អន្តរជាតិ
អាជីវករ​ថៃ​៤​នាក់ ត្រូវបាន​ចាប់ខ្លួន​ក្រោយ​លក់​ម៉ាស់​លើស​ថៃ្ល​កំណត់
10, Feb 2020 , 10:59 pm        
រូបភាព
ប្រភពរូប៖ Phulet News
ប្រភពរូប៖ Phulet News
ដោយ:
​អាជីវករ​ថៃ​ចំនួន​៤​នាក់ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​សម្រាប់​ការលក់​ម៉ាស់​លើស​ថ្លៃ​ដែល​បាន​កំណត់ដោយ​គណៈកម្មាធិកា​រ​កណ្ដាល​សម្រាប់​តម្លៃ​នៃ​សេវាកម្ម​និង​ទំនិញ​ថៃ​។ ការដំឡើងថ្លៃ​បែបនេះ ធ្វើឡើង​ខណៈ​ពលរដ្ឋ​ភ័យ​បារម្ភ​ពី​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស ដែល​ផ្ទុះឡើង​ដំបូង​ក្នុង​ក្រុង​វូ​ហាន ខេត្ត ហូ​ប៉ី ប្រទេស​ចិន​។

 
​លេខាធិការ​អចិន្ត្រៃយ​ន៍​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ Boonyarit Kanlayanamit បានបញ្ជាក់​នៅ​ថ្ងៃ​ចន្ទ ទី​១០ ខែកុម្ភៈ ថា ការចុះ​ត្រួតពិនិត្យ​ទីផ្សារ បាន​ធ្វើឡើង​នៅក្រៅ​ទីក្រុង បាងកក ក្នុង​ខេត្ត​ចំនួន ៧៦ ពី​សំណាក់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ហើយ​គិត​មក​ត្រឹម​ថ្ងៃទី​៩ ខែកុម្ភៈ សមត្ថកិច្ច​បាន​ចាប់ខ្លួន​អាជីវករ​ចំនួន ៤ នាក់​ដែល​បំពាន​គោលការណ៍​លក់​ម៉ាស់​។ 
 
«​មនុស្ស ២​នាក់ គឺ​ស្ថិតក្នុង​ខេត្ត Phuket ម្នាក់​នៅ​ខេត្ត Chonburi និង​ម្នាក់ទៀត គឺ​នៅ Surat Thani»​។ លោក Boonyarit អះអាង​បែបនេះ ដោយ​បន្ថែមទៀតថា ពួកគេ ក្រោយមក ត្រូវបាន​បញ្ជូនទៅ​ឲ្យ​ប៉ូលិស ហើយ​បាន​ជាប់ចោទ​ពីបទ​ល្មើស​នឹង​ច្បាប់តម្លៃ​សេវាកម្ម​និង​ទំនិញ​ថៃ​។ តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ The Nation លោក សង្កត់ធ្ងន់ថា ក្រោម​ច្បាប់​នេះ ពួកគេ ប្រឈម​នឹង​ការបង់​ពិន័យ​ជា​ប្រាក់ ជាង ៤៤០០ ដុល្លារ ឬ​ជាប់ពន្ធនាគារ​រហូតដល់ ៧ ឆ្នាំ ឬ​ទាំងពីរ​។​
 
​ជាមួយគ្នានេះដែរ លោក​លេខាធិការ​អចិន្ត្រៃយ៍​រូបនេះ បាន​បន្ថែមទៀតថា មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ក៏​បានចេញ​សេចក្តីណែនាំ​ដល់​អាជីវ​ករលក់​ម៉ាស់​នានា​ឲ្យ​គោរព​តឹងរ៉ឹង​ចំពោះ​គោលការណ៍​នៃ​ច្បាប់តម្លៃ​នៃ​សេវាកម្ម​និង​ទំនិញ​ថៃ ដែល​រួមមាន កុំ​ដំឡើង​តម្លៃ​ដោយ​គ្មាន​មូលហេតុ​សមរម្យ និង​កុំ​ប្រមូល​ទំនិញ​ដាក់​ស្តុក​ច្រើន នៅពេល​តម្រូវការ​ខ្ពស់ ក៏ដូចជា​ការបញ្ជាក់​ត​ម្លៃ​ឲ្យ​ច្បាស់ៗ​លើ​ធ្នើរ​ដាក់លក់​ទំនិញ​ផងដែរ​។​
 
​តាម​សារព័ត៌មាន The Nation លោក បន្តទៀតថា មន្ត្រី​ជំនាញ នឹង​ចុះទៅ​ត្រួតពិនិត្យ​ទីផ្សារ​តាម​ខេត្ត​របស់​ពួកគេ​រៀងៗ​ខ្លួន ជា​រៀងរាល់ថ្ងៃ ហើយ​កំពុង​តាមដាន​តម្លៃ​ម៉ាស់ ទឹក​លាងដៃ និង​សម្ភារ​វេជ្ជសាស្ត្រ​ផ្សេងៗ​ទៀត​យ៉ាង​ដិតដល់​បំផុត​។ លោក សង្កត់ធ្ងន់ថា នេះ​ជាការ​ដាក់​បញ្ជា​ដោយផ្ទាល់​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម Jurin Laksanawisit៕

Tag:
 ថៃ​
  ម៉ាស់​
  ក្រសួងពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com