី​កូ​រ៉ូ​ណាវី​រុស​
07, Feb 2020 , 2:54 pm        
រូបភាព
​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​របស់​ចិន នៅ​ថ្ងៃទី​៧ ខែកុម្ភៈ បានប្រកាស​បើក​ការស៊ើបអង្កេត​មួយ​ពាក់ព័ន្ធ​ការផ្ទុះ​កូ​រ៉ូ​ណាវី​រុស បន្ទាប់ពី​គ្រូពេទ្យ​ម្នាក់​ដែល​ព្យាយាម​បញ្ចេញ​ព័ត៌មាន​នេះ បាន​បាត់​បង់ជីវិត​។ មរណភាព​របស់​គ្រូពេទ្យ Li Wenliang ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចិន​រង​ការរិះគន់​យ៉ាងខ្លាំង ខណៈ​លោក Li ក៏​រង​ពិន័យ​ទៅទៀត​ដោយសារតែ​ការ​លាតត្រដាង​ព័ត៌មាន​ផ្ទុះឡើង​វីរុស​នេះ ដោយ​អាជ្ញាធរ​ក្រុង​វូ​ហាន​ចាត់ទុកជា​រឿង​មិន​ពិត​។

 
​លោក Li Wenliang ជា​វេជ្ជបណ្ឌិត​ម្នាក់​របស់​ចិន ដែល​បានប្រកាស​ប្រាប់​សាធារណជន​ពី​ការ​រាលដាល​នៃ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV) កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៩ ។ លោក Li បាន​អះអាងថា មេរោគ​ផ្លូវដង្ហើម​ដែលមាន​លក្ខណៈ​ស្រដៀង​សារ​នេះ កំពុង​ទាញយក​ជីវិត​លោក ហើយ​បាន​ប្រាប់​មិត្តភក្តិ​ក្នុង Group WeChat ថា អ្នកជំងឺ​៧​នាក់​មកពីផ្សារ​លក់​គ្រឿង​សមុទ្រ​នៅ​វូ​ហាន ក៏មាន​ជំងឺ​នេះដែរ​។​
 
 
​យ៉ាងណាមិញ លោក Li និង​មនុស្ស​មួយចំនួនទៀត​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន ដោយ​ចោទប្រកាន់ថា លោក​បាន​បង្កើត​ពាក្យ​ចចាមអារ៉ាម ដែល​ធ្វើ​ឲ្យ​មាន​ភាពចលាចល​។ មកដល់​ថ្ងៃទី​១២ ខែមករា លោក Li ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ហើយ​បាន​រកឃើញ​វត្តមាន​មេរោគ​កូ​រ៉ូ​ណា​វីរុស​នៅ​ថ្ងៃទី​១ ខែកុម្ភៈ។ លោក​បានទទួល​មរណភាព​ហើយ​ក្នុង​អាយុ​៣៤​ឆ្នាំ ដោយសារ​ជំងឺ​នេះ នៅវេលា​ម៉ោង​២ និង​៥៨​នាទី ឈានចូល​ថ្ងៃទី​៧ ខែកុម្ភ​តែម្ដង​។ 
 
​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ​ដដែល គណៈកម្មការ​ត្រួតពិនិត្យ​របស់​ចិន បានប្រកាសថា ខ្លួន​នឹង​បញ្ជូន​មនុស្ស​របស់ខ្លួន​មួយក្រុម​ទៅកាន់​ទីក្រុង​វូ​ហាន ដើម្បី​ស៊ើបអង្កេត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​លើ​បញ្ហា​ពាក់ព័ន្ធ​លោក Li ។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ការស្លាប់​របស់​គ្រូពេទ្យ​ផ្នែក​ជំងឺ​ចក្ខុ​រូបនេះ ធ្វើ​ឲ្យ​មានការ​ផ្ទុះ​កំហឹង​ពី​សំណាក់​ប្រជាជន​ចិន ក៏ដូចជា​ការអាណិតអាសូ​រ​ផងដែរ ខណៈ​កូ​រ៉ូ​ណាវី​រុស​នេះ សម្លាប់​មនុស្ស​ជាង​៦៣០​នាក់ និង​ជាង​បី​ម៉ឺន​នាក់​ទៀត​ឆ្លង​មេរោគ​។ ចំណុច​ដែល​នាំ​ឲ្យ​មានការ​ខឹងសម្បារ​នោះ គឺ​បើ​អាជ្ញាធរ​ទទួលយក​ការព្រមាន​របស់​គ្រូពេទ្យ Li ហើយ​មានការ​ចាត់វិធានការ​បន្ទាប់​ទប់ស្កាត់ និង​គ្រប់គ្រង​ភា្ល​មៗ ករណី​ឆ្លង​ក៏​មិន​រាលដាល​ខ្លាំង​ដូច​ពេលបច្ចុប្បន្ន​ដែរ​។​
 
​យ៉ាងណាមិញ ទីក្រុង​ប៉េកាំង នៅតែ​អះអាង​ពី​សមត្ថភាព​របស់ខ្លួន​ក្នុងការ​គ្រប់គ្រង​ការ​រាលដាល​កូ​រ៉ូ​ណាវី​រុស ដែល​បច្ចុប្បន្ន​បាន​ឆ្លង​ដល់​ប្រទេស​ជាង​២០​ទៅហើយនោះ​។ ប្រទេស​ជាច្រើន ដែល​បារម្ភ​ពី​គ្រោះ​ថ្នាក់លើ​ប្រជាជន​ខ្លួន បាន​បញ្ជូន​យន្តហោះ​ជា​បន្តបន្ទាប់​ទៅ​ដឹក​ពលរដ្ឋ​ខ្លួន​ចេញពី​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ខណៈ​ខ្លះទៀត​បិទ​ជើងហោះហើរ​ទៅមក​ទឹកដី​ចិន ឬក៏​មិន​ទទួល​អ្នកដំណើរ​ដែល​ហោះ​ពី​ចិន​ទៅទៀត​៕ 
 

Tag:
 ចិន​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com