អត្ថបទពាណិជ្ជកម្ម
ហត្ថា​កសិករ លីមីត​ធី​ត បានរៀបចំ​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​២៣ ក្រោម​ប្រធានបទ​«​ឌីជីថល​នីយកម្ម​»
10, Feb 2020 , 11:27 am        
រូបភាព
ដោយ: ថ្មីៗ
​ខេត្តសៀមរាប ថ្ងៃ​សុក្រ ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២០៖ ហត្ថា​កសិករ លីមីត​ធី​ត  ដែល​គេ​ស្គាល់​ថា​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​ក្នុងប្រទេស​កម្ពុជា បានរៀបចំ​មហាសន្និបាត​ប្រចាំឆ្នាំ លើក​ទី​២៣ ក្រោម​ប្រធានបទ “​ឌីជីថល​នីយកម្ម​”  ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២០ ក្នុង​ខេត្តសៀមរាប​។ មហាសន្និបាត​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ភា​ហ៊ុ​និក ប្រធាន​ក្រុមប្រឹក្សាភិបាល សមាជិក​ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​សរុប​ប្រមាណ ៤០០​នាក់​។
 
​មហាសន្និបាត​ប្រចាំឆ្នាំ ត្រូវបាន​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង អបអរសាទរ​សមិទ្ធ​ផល​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៩  និង​បង្ហាញ​ពី​ផែនការ​យុទ្ធសាស្ត្រ  គោលដៅ ព្រមទាំង​ផែនការ​សម្រាប់​ឆ្នាំ​២០២០​។ បន្ថែម​ពីលើ​នេះ​ទៀត កម្មវិធី​ប្រចាំ​ឆ្នាំនេះ ក៏មាន​គោលបំណង​ក្នុងការ​ថ្លែងអំណរគុណ​ដល់​បុគ្គលិក​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​បំពេញការងារ​ដើម្បី​នាំ​ភាព​រីកចម្រើន និង​ជោគជ័យ​ដល់​ហត្ថា​កសិករ ព្រមទាំង​ផ្សារភ្ជាប់​ការតាំង​ចិត្ត ក្នុងការ​សម្រេច​ផែនការ​សម្រាប់​ឆ្នាំ​ថ្មី និង​ការបង្កើត​ឲ្យ​មានការ​ជួបជុំ រវាង​បុគ្គលិក​គ្រប់​ការិយាល័យ​សាខា ដើម្បី​បង្កើត​ទំនាក់ទំនង​ល្អ និង​ភាពសប្បាយ​រីករាយ​។​
 
​លោក ហួត អៀង​តុង ប្រធាន​អគ្គនាយក ហត្ថា​កសិករ លីមីត​ធី​ត បាន​មានប្រសាសន៍ថា​ឆ្នាំ​២០១៩ គឺជា​ឆ្នាំ​ប្រកបដោយ​ភាពជោគជ័យ​បំផុត សម្រាប់​ហត្ថា​កសិករ​ទាំងមូល ដោយ​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ ផលប័ត្រ​ឥណទាន និង​ប្រាក់ចំណូល​សរុប​ប្រចាំឆ្នាំ សម្រេចបាន​លើស​ផែនការ​ដែល​បានកំណត់​។ លោក​បាន​បន្ថែមថា ៖«​សម្រាប់​ឆ្នាំ​២០២០​នេះ  ហត្ថា​កសិករ នឹង​ប្រែ​មុខមាត់​ថ្មី​ដែល​ថ្នាក់​គ្រប់គ្រង​គ្រប់​ជាន់ថ្នាក់ និង​បុគ្គលិក​ទាំងអស់ ចាំបាច់​ត្រូវ​ត្រៀមខ្លួន​រួចជាស្រេច ក្នុង​ការចាប់​យកចំណេះ​ជំនាញ​បន្ថែម ទាក់ទង​នឹង​បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​បំពេញ​នូវ​តម្រូវការ និង​បម្រើ​ដល់​អតិថិជន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​»​។ 


 
​នាឱកាស​នេះដែរ លោក​បានបង្ហាញ​នូវ​សមិទ្ធផល​ដែល​សម្រេចបាន គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៩ ដែល​រួមមាន​ផលប័ត្រ​ឥណទាន​សម្រេចបាន ១,០៥១​ពាន់​លាន​ដុល្លារ​អាមេរិក សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ សរុប​ចំនួន ៥៩៩​លាន​ដុល្លារ​អាមេរិក ប្រាក់ចំណេញ​សុទ្ធ ២៨.៩០​លាន​ដុល្លារ​អាមេរិក ហើយ​ជាពិសេស​នោះ គឺ​ផលប័ត្រ​ឥណទាន ស្ថិតក្នុង​កម្រិត​ហានិភ័យ មាន​អត្រា​ទាប​ត្រឹមតែ​០.៣៧% ប៉ុណ្ណោះ​។​
 
​លោក Dan Harsono ប្រធាន​ក្រុមប្រឹក្សាភិបាល ហត្ថា​កសិករ លីមីត​ធី​ត បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ដល់​គណៈ​គ្រប់គ្រង និង​បុគ្គលិក​ហត្ថា​កសិករ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ ដើម្បី​សម្រេចបាន​សមិទ្ធផល​ដ៏​ល្អ ក្នុង​ឆ្នាំ ២០១៩»​។ លោក​បន្តថា​៖«​រយៈពេល​ជាង ៣​ឆ្នាំ​មកហើយ ដែល​ខ្ញុំ​បានធ្វើការ​ជាមួយ ហត្ថា​កសិករ លីមីត​ធី​ត ហើយ​ខ្ញុំ​នៅតែមាន​សុទិដ្ឋិនិយម​ខ្ពស់ ចំពោះ​ហត្ថា​កសិករ ដែល​សម្បូរ​ទៅដោយ​ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​ឆ្នើម មាន​ទេពកោសល្យ និង​មាន​សមត្ថភាព​ខ្ពស់​។ ដូច្នេះ​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា ហត្ថា​កសិករ នឹង​ទទួលបាន​សមិទ្ធផល​កាន់តែ​ល្អ​ថែមទៀត ក្នុង​ឆ្នាំ​២០២០​នេះ​»​។ 
 
​លោក Dan Harsono គូសបញ្ជាក់​បន្ថែមថា គោលដៅ​ចម្បង​ដែល​ធនាគារ​ក្រុង​ស្រ៊ី ចូលរួម​ជាមួយ ហត្ថា​កសិករ គឺ​ក្នុង​គោលបំណង​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា និង​ធ្វើ​ឲ្យ​ហត្ថា​កសិករ លីមីត​ធី​ត ក្លាយជា​ធនាគា​ពាណិជ្ជ ដែល​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុងពេល​ខាងមុខនេះ​។​
 
​លោក Seiichiro Akita ប្រធាន​អគ្គនាយក ធនាគារ​ក្រុង​ស្រ៊ី​នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ ដែលជា​ក្រុមហ៊ុន​អាណាព្យាបាល​របស់ ហត្ថា​កសិករ លីមីត​ធី​ត បានបង្ហាញ​ពី​អារម្មណ៍​សប្បាយរីករាយ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ ព្រមទាំង​កោតសរសើរ​ដល់​ក្រុមប្រឹក្សាភិបាល និង​ថ្នាក់​គ្រប់គ្រង​របស់​ហត្ថា​កសិករ ដែល​បាន​ដឹកនាំ​ហត្ថ​កសិករ​ឲ្យ​ទទួលបាន​សមិទ្ធផល​ដ៏​ត្រចះត្រចង់​។ លោក​បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​សូម​អរគុណ​ដល់​សមាជិក​ក្រុមប្រឹក្សាភិបាល​ទាំងអស់ ជាពិសេស​លោក​ឧកញ៉ា ហួត អៀង​តុង ដែល​បាន​ដឹកនាំ​ហត្ថា​កសិករ លីមីត​ធី​ត ឲ្យ​ទទួលបាន​ការរីកចម្រើន​ដូច​សព្វថ្ងៃនេះ​។ សមិទ្ធផល​ដ៏​ល្អ​អស្ចារ្យ​នេះ គឺ​ពិតណាស់​កើតឡើង​ពី​ការចូលរួម ការខិតខំ​ប្រឹងប្រែង និង​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​អ្នក​ទាំងអស់គ្នា​»​។​


 
​បើតាម​លោក Seiichiro Akita ធ​នានារ​MUFG ដែលជា​ធនាគារ​ធំជាងគេ​នៅ​ប្រទេស​ជប៉ុន និង​ធនាគារ​ក្រុង​ស្រ៊ី​នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ មាន​ចក្ខុវិស័យ​វែងឆ្ងាយ និង​ការតាំង​ចិត្ត​ខ្អ​ស់ ក្នុងការ​ចូលរួម​អភិវឌ្ឍ ប្រទេស​CLMV ដែល​រួមមាន​ប្រទេស​កម្ពុជា ប្រទេស​ឡាវ ប្រទេស​ភូមា និង​ប្រទេស​វៀតណាម ជាពិសេស​គឺ​ប្រទេស​កម្ពុជា និង​ប្រទេស​ផ្សេងៗ​ទៀត នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ លោក Seiichiro Akita បន្ត​ដោយ​ជឿជាក់ថា ហត្ថា​កសិករ នឹង​ក្លាយជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ ដែល​រឹងមាំ​ជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា ជាមួយគ្នា​នឹង​កេរ្តិ៍ឈ្មោះ​ដ៏​ល្បីល្បាញ របស់​ធនាគារ​ក្រុង​ស្រ៊ី និង​MUFG​។ លោក​បាន​បន្ថែមថា​៖«​កម្មវិធី​ថ្ងៃនេះ ផ្តោត​សំខាន់​ទៅលើ ឌីជីថល​នីយកម្ម ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់ សម្រាប់​គ្រប់​វិស័យ​នាពេល​បច្ចុប្បន្ន ហើយ​យើង​គ្រប់គ្នា ចាំបាច់​ត្រូវ​អភិវឌ្ឍ​ផែ្ន​ក​ឌីជីថល​ដើម្បី​ថែរក្សា និង​បន្ត​នូវ​គុណភាព​សេវាកម្ម ឲ្យ​កាន់តែ​ល្អប្រសើរ​ជូន​ដល់​ដល់​អតិថិជន​។ ខ្ញុំ​ពិតជា​ជឿជាក់ថា ហត្ថា​កសិករ​អាច​ជម្នះ និង​បន្តដំណើរ​ទៅមុខ ប្រកបដោយ​ភាពជោគជ័យ​កាន់តែខ្លាំង​ថែមទៀត​»​។​
 
​ហត្ថា​កសិករ លីមីត​ធី​ត មានបទពិសោធន៍​ជាង​២៦​ឆ្នាំ ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ក្នុងប្រទេស​កម្ពុជា​។ បច្ចុប្បន្ននេះ ហត្ថា​កសិករ លីមីត​ធី​ត មាន​ការិយាល័យ​សាខា​ចំនួន ១៧៧ ដើម្បី​បម្រើសេវា​ឥណទាន សេវា​ប្រាក់​បញ្ញើ​សន្សំ សេវា​ផ្ទេរប្រាក់​ក្នុងស្រុក សេវា​បើកប្រាក់​បៀរ​វត្ស និង​សេវា​ធនាគារ​ចល័ត​ជូន​អតិថិជន ព្រមទាំង​មាន​ទូ​អេ​ធី​អឹម​ចំនួន ១៣៧ នៅ​ទូទាំង ២៥ ខេត្ត​/​ក្រុង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ហត្ថា​កសិករ លីមីត​ធី​ត គឺជា​បុត្រ​សម្ព័ន្ធ​ធនាគារ​ក្រុង​ស្រ៊ី (Krungsri) ដែលជា​ធនាគារ ពាណិជ្ជ​ធំ​បំផុត​លំដាប់​ទី​៥ នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៏ និង​ជា​សមាជិក​របស់ MUFG ដែលជា​សម្ព័ន្ធ​ធនាគារ ធំជាងគេ​នៅ​ប្រទេស​ជប៉ុន និង​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​បំផុត​មួយ​នៅក្នុង​ពិភពលោក​៕














 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com