អន្តរជាតិ
សភា​អឺរ៉ុប អនុម័ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម​
13, Feb 2020 , 8:19 pm        
រូបភាព
ទិដ្ឋភាពកិច្ចប្រជុំសភាអឺរ៉ុប។ រូបភាព AFP
ទិដ្ឋភាពកិច្ចប្រជុំសភាអឺរ៉ុប។ រូបភាព AFP
​សភា​អឺរ៉ុប នៅ​ថ្ងៃទី​១២ ខែកុម្ភៈ បានអនុម័ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម ដែល​នឹង​កាត់បន្ថយ​របាំង​ពន្ធគយ​ស្ទើរ​ទាំងស្រុង​ក្នុង​ការរកស៊ី​ទ្វេភាគី​។ គណៈកម្មការ​អឺរ៉ុប បាន​ស្វាគមន៍​ការអនុម័ត​កិច្ចព្រមព្រៀង​នេះ​។ គ្រោង​ចូល​ធរមាន​ក្នុង​ឆ្នាំ​២០២០​នេះ កិច្ចព្រមព្រៀង​នេះ តម្រូវ​ឲ្យ​វៀតណាម​គោរព​សិទ្ធិ​កម្មករ ការពារ​បរិស្ថាន និង​អនុវត្តតាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ​ផងដែរ​។

 
​សមាជិកសភា​អឺរ៉ុប​ចំនួន​៤០១​នាក់ បាន​បោះឆ្នោត​គាំទ្រ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​សហភាព​អឺរ៉ុប​-​វៀតណាម ដែល​នឹង​កាត់បន្ថយ​ការយកពន្ធ​ដល់​អត្រា​សូន្យ​លើ​ទំនិញ​ដែល​នាំចេញ​នាំចូល​រវាង​ភាគី​ទាំងពីរ​។ ក្នុង​កិច្ចប្រជុំ​ថ្ងៃទី​១២ ខែកុម្ភៈ សមាជិកសភា​អឺរ៉ុប​ចំនួន​១៩២​នាក់ ក៏បាន​បោះឆ្នោត​ប្រឆាំង ខណៈ​៤០​នាក់​ទៀត បោះ​អនុប្បវាទ​។ បញ្ហា​សិទ្ធិមនុស្ស និង​ការគោរព​សិទ្ធិ​កម្មករ​ជាដើម ជា​អ្វីដែល​សមាជិកសភា​អឺរ៉ុប​នៅតែ​បារម្ភ​។ 
 
​គណៈកម្មកា​អឺរ៉ុប​ដែល​ចរចា​ជាមួយ​ទីក្រុង​ហាណូយ បាន​ស្វាគមន៍​ការអនុម័ត​នេះ​។ ក្រោយ​ការអនុម័ត​របស់​សភា​អឺរ៉ុប ដល់​វេន​សភា​វៀតណាម​ផ្ដល់​សច្ចាប័ន​ម្ដង​មុន នឹង​ចូល​ធរមាន​ក្នុង​ឆ្នាំ​២០២០ នេះ​។ បន្ទាប់មក សមាជិក​សហភាព​អឺរ៉ុប ផ្ដល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ​មួយ​ដំណាក់កាល​ទៀត​។ ក្រោយ​ទទួលបាន​ការយល់ព្រម​ពី​រដ្ឋ​សមាជិក​ហើយ កិច្ចព្រមព្រៀង​នេះ នឹង​ចូល​ជំនួស​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម និង​ប្រទេស​សមាជិក​ចំនួន​២១​ទៀត​។​
 
​ទាក់ទង​ក្ដីបារម្ភ​សិទ្ធិមនុស្ស និង​បរិស្ថាន​វិញ គណៈកម្មកា​អឺរ៉ុប​បញ្ជាក់​ក្នុងការ​សេចក្ដីប្រកាស​ព័ត៌មាន​ថ្ងៃទី​១២ ខែកុម្ភៈ​ថា កិច្ចព្រមព្រៀង​នេះ នឹង​ធានា​ការគោរព​សិទ្ធិ​កម្មករ ការការពារ​បរិស្ថាន និង​ការគោរព​តាម​កិច្ចព្រមព្រៀង​បម្រែបម្រួល​អាកាសធាតុ​ឆ្នាំ​២០១៥ តាមរយៈ​យន្តការ​ដែលមាន​ចំណង​ផ្នែក​ច្បាប់ និង​ការប្ដេជ្ញាចិត្ត​លើ​ការអភិវឌ្ឍ​ដោយ​ចីរភាព​។ 
 
«​កិច្ចព្រមព្រៀង​អឺរ៉ុប​-​វៀតណាម មាន​សក្ដានុពល​សេដ្ឋកិច្ច​ធំធេង ជា​ជ័យជម្នះ​សម្រាប់​អ្នកប្រើប្រាស់ កម្មករ កសិករ និង​ធុរកិច្ច​។ ហើយ​វា​ទៅ​ហួស​ពី​ផលប្រយោជន៍​សេដ្ឋកិច្ច​។ វា​បង្ហាញ​ដែរ​ថា គោលនយោបាយ​ពាណិជ្ជកម្ម អាចជា​កម្លាំង​ដើម្បី​ភាពល្អប្រសើរ​។​» នេះ​ជាការ​លើកឡើង​របស់​ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប Phil Hogan ដែល​បន្តថា វៀតណាម​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​ជំរុញ​សិទ្ធិ​ពលករ​របស់ខ្លួន​តាមរយៈ​ការជជែក​ជាមួយ​អឺរ៉ុប​។​
 
​សូមបញ្ជាក់ថា វៀតណាម ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​ទី​ពីរ​របស់​សហភាព​អឺរ៉ុប​នៅ​តំបន់​អាស៊ាន​បន្ទាប់ពី​សិង្ហ​បុរី​។ ការដោះដូ​ទំនិញ​ក្នុង​មួយ​ឆ្នាំមាន​ទំហំ​៤៩,៣​ពាន់​លាន​អឺរ៉ូ ខណៈ​ពាណិជ្ជកម្ម​ផ្នែក​សេវាកម្ម​មាន​ចំនួន​៤,១​ពាន់​លាន​ដុល្លារ​ផងដែរ​។ ការនាំចេញ​របស់​អឺរ៉ុប​ទៅ​វៀតណាម​រួមមាន​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច​, យន្តហោះ រថយន្ត និង​ថ្នាំពេទ្យ ឯ​ការនាំចេញ​របស់​វៀ​ត​ណា​ម​រួមមាន​ស្បែកជើង សម្លៀកបំពាក់ កាហ្វេ អង្ករ និង​គ្រឿង​សមុទ្រ​ជាដើម​៕ 

Tag:
 អឺរ៉ុប​
  វៀតណាម​
  EU
© រក្សាសិទ្ធិដោយ thmeythmey.com