ដោយសារ COVID-19 ជម្រុះ AFC Cup នៅ​អាស៊ី​បូព៌ា ត្រូវ​ពន្យា​ពេល​ដល់​ខែមេសា​
កីឡាអន្តរជាតិ
អន្តរជាតិ
ដោយសារ COVID-19 ជម្រុះ AFC Cup នៅ​អាស៊ី​បូព៌ា ត្រូវ​ពន្យា​ពេល​ដល់​ខែមេសា​
12, Feb 2020 , 12:19 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) បានសម្រេច​ពន្យា​ពេល​រាល់​ការប្រកួត​ទាំងអស់​ដែល​រួមមាន​ទាំង AFC Cup និង AFC Champions League ដែល​ធ្វើឡើង​នៅ​អាស៊ី​បូព៌ា រហូតដល់​ខែមេសា ដោយសារតែ​មានការ​ព្រួយបារម្ភ​ខ្លាំង​អំពី​មេរោគ​ឆ្លង​កូ​រ៉ូ​ណាវី​រុស «COVID-19»​។​


 
​ជុំវិញ​បញ្ហា​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី បានធ្វើ​ឲ្យ​ប្រទេស​ជាច្រើន​ដាក់​កម្រិត​លើ​ការធ្វើដំណើរ​ក្នុង​គោលបំណង​ការពារ​នៃ​ការរីក​រាលដាល​នៃ​មេរោគ​ដ៏​កាច​សហាវ​នេះ​។​
​ក្នុងការ​ប្រកួត​ជម្រុះ​បឋម និង​ប្រកួត​ជម្រុះ​តាម​ពូ​ល​នៃ​ពានរង្វាន់ AFC Cup 2020 សម្រាប់​ក្រុម​មកពី​តំបន់​អាស៊ី​បូព៌ា (​ហុងកុង ម៉ា​កាវ តៃវ៉ាន់ ម៉ុង​ហ្គោ​លី​) នឹងត្រូវ​ពន្យា​ពេល ហើយ​ត្រូវ​ចាប់ផ្តើម​ការប្រកួត​វិញ​ពីថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២០​។ ដោយឡែក​ការប្រកួត​នៅ​តំបន់​ផ្សេង ដូចជា​តំបន់​អាស៊ាន​ដែលមាន​ក្រុម​ពី​លី​គ​កំពូល​កម្ពុជា​ព្រះខ័ន​រាជ​ស្វាយរៀង​ចូលរួម​នោះ​នៅ​បន្ត​ការប្រកួត​តាម​ការគ្រោងទុក​ដដែល​។​
 
«​ដោយ​ពិចារណា​លើ​ស្ថានភាព​ជាក់ស្តែង អំពី​ការរីក​រាលដាល់​កូ​រ៉ូ​ណា​វីរុស​ដ៏​ខ្លាំងក្លា ស្ថាប័ន AFC បានសម្រេច​ថា​ជំនួប​នៃ​ពានរង្វាន់ AFC Cup 2020 នៅ​តំបន់​អាស៊ី​បូព៌ា នឹងត្រូវ​ពន្យារពេល​»​។ នេះ​ជាការ​បញ្ជាក់​របស់ AFC​។​
 
​កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ AFC ក៏បាន​ប្រកាស​ដែលថា ការប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ពានរង្វាន់ AFC Champions League ដែលមាន​ការចូលរួម​ពី​ក្លិប​ចិន ចំនួន​៣​ប្រកួត​ដំបូង​ក៏ត្រូវ​ពន្យារពេល​ផងដែរ​។​
 
​ដោយឡែក នៅ​ប្រទេស​វៀតណាម​ឯណោះ​ក៏បាន​លុបចោល​រាល់​ព្រឹត្តិការណ៍​កីឡា​ទាំងអស់​នៅ​ដើមខែ​កុម្ភៈ​នេះដែរ ដោយសារតែ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) និង​ថែមទាំង​បង្ខំ AFC ផ្លាស់ប្តូរ​កាល​វិភា​គប្រ​កួត​ក្នុងផ្ទះ​សម្រាប់​ក្លិប​របស់​វៀតណាម​ផង​។​
 
​ការប្រកួត​កីឡាវាយកូនគោល​ពិភពលោក​ផ្នែក​នារី​នៅ​សិង្ហ​បុរី និង​ព្រឹត្តិការណ៍ LPGA ប្រទេស​ថៃ​ក៏ត្រូវ​បាន​លុបចោល​ផងដែរ​ដោយសារតែ​មានការ​ព្រួយបារម្ភ​អំពី​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​។​
 
​បើ​គិត​ត្រឹម​ម៉ោង​៩ និង​២០​នាទី ព្រឹក​ថ្ងៃ​ពុធ ទី​១២ ខែកុម្ភៈ​នេះ អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ឡើងដល់​នាក់​១១១៥​នាក់​ហើយ ។ តួលេខ​នេះ កើន​ពី​ចំនួន​១០១៨​នាក់ កាលពី​ថ្ងៃ​ម្សិលមិញ​។ ករណី​ស្លាប់​នៅក្រៅ​ប្រទេស​ចិន មានតែ​១​ករណី​ប៉ុណ្ណោះ​នៅ​ហ្វីលីពីន និង​១​ករណី​ទៀត​នៅ​ហុងកុង ដែលជា​តំបន់​រដ្ឋបាល​ពិសេស​របស់​ចិន​៕​

Tag:
 COVID-19
  កូ​រ៉ូ​ណាវី​រុស​
  AFC Cup
© រក្សាសិទ្ធិដោយ thmeythmey.com