អន្តរជាតិ
លើ​នាវា Diamond Princess រកឃើញ​អ្នក​ផ្ទុក COVID-19 ឡើងដល់​១៧៥​នាក់​
12, Feb 2020 , 10:31 am        
រូបភាព
នាវាទេសចរណ៍ Diamond Princess។ រូបភាព៖ Reuters
នាវាទេសចរណ៍ Diamond Princess។ រូបភាព៖ Reuters
​រដ្ឋមន្ត្រី​សុខាភិបាល​ជប៉ុន លោក Katsunobu Kato នៅ​ថ្ងៃទី​១២ ខែកុម្ភៈ បាន​បញ្ជាក់ថា ជប៉ុន​បាន​រកឃើញ​អ្នក​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19) ចំនួន ៤០​នាក់​បន្ថែមទៀត បន្ទាប់​ឃាត់ទុក​តាំងពី​ថ្ងៃទី​៣ ខែកុម្ភៈ​កន្លងមក​។ ការណ៍​នេះ ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​លើ​នាវា​កម្សាន្ត​នេះហើយ​ដល់​១៧៥​នាក់​។​


 
​បើតាម​ការអះអាង​រប​ស់​រដ្ឋមន្ត្រី​សុខាភិបាល​ជប៉ុន លោក Katsunobu Kato​ប្រាប់​អ្នកកាសែត អាជ្ញាធរ​ជប៉ុន បានធ្វើ​រោគវិនិច្ឆ័យ​ជនសង្ស័យ​ផ្ទុក​វីរុស​ចំនួន ៥៣​នាក់​ទៀត ហើយ​ក្នុងចំណោម​នោះគេ​បាន​រកឃើញ​អ្នកជំងឺ​ផ្ទុក​វីរុស​ប្រភេទ​ថ្មី​ចំនួន ៤០​នាក់​។ លោក​រដ្ឋមន្ត្រី​បាន​បន្តថា សូម្បីតែ​មន្ត្រី​នៅ​មជ្ឈមណ្ឌល​ច​ត្តា​ឡី​ស័ក​ម្នាក់ ក៏បាន​ឆ្លង​វីរុស​នេះ ដែរ​។ 
 
​តាមរយៈ​ស្ថានភាព​អ្នកជំងឺ​ទាំងអស់ មានតែ​មនុស្ស ៤​នាក់​ប៉ុណ្ណោះ ដែល​កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ និង​បានដាក់​នៅ​កន្លែង​មើលថែ​យ៉ាង​យកចិត្តទុកដាក់​។ ស្ថានភាព​របស់​អ្នក​ទាំង ៤​នាក់​នេះ ត្រូវការ​ជំនួយ​ពី​ឧបករណ៍​អុកស៊ីសែន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP​។ 
 
​ដើម្បី​ទប់ស្កាត់​ជំងឺឆ្លង​ទៅដល់​ប្រជ​ន​ជប៉ុន​ផ្សេងទៀត អាជ្ញាធរ​ជប៉ុន​បាន​ឃាត់ទុក​នាវា Diamond Princess រយៈពេល ១៤​ថ្ងៃ​សិន ដើម្បី​តាមដាន​ស្ថានភាព​អ្នកដំណើរ​ទាំងអស់​នៅលើ​នាវា ពោលគឺ​ជប៉ុន ត្រូវ​ឃាត់ទុក​នាវា​មួយ​នេះ​រហូតដល់​ថ្ងៃទី​១៩ ខែកុម្ភៈ​។ ចំណែក​អ្នកដំណើរ​នៅក្នុង​នាវា ក៏​គេ​មិនអាច​ចាកចេញ​ពី​នាវា​នេះ​ផងដែរ​។ ចំណែក​មនុស្ស ដែលមាន​វត្តមាន​នៅក្នុង​នាវា​ទាំងអស់ ត្រូវបាន​អាជ្ញាធរ​ជប៉ុន ស្នើ​ឲ្យ​ពាក់​ម៉ាស់​គ្រប់ៗ​គ្នា និង​នៅ​ឲ្យ​ឆ្ងាយ​ពីគ្នា​ពេល​អ្នក​ទាំងនោះ​ចេញពី​ក្រៅ​បន្ទប់​។ 
 
​សូមបញ្ជាក់ថា Diamond Princess ត្រូវបាន​អាជ្ញាធរ​ជប៉ុន ឃាត់ទុក​នា​ថ្ងៃទី​៣ ខែកុម្ភៈ​កន្លងមក​ម្លេះ បន្ទាប់ពី​រកឃើញ​បុរស​មកពី​ហុងកុង​ម្នាក់​មាន​ផ្ទុក​វីរុស​ប្រភេទ​ថ្មី​នេះ​។ ចាប់តាំងពី​ឃាត់ទុក​នាវា​ទេសចរណ៍​មួយ​នេះ នា​កំពង់ផែ Yokohama អាជ្ញាធរ​ជប៉ុន បាន​រកឃើញ​អ្នក​ផ្ទុក​វីរុស​នេះ​ជា​បន្តបន្ទាប់​៕ 

Tag:
 ជប៉ុន​
  កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com