អន្តរជាតិ
COVID-19៖ ហុងកុង​បន្ត​បិទ​សាលារៀន​ដល់​ពាក់កណ្តាល​ខែមីនា
13, Feb 2020 , 9:19 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​ហុងកុង នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ បានសម្រេច​បិទ​សាលា​រៀប​បណ្តោះអាសន្ន​រហូតដល់​ពាក់កណ្តាល​ខែមីនា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ COVIN-19 ដែល​បណ្តាលមកពី​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​។ ក្រៅពីនេះ អាជ្ញាធរ​ហុងកុង បាន​អំពាវនាវ​ឲ្យ​សិស្ស​ទាំងអស់ ជៀសវាង​ការជួបប្រជុំគ្នា​នៅតាម​ទីសាធារណៈ​។


 
​ទីក្រុង​ហុងកុង បានចេញ​ចំណាត់ការ​ថ្មី​មួយទៀត ដើម្បី​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ការរីក​សាយភាយ​នៃ​ជំងឺ COVID-19​។ តាមរយៈ​ចំណាត់ការ​នេះ រដ្ឋលេខាធិការ​អប់រំ​ហុងកុង Kevin Yeung បាន​លើកឡើងថា សាលាបឋមសិក្សា និង​អនុវិទ្យាល័យ នឹងត្រូវ​ពន្យារពេល​រហូតដល់​ពាក់​កណ្តាល​ខែមីនា បន្ទាប់ពី​វិស្សមកាល​សិក្សា​បានបញ្ចប់​។ ពីដំបូង ហុងកុង​សម្រេច ពន្យារពេល​បិទ​សាលារៀន​ត្រឹម​ថ្ងៃទី​២ ខែមីនា ប៉ុណ្ណោះ ប៉ុន្តែ​ស្ថានការណ៍​នៃ​ជំងឺ COVID-19 កាន់តែ​វិ​វត្ត​ខ្លាំង​ឡើង ទើប​ហុងកុង​សម្រេច​ពន្យារពេល​បន្ថែម​ទៀត ។ 
 
​បន្ថែម​ពីលើ​នេះ លោក Yeung បាន​អំពាវនាវ​ឲ្យ​សិស្ស​ទាំងអស់ ដែល​មកពី​ចិនដីគោក និង​តំបន់​ផ្សេងទៀត​មិនចាំបាច់​ប្រញាប់​ត្រលប់មក​សិក្សា​នៅ​ហុងកុង​វិញ​ពេក​ទេ ជាពិសេស​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ និង​ជៀសវាង​ពី​ការជួបប្រជុំ​ទាំងឡាយ ដើម្បី​ការពារ​ពី​ការឆ្លង​នៃ​កូ​រ៉ូ​ណាវី​រុស​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​ក្រៅពី​បិទ​សាលា​បណ្តោះអាសន្ន មាន​សាលារៀន​ជាច្រើន​នៅក្នុង​ទីក្រុង​ហុងកុង បាន​ប្តូរ​ទៅ​រៀន​តាម​អន​ឡាញ​វិញ​។ គិត​មក​ត្រឹម​ពេលនេះ ហុងកុង មាន​ករណី​អ្នក​កើត​ជំងឺ COVID-19 ៥០​ករណី និង​មាន ១​ករណី បាន​បាត់​បង់ជីវិត​។ 
 
​កន្លងមក​ហុងកុង បាន​បិទ​ព្រំដែន​ជា​ចិនដីគោក​មួយផ្នែក​ហើយ ខណៈពេល​ប្រជាជន​ហុងកុង​អំពាវនាវ​ឲ្យ​បិទ​ទាំងស្រុង​។ បើតាម​លោកស្រី​ប្រធាន​ប្រតិបត្តិ ការី ឡាំ បាន​បញ្ជាក់ថា ហុងកុង មិនអាច​បិទ​ព្រំដែន​ទាំងស្រុង​ជាមួយ​ចិន​ទាំងស្រុង​បានទេ ព្រោះ​វា​ជា​រូប​ភាពមិន​សមរម្យ ការរើសអើង និង​មិនអាច​អនុវត្តបាន​៕ 

Tag:
 ហុងកុង​
  ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com