អន្តរជាតិ
ប្រាយុទ្ធថា «បញ្ហាផ្ទាល់ខ្លួន»ជាដើមហេតុនៃការបាញ់ប្រហារដ៏ព្រៃផ្សៃសម្លាប់មនុស្ស ២៦នាក់
09, Feb 2020 , 1:37 pm        
រូបភាព
លោក ប្រាយុទ្ធ ចន្ទអូចា ថ្លែងទៅកាន់អ្នកកាសែតនៅក្រៅមន្ទីរពេទ្យនាខេត្តនគរាជសីមា (រូបភាព ៖ AFP)
លោក ប្រាយុទ្ធ ចន្ទអូចា ថ្លែងទៅកាន់អ្នកកាសែតនៅក្រៅមន្ទីរពេទ្យនាខេត្តនគរាជសីមា (រូបភាព ៖ AFP)
ដោយ: ថ្មីៗ
 ប្រមុខរដ្ឋាភិបាលថៃ លោក ប្រាយុទ្ធ ចន្ទអូចា អះអាងនៅថ្ងៃអាទិត្យទី ៩ ខែកុម្ភៈថា ដើមហេតុដែលនៅពីក្រោយករណីបាញ់ប្រហារដ៏ព្រៃផ្សៃមួយសម្លាប់មនុស្សអស់ជាង ២០ នាក់ នៅចុងសប្តាហ៍នេះគឺជាបញ្ហាផ្ទាល់ខ្លួនដែលទំនងទាក់ទងនឹងរឿងគំនុំ។ នេះបើតាម​ការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

ថ្លែងទៅកាន់អ្នកកាសែតនៅក្រៅមន្ទីរពេទ្យដែលជនរងគ្រោះទទួលការព្យាបាល  នាយករដ្ឋមន្ត្រីថៃ បានថ្លែងថា ខ្មាន់កាំភ្លើងដែលជាទាហាន ធ្វើសកម្មភាពបាញ់រះសម្លាប់មនុស្ស ២៦ នាក់នៅខេត្តនគរាជសីមា នៅរសៀលថ្ងៃ ៨ ខែកុម្ភៈគឺផ្តើមចេញពីបញ្ហាផ្ទាល់ខ្លួន។ 
 
លោកអះអាងថា បញ្ហាផ្ទាល់ខ្លួនរបស់បុគ្គលជាខ្មាន់កាំភ្លើងនោះគឺ ពាក់ព័ន្ធនឹងការលក់ផ្ទះមួយកន្លែង។ ប៉ុន្តែរឿងរ៉ាវលម្អិតបែបណានោះមិនត្រូវបានលោក លាតត្រដាងបន្ថែមឲ្យច្បាស់លាស់ឡើយ។  យ៉ាងណាមិញ នាយករដ្ឋមន្ត្រីរូបនេះបានប្រកាសជាសាធារណៈថា រឿងរ៉ាវដ៏អកុសលបែបនេះនឹងមិនអាចកើតឡើងជាថ្មីទៀតទេនៅថៃ។  
 
«វាជារឿងដែលមិនធ្លាប់កើតមានឡើយនៅក្នុងប្រទេសថៃ ហើយខ្ញុំចង់ឲ្យវាក្លាយជាពេលចុងក្រោយបង្អស់ដែលវិបត្តិបែបនេះកើតឡើង»។ លោក ប្រាយុទ្ធថ្លែងបែបនេះ។ 

តាមពិតទៅ ហេតុការណ៍នៃការបាញ់ប្រហារនេះកើតឡើងនៅរសៀលថ្ងៃសៅរ៍ទី ៨ខែកុម្ភៈ ដោយជនជាខ្មាន់កាំភ្លើងជាទាហាន មានឈ្មោះថា Jakraphanth Thomma វ័យ ៣២​ឆ្នាំ​ បានបាញ់សម្លាប់មេបញ្ជាការខ្លួន មុនបន្តលួចអាវុធពីបន្ទាយដើម្បីទៅធ្វើសកម្មភាពបាញ់ប្រហារនៅក្នុងទីតាំងផ្សារទំនើបខាងលើនេះ។ ការហ៊ុមព័ទ្ធទីតាំងកើតហេតុបន្តរហូតដល់ព្រឹកថ្ងៃអាទិត្យ ដោយសារមានមនុស្សជាច្រើនបានជាប់ក្នុងផ្សារ ខណៈខ្មាន់កាំភ្លើងនៅបន្តសកម្មភាពខ្លួន។ 

ក្រោយហ៊ុមព័ទ្ធទីតាំផ្សារទំនើបនេះ អស់ប្រហែល ១២ម៉ោង កងកម្លាំងសន្តិសុខ​បានបញ្ចប់ប្រតិបត្តិការរបស់ខ្លួនដោយបានបាញ់សម្លាប់ជនជាខ្មាន់កាំភ្លើងនេះ៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com