ស្វាយរៀង៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានដាក់សម្ពោធអគារបណ្ណាល័យថ្មីមួយខ្នង នៅសាលាបឋមសិក្សាសំរោង ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ឆ្នាំ២០២០។ បណ្ណាល័យនេះ កសាងឡើងដោយប្រើប្រាស់ថវិការបស់ប្រាសាក់ និងមូលនិធិ CVC ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ និងបណ្ដុះវប្បធម៌អាននៅកម្ពុជា។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស៊ុន ប៊ុណ្ណា ប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា, លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា ជាតំណាងអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង, លោក ពិន ដារ៉ា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង និងលោក អ៊ុំ សមអឿន អនុប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់។ កម្មវិធីនេះ ក៏មានការចូលរួមផងដែរ ពីព្រះសង្ឃ អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរយនាក់នៅក្នុងសហគមន៍។
ថ្លែងក្នុងពិធីនោះ លោក ថន ថាវុទ្ធា បានឡើងថ្លែងមតិស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានរបស់គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួមពិធីនៅថ្ងៃនេះ និងបានថ្លែងអំណរគុណចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដែលបានផ្ដល់មូលនិធិសាងសង់អគារបណ្ណាល័យ ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ និងបណ្ដុះវប្បធម៌អាននៅក្នុងទឹកដីស្រុកចន្ទ្រា ខេត្តស្វាយរៀង។ នេះគឺជាកាយវិការដ៏សប្បុរស ដ៏គួរឱ្យកោតសរសើរក្រៃលែងរបស់ប្រាសាក់ នៅក្នុងកិច្ចការសង្គម ដែលបានផ្ដល់នូវសមិទ្ធផល ដែលមិនអាចកាត់ថ្លៃបាននេះ។
ចំណែកលោក អ៊ុំ សមអឿន អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា ការសាងសង់អគារបណ្ណាល័យនេះ គឺជាការងារដែលប្រាសាក់ ធ្វើឡើងដើម្បីផ្តល់ជាប្រយោជន៍ជូនដល់សង្គម ដោយចូលរួមបណ្ដុះវប្បធម៌អាន និងលើកកម្ពស់សមត្ថភាពរបស់សិស្សានុសិស្ស ដែលជាកូនជាចៅ របស់ប្រជាពលរដ្ឋនៅតាមសហគមន៍នានា ដែលប្រាសាក់បានធ្វើប្រតិបត្តិការ ដើម្បីជាការតបស្នង ចំពោះការគាំទ្រ និងប្រើប្រាស់ផលិតផល និងសេវាប្រាសាក់។ ជាក់ស្ដែងនៅក្នុងខេត្តស្វាយរៀង ប្រាសាក់ បានផ្ដល់ជាអគារបណ្ណាល័យចំនួន២ ក្នុងនោះបណ្ណាល័យមួយខ្នង ស្ថិតក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យម្រាម ស្ថិតក្នុងភូមិម្រាមខាងត្បូង ឃុំម្រាម ស្រុករមាសហែក ត្រូវបានសាងសង់រួច ប៉ុន្តែមិនទាន់បំពាក់សម្ភារនៅឡើយ។ ចំណែកឯ បណ្ណាល័យមួយទៀត គឺបណ្ណាល័យនៅសាលាបឋមសិក្សា សំរោង ដែលកំពុងសម្ពោធនាឱកាសនេះ។ លោកបន្តថា នៅក្នុងគម្រោងបណ្ណាល័យសាលាសំរោងនេះ ប្រាសាក់ និងមូលនិធិ CVC បានផ្ដល់ជាថវិកា ក្នុងការកសាងជាអគារបណ្ណាល័យ ការបំពាក់សៀវភៅ សម្ភារ បរិក្ខារ ការបណ្ដុះបណ្ដាលបណ្ណារក្ស និងការគាំទ្រគម្រោងរយៈពេល៣ ឆ្នាំ។
ជាសំណូមពរ លោកសង្ឃឹមថាគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានប្រជាពលរដ្ឋជាអតិថិជន អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធ នឹងបន្តការគាំទ្រប្រាសាក់ តទៅទៀតក្នុងថ្ងៃអនាគត ដើម្បីប្រាសាក់មានលទ្ធភាពកាន់តែច្រើន ក្នុងការជួយដល់សង្គមជាតិ។
ថ្លែងក្នុងឱកាសនេះ លោក ស៊ុន ប៊ុណ្ណា ប្រធាននាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា និងជាតំណាងក្រសួងអប់រំ យុវជន និងកីឡា បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ដែលបានផ្ដល់មូលនិធិ និងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងគម្រោងបណ្ណាល័យ ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ ស្របតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចយកវិស័យអប់រំជាអាទិភាព។ ប្រាសាក់ គឺជាដៃគូដ៏ល្អ ក្នុងការលើកកម្ពស់វិស័យអប់រំ។ លោកបានសំណូមពរឱ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ និងមាតាបិតាសិស្ស ជួយថែរក្សា និងប្រើប្រាស់បណ្ណាល័យនេះ ឱ្យអស់ពីលទ្ធភាព ដោយជំរុញឱ្យមានការអានឱ្យបានច្រើនផុសផុល ដើម្បីបង្កើនបំណិនជីវិត ចំណេះដឹង និងសមត្ថភាពឱ្យបានទូលំទូលាយ។ លោកបញ្ជាក់ថា ការអានសៀវភៅ ធ្វើឱ្យយើងមានចំណេះដឹង ដើម្បីកសាងជីវភាពបានធូរធារ ចេះថែរក្សាសុខភាព និងគិតគូរបានវែងឆ្ងាយ។ អាស្រ័យហេតុនេះ មាតាបិតាសិស្ស ត្រូវបញ្ជូនកូនទៅរៀនឱ្យបានគ្រប់គ្នា និងឱ្យបានរៀនវែងឆ្ងាយ កុំបោះបង់ចោលការសិក្សា និងការអានសៀវភៅ ហើយទាំងអស់គ្នា ត្រូវជួយថែរក្សាបណ្ណាល័យនេះ ឱ្យបានគង់វង្សយូរអង្វែងរាប់ជំនាន់ទៅមុខទៀត។
សូមបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ២០១៩នេះ គម្រោងបណ្ណាល័យ ប្រាសាក់ ដាក់ឱ្យប្រើប្រាស់ និងកំពុងសាងសង់ចំនួន ៤១ អគារ គ្របដណ្តប់លើភូមិចំនួន 455 ដែលមានចំនួនគ្រួសារសរុប 98,613 គ្រួសារ មានប្រជាជនសរុបចំនួន 404,559 នៅក្នុង 13 ខេត្តរួមមាន កំពង់ស្ពឺ កំពង់ចាម កណ្ដាល ព្រៃវែង កំពង់ធំ សៀមរាប តាកែវ ព្រះវិហារ បាត់ដំបង ស្វាយរៀង បន្ទាយមានជ័យ កែប និងពោធិ៍សាត់ និងមានសិស្សានុសិស្ស ដែលទទួលផលផ្ទាល់ពីគម្រោងបណ្ណាល័យនេះចំនួន 110,120 នាក់។
អំពីប្រាសាក់ និងគម្រោងបណ្ណាល័យប្រាសាក់
ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលំដាប់ទីមួយក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងជាស្ថាប័នមួយក្នុងចំណោមធនាគារធំៗទាំង 5 នៅកម្ពុជា ដោយផ្តល់សេវាហិរញ្ញវត្ថុជូនដល់អតិថិជន រួមមាន៖ សេវាឥណទាន ប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង សេវាហិរញ្ញវត្ថុឌីជីថល ផ្ទេរប្រាក់ ដកប្រាក់តាមម៉ាស៊ីនអេធីអឹមប្រាសាក់ទោះជាគ្មានប័ណ្ណអេធីអឹម ប្តូរប្រាក់ ទិញកាតទូរស័ព្ទ បើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត ម៉ាស៊ីនដាក់ប្រាក់ សេវាខេមបូឌានស៊ែរស្វ៊ីច (CSS) សេវាទូទាត់ប្រព័ន្ធបាគង និងសេវាហិរញ្ញវត្ថុដទៃផ្សេងៗទៀត ជាមួយនឹងបណ្តាញការិយាល័យជិត 200 ទីតាំង ព្រមទាំងបុគ្គលិកជាង 9,000 នាក់។
ស្របតាមទស្សនវិស័យ និងបេសកកម្មរបស់ខ្លួន ក៏ដូចជាដើម្បីថ្លែងអំណរគុណចំពោះអតិថិជនដែលបានគាំទ្រនិងប្រើប្រាស់ផលិតផលនិងសេវារបស់ប្រាសាក់នាពេលកន្លងមក ប្រាសាក់បានបង្កើតនិងចូលរួមកម្មវិធីសង្គមជាច្រើន ដូចជា កម្មវិធីជំនួយសង្គ្រោះបន្ទាន់សម្រាប់គាំពារអតិថិជនដែលទទួលរងផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិនិងគ្រោះថ្នាក់ផ្សេងៗ កម្មវិធីមនុស្សធម៌ និងការឧបត្ថម្ភសកម្មភាពសង្គមនានា ជាពិសេសនោះគឺការចូលរួមចំណែកបណ្ដុះវប្បធម៌អាន តាមរយៈ «គម្រោងបណ្ណាល័យប្រាសាក់»។
(អត្ថបទពាណិជ្ជកម្ម)