ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពលរដ្ឋ​ក្រុង​សៀមរាប រអ៊ូ​ថា​ការស្ថាបនា​ផ្លូវ​ហាក់​មិន​ទៅមុខ​
08, Feb 2020 , 10:59 pm        
រូបភាព
 សៀមរាប​៖ អស់​រយៈពេល​ច្រើន​ខែ​មកហើយ ដែល​កំណាត់​ផ្លូវ​ក្រវាត់ក្រុង​សៀមរាប ត្រូវបាន​ឈូសឆាយ​ដើម្បី​ស្ថាបនា​ថ្មី​។ ចាប់ពី​ពាក់កណ្ដាល​ឆ្នាំ​២០១៩​រហូតមកដល់​បច្ចុប្បន្ន កំណាត់​ផ្លូវ​នេះ​មិនទាន់​ធ្វើ​រួច​នៅឡើយ ដែល​បង្កឱ្យមាន​ដី​ហុយ ចរាចរណ៍​មានការ​លំបាក ថែមទាំង​បង្ក​ជា​ជំងឺ​ដល់​ពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ​នេះ​។ បន្ថែម​ពីនេះ វា​បានធ្វើឱ្យ​ប៉ះពាល់​ដល់​រប​រ​រកស៊ី​របស់​ប្រជាពលរដ្ឋ​នៅជាប់​ដងផ្លូវ ហើយ​ពួកគេ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ព​ន្លឿ​ន​ការធ្វើ​ផ្លូវ​ឱ្យបាន​លឿន​ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ការរកស៊ី​ឡើងវិញ​។​

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​

 
​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ គឺមាន​សារសំខាន់​ណាស់​សម្រាប់​ទីក្រុង​សៀមរាប ដើម្បី​បម្រើ​រាល់​សេវាកម្ម​ផ្សេងៗ ពិសេស​វិស័យ​ទេសចរណ៍​។ នា​រយៈពេល​ចុងក្រោយ​នេះ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ ហាក់​អន់ថយ​ជា​លំដាប់ ចំណែក​ការស្ថាបនា​ឡើងវិញ​ក៏មាន​ភាពយឺតយ៉ាវ​ជាខ្លាំង​។ បញ្ហា​នេះ បង្ក​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ខឹងសម្បារ និង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព ក៏ដូចជា​អាជីវកម្ម​របស់​ពួកគេ​។​
 
​ម្ចាស់​ហាង​បាយ​មួយកន្លែង​លើ​កំណាត់​ផ្លូវ​ក្រវាត់ក្រុង​សៀមរាប លោក ឈាង ហ៊ាង ឱ្យដឹងថា ច្រើន​ខែ​មកហើយ ដែល​លោក​ទ្រាំ​ស្រូប​ផ្សែង​ធូលី​ដី ដែល​ហុយ​បង្កដោយ​រថយន្ត​តូចធំ បើក​កាត់​លើផ្លូវ​នេះ​។ លោក ឈាង ហ៊ាង ប្រាប់ថា ចាប់ពី​អាជ្ញាធរ​ឈូសឆាយ​កាយ​ធ្វើ​ផ្លូវ​នេះ ប្រមាណ​ជិត​មួយឆ្នាំ​មកនេះ ការរកស៊ី​របស់លោក​មិនសូវ​កាក់កប​ទេ ដោយសារ​កន្លែង​ខ្វះ​អនាម័យ អតិថិជន​មិនសូវ​ចូល ដែល​កត្ដា​នេះ​ធ្វើឱ្យ​លោក បាត់បង់​ចំណូល​មួយផ្នែក​។​
 
 
​ចំណែក​អ្នកស្រី ធីតា ដែល​កំពុង​ចាប់​ខោអាវ​ដាក់​ក្នុង​ម៉ាស៊ីន​បោក​ឯណោះ​វិញ ក៏​រអ៊ូ​ពី​បញ្ហា​ដី​ហុយ​នេះដែរ​។ អ្នកស្រី​ថា តាំងពី​រើ​មក​ជួល​ផ្ទះ​តាម​ដងផ្លូវ​ក្រវាត់ក្រុង​នេះ​មក គឺ​ជួប​បញ្ហា​ដី​ហុយ ផ្លូវ​មុខផ្ទះ​ក៏​មិន​ស្រួល ដែល​ធ្វើឱ្យ​អាជីវកម្ម​អ្នកស្រី មិនសូវមាន​អតិថិជន​ទេ​។ ចំណែក​ខោអាវ​ដែល​បោក​ហើយ ក៏​ពិបាក​រក​កន្លែង​ហាល ដែល​ធ្វើឱ្យ​អ្នកស្រី ធីតា បាត់បង់​អតិថិជន​។ អ្នកស្រី​ស្នើឱ្យ​អាជ្ញាធរ ព​ន្លឿ​ន​ការធ្វើ​ផ្លូវ​នេះ​ឱ្យបាន​លឿន សម្រួល​ដល់​របរ​រក​ស៊ី​របស់ខ្លួន​ឱ្យ​ល្អប្រសើរ​ឡើងវិញ​។​
 
​ដោយឡែក អ្នកស្រី រី​ណា ក៏មាន​ការលំបាក​ក្នុង​ការលក់​ខោអាវ​ដែរ​។ ខោអាវ​ដែល​ព្យួរ​ក្នុង​រោង​មុខ​ផ្ទះជួល​របស់​អ្នកស្រី លើ​កំណាត់​ផ្លូវ​ក្រវាត់ក្រុង​នេះ ត្រូវបាន​ធូលី​ដី​តោង​ជាប់ ហើយ​ត្រូវ​ការយក​បោក​ឡើងវិញ​ពេល​ព្យួរ​យូរពេក​។ អ្នកស្រី​រអ៊ូ​ថា ខោអាវ​ប្រឡាក់​ច្រើន ផ្លូវ​មុខផ្ទះ​ក៏​ពិបាក ហុយ​ដី​ច្រើន ធ្វើឱ្យ​អ្នកស្រី​លក់​ខោអាវ​មិន​ដាច់​។ អ្នកស្រី​ប្រាប់ថា ការលក់ដូរ​ពេលនេះ​ល្មម​ឱ្យ​ថ្លៃ​ផ្ទះជួល​។​
 
​ក្រៅពី​បន្ទោស​ពី​ភាពយឺតយ៉ាវ​ហើយ អ្នកស្រី រី​ណា ស្នើឱ្យ​អាជ្ញាធរ​ជួយ​ព​ន្លឿ​ន​ការធ្វើ​ផ្លូវ​នេះ​ឱ្យបាន​លឿន​បំផុត ព្រោះថា​ការ​ឈូសឆាយ​លើ​គម្រោង​នេះ​ក៏​យូរ​ខែ​ដែរ ដែល​បង្កឱ្យមាន​ដី​ហុយ​ខួប ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​គ្រួសារ​អ្នកស្រី​ជាខ្លាំង ដូចជា​កូនចៅ​ឧស្សាហ៍​ផ្ដាសាយ ក្អក ក្ដៅខ្លួន​។​
 
​រីឯ​លោក ឈាង ហ៊ាង ក៏​សំណូមពរ​ឱ្យ​ព​ន្លឿ​ន​ការធ្វើ​ផ្លូវ​ឱ្យបាន​ស្អាត​ផងដែរ ដើម្បីឱ្យ​ការលក់ដូរ​របស់លោក​មាន​អតិថិជន​ចេញចូល​ច្រើន​ឡើងវិញ​។ លោក​ក៏​បារម្ភ​ពី​សុខភាព​កូនចៅ​លោក​ដែរ ដែល​ឧស្សាហ៍​ក្អក ផ្ដាសាយ និង​បារម្ភ​ពី​បញ្ហា​ជំងឺ​សួត​។​
 
​ដោយឡែក​អ្នកលក់​អីវ៉ាន់​ចាប់ហួយ អ្នកស្រី ឡុង មួយ​ខេង ឯណោះ​វិញ​ក៏មាន​សំ​ណូ​រពរ​ដូច​អ្នក​ខាងដើម​ដែរ​។ អ្នកស្រី​រអ៊ូ​ថា​៖« គ្រាន់តែ​ចាក់​ហើយ​មួយ​កំណាត់​នោះ តាំងពី​ខែ​ភ្លៀង ភក់​ឡើង​វ៉​ល ដល់​មួយ​កំណាត់​នោះ​ឆ្កឹះ​មក​ក្រោយ តាំងពី​នេះ​មក​តាំងពី​ប៉ុន្មាន​ខែ ខ្ញុំ​វា​អត់​បាន​ចាំ​...​អតិថិជន​ស្ងាត់ឈឹង លក់​អត់​ដាច់​ព្រោះ​ផ្លូវ​ពិបាក​ចូល​ពិបាក​ចេញ ហើយ​ហុយ​ងងឹត  សំណូមពរ​ឱ្យ​អាជ្ញាធរ​ព​ន្លឿ​ន​ធ្វើ​ផ្លូវ​ឱ្យ​ឆាប់​ហើយ ព្រោះ​អ្នកខ្លះ​ជួល​កន្លែង​គេ​ទេ ដល់​អ៊ីចឹង​វា​ពិបាក​លក់ លក់​មិន​ដាច់​»​។​
 
​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប លោក គី វី​រិន្ទ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក​នាពេល​កន្លងមក បានទទួល​ស្គាល់​ពី​បញ្ហា​ខូចខាត​ផ្លូវ​ច្រើន​ខ្សែ និង​ពិបាក​ដល់​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប​។ តាម​ការបញ្ជាក់​ពី​លោក​ប្រធាន​មន្ទីរ ផ្លូវ​ក្នុង​ក្រុង​សៀមរាប​សរុប​ទាំង​ផ្លូវជាតិ ផ្លូវដី ផ្លូវ​គ្រួស​ក្រហម សរុប​ប្រមាណ​ជាង​៥០០​គីឡូម៉ែត្រ​។ លោក​ប្រធាន​មន្ទីរ​ស្នើឱ្យ​ពលរដ្ឋ​យោគយល់​ចំពោះ​កិច្ចការ​ទាំងនេះ ព្រោះថា​មាន​ផ្លូវ​ជាច្រើន​ខ្សែ​ដែល​ត្រូវការ​ការជួសជុល​ដូចគ្នា​។ បន្ថែម​ពីនេះ​លោក​ក៏​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​ថែទាំ​ផ្លូវ ដោយ​មិនត្រូវ​ចាក់សំរាម​លុប​ប្រព័ន្ធ​បង្ហូរទឹក​របស់​ផ្លូវ ចោល​សំរាម​ពាសវាល​ពាសកាល -​ល​- ដែល​ធ្វើឱ្យ​ផ្លូវ​ឆាប់​ខូច​។​
 
​គួរឱ្យ​ដឹង​ដែរ​ថា មិនមែន​មានតែ​ផ្លូវ​ក្រវាត់ក្រុង​ទេ ដែល​រង​ការខូចខាត​ធ្ងន់ធ្ងរ និង​ត្រូវការ​ការជួសជុល​ឡើងវិញ ក្នុងនោះ​ក៏មាន​កំណាត់​ផ្លូវ​ជាច្រើន​ខ្សែ ដែល​អាជ្ញាធរខេត្ត​ប្រកាស​ដើម្បី​រៀបចំ​ស្ថាបនា​ឡើងវិញ​។ នៅ​ចុងឆ្នាំ​២០១៩ អាជ្ញាធរ​ខេត្តសៀមរាប​បានប្រកាសថា ផ្លូវ​ជាង​៤០​ខ្សែ​ដែល​នឹង​ស្ថាបនា​ឡើងវិញ​ក្នុង​ឆ្នាំ​២០១៩​។ តែ​រហូតមក​ដល់ពេលនេះ មាន​ផ្លូវ​តិចតួច​ប៉ុណ្ណោះ ដែល​បាន និង​កំពុង​ស្ថាបនា​។ ជារួម​ការស្ថាបនា និង​ជួសជុល​ឡើងវិញ គឺមាន​ភាពយឺតយ៉ាវ​៕
 










Tag:
 ៖​ផ្លូវ​ក្រវាត់ក្រុង​សៀមរាប​
  ផ្លូវថ្នល់​
 ​ សាធារណការ​
© រក្សាសិទ្ធិដោយ thmeythmey.com