សង្គមអន្តរជាតិ​
អន្តរជាតិ
កូ​រ៉ូ​ណាវី​រុស​៖ លោក លី សៀន​ឡុង ថា សិង្ហ​បុរី​មិនទាន់​ឈានដល់​ស្ថានភាព​ទិញ​ស្បៀង​ទុក​ឡើយ​
09, Feb 2020 , 10:28 am        
រូបភាព
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ថ្លែងសារទៅកាន់ប្រជាជន។ រូបភាពកាត់ពីវីដេអូបង្ហោះលើហ្វេសប៊ុក Lee Hsien Loong
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ថ្លែងសារទៅកាន់ប្រជាជន។ រូបភាពកាត់ពីវីដេអូបង្ហោះលើហ្វេសប៊ុក Lee Hsien Loong
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង នៅ​ថ្ងៃទី​៨ ខែកុម្ភៈ បាន​អំពាវនាវ​ឲ្យ​ប្រជាជន​សិង្ហ​បុរី​រក្សា​ភាព​ស្ងៀមស្ងាត់ និង​កុំ​ចលាចល​ជុំវិញ​ការ​រាលដាល​កូ​រ៉ូ​ណាវី​រុស​។ ការអំពាវនាវ​នេះ​ធ្វើឡើង បន្ទាប់ពី​អាជ្ញាធរ​សិង្ហ​បុរី​ដំឡើង​កម្រិត​អាសន្ន​ដើម្បី​ឆ្លើយតប​នឹង​វីរុស​ប្រភេទ​ថ្មី​នេះ ដែល​ធ្វើ​ឲ្យ​ប្រជាជន​សិង្ហ​បុរី​នាំគ្នា​ទៅ​ទិញ​សម្ភារ​ចាំបាច់​ទុក​រៀងៗ​ខ្លួន​។ បច្ចុប្បន្ននេះ ការឆ្លង​មេរោគ​កូ​រ៉ូ​ណា​វីរុស​នៅ​សិង្ហ​បុរី​បាន​ឡើងដល់​៤០​ករណី​ហើយ​។

 
​តាមរយៈ​សារ​ជា​វីដេអូ​មួយ លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង ប្រាប់​ប្រជាជន​សិង្ហ​បុរី​ឲ្យ​សម្រួល​អារម្មណ៍​ពួកគេ​ប្រឈមមុខ​នឹង​ការ​រាលដាល​កូ​រ៉ូ​ណាវី​រុស ព្រោះ​ស្ថានការណ៍​នៅ​សិង្ហ​បុរី​មិនទាន់​ដល់​ថ្នាក់​ត្រូវ​ឲ្យ​ប្រជាជន​ទិញ​ស្បៀង​ទុក​ឡើយ​។ លោក លី បានស្នើ​ឲ្យ​ប្រជាជន​ទាំងអស់ មាន​កម្លាំងចិត្ត និង​រួមគ្នា​ពុះពារ​បញ្ហា​មួយ​នេះ​។ 
 
​សិង្ហ​បុរី ជា​ប្រទេសមួយ​ដែលមាន​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​នេះដែរ​។ ដោយសារតែ​ការវិវត្ត​លឿន​ពេក​របស់​វីរុស អាជ្ញាធរ​សិង្ហ​បុរី នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ក៏​ដំឡើង​កម្រិត​ឆ្លើយតប​ជំងឺឆ្លង​របស់ខ្លួន​ដល់​ពណ៌​ទឹកក្រូច ដែលជា​កម្រិត​ខ្ពស់​មួយ តែ​មិនមែន​ខ្ពស់បំផុត​ឡើយ​។ កម្រិត​អាសន្ន​ពណ៌​ទឹកក្រូច​នេះ ត្រូវបាន​ប្រកាស​កាលពី​ការ​រាលដាល​ជំងឺ SARS និង​ផ្ដាសាយ​បក្សី​ផងដែរ​។ ក៏​ព្រោះហេតុនេះ ប្រជាជន​សិង្ហ​បុរី​ដែល​កំពុង​បារម្ភ​ក្នុង​ចិត្ត នាំគ្នា​ទៅ​ទិញ​សម្ភារ​ចាំបាច់ គ្រឿង​ហូបចុក មី និង​ក្រដាសអនាម័យ​។​
 
«​មិនមាន​ការចាំបាច់​ត្រូវ​ស្លន់ស្លោរ​ឡើយ​។ យើង​មិនបាន​បិទ​ទីក្រុង ឬ​ឲ្យ​ប្រជាជន​នៅក្នុង​ផ្ទះ​ឡើយ​។ យើង​មានការ​ផ្គត់ផ្គង់​គ្រប់គ្រាន់ ដូចនេះ​មិនចាំបាច់​ត្រូវ​ទិញ​មី អាហារ​កំប៉ុង ក្រដាសអនាម័យ​ទុក​ដូចដែល​ពលរដ្ឋ​ខ្លះ​បានធ្វើ​ឡើយ​។​» នេះ​ជាការ​អំពាវនាវ​របស់​លោក លី ក្នុង​វីដេអូ​ជា​ភាសា​អង់គ្លេស​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ​។ លោក​បន្តថា បើ​ស្ថានការណ៍​ប្រែប្រួល សិង្ហ​បុរី​នឹង​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​របស់ខ្លួន​ដើម្បី​ឆ្លើយតប​ឲ្យ​ទាន់ពេល​។​
 
​ជាមួយនឹង​ការកោតសរសើរ​វិធាន​ការ​របស់​រដ្ឋាភិបាល និង​ការចូលរួម​របស់​វិស័យ​ឯកជន​ផង​នោះ លោក លី ក៏​ស្នើសុំ​ការចូលរួម​ពី​ប្រជាជន​ដែរ​។ រក្សា​អនាម័យ​ផ្ទាល់ខ្លួន វាស់​កម្ដៅ​ពីរដង​ក្នុង​មួយថ្ងៃ បើ​មាន​អា​ការៈមិន​ស្រួលខ្លួន​ត្រូវ​ទៅ​ពេទ្យ ហើយ​ចៀសវាង​កន្លែង​កកកុញ ជា​អ្វី​ដែ​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​រូបនេះ​ចង់បាន​ពី​ប្រជាជន​របស់លោក ព្រោះ​វា​មិន​ត្រូវការ​កម្លាំងកាយ​អ្វី​ច្រើន​ដើម្បី​ធ្វើ ហើយ​បើ​អាច​ធ្វើបាន​ទាំងអស់គ្នា នឹង​ជួយ​ការទប់ស្កាត់​ការ​រាលដាល​កូ​រ៉ូ​ណាវី​រុស​មិន​ខាន​។​
 
​សូមបញ្ជាក់ថា ប៉ុន្មាន​ម៉ោង​ក្រោយ​ការចេញ​សារ​របស់លោក លី សិង្ហ​បុរី​ក៏​បញ្ជាក់​ពី​ការរកឃើញ​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ចំនួន​៧​ទៀត ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប​នៅ​ប្រទេស​នេះ​មាន​ចំនួន​៤០ ។ បើតាម​ការប្រកាស​រប​ស់​ក្រសួងសុខាភិបាល​សិង្ហ​បុរី ក្នុងចំណោម​ករណី​ឆ្លង​ទាំង​៤០ មាន​បួន​ករណី​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ ដោយ​ម្នាក់​ត្រូវ​បំពាក់​ឧបករណ៍​ជំនួយការ​ដកដង្ហើម​។ មនុស្ស​ពីរ​នាក់ ត្រូវបាន​ព្យាបាល ហើយ​ចាក​ចេញពី​មន្ទីរពេទ្យ ខណៈ​អ្នក​នៅសល់​មាន​សុខភាព​ល្អប្រសើរ​៕   
 
 

Tag:
 កូ​រ៉ូ​ណាវី​រុស​
  សិង្ហ​បុរី​
  លី សៀន​ឡុង
© រក្សាសិទ្ធិដោយ thmeythmey.com