គ្រូ Ajax៖ Ziyech នឹងចូលរួម​ជាមួយ Chelsea រដូវ​កាល​ក្រោយ​ក្នុងតម្លៃ​ផ្ទេរ​៥០​លាន​ដុល្លារ​
កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Ajax៖ Ziyech នឹងចូលរួម​ជាមួយ Chelsea រដូវ​កាល​ក្រោយ​ក្នុងតម្លៃ​ផ្ទេរ​៥០​លាន​ដុល្លារ​
13, Feb 2020 , 9:59 pm        
រូបភាព
​ខ្សែបម្រើ Hakim Ziyech នឹង​ចាក​ចេញពី Ajax ទៅ​ចូលរួម​ជាមួយ Chelsea នៅ​ចុងបញ្ចប់​រដូវ​កាល​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Erik ten Hag អ្នកចាត់ការ​ទូទៅ​ក្រុម Ajax ដោយ​បន្ថែមថា Ziyech ត្រូវ​នៅ​ជួយ​ក្រុម​ដណ្តើមពាន Eredivisie រដូវ​កាល​នេះ​។


 
​ក្រុម​ម្ចាស់​ជើងឯក​លី​គ​កំពូល​ហូ​ឡង់ Eredivisie និង​ក្លិប​នៃ​ក្របខណ្ឌ Premier League បាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ​រួចរាល់​ហើយ​លើ​ការផ្ទេរ​យក​ខ្សែបម្រើ​សញ្ជាតិ​ម៉ា​រ៉ុ​ក​រូបនេះ​ក្នុង​រង្វង់​ទឹកប្រាក់ ៣៨ លាន​ផោន (៥០​លាន​ដុល្លារ​អាមេរិក​)​។ Ziyech ស្នាក់នៅ​ជាមួយ​ក្រុម​នៅ​ហូ​ឡង់​រយៈពេល​៤​ឆ្នាំ​មកហើយ ក្រោយ​ចាក​ចេញពី Twente នៅ​ឆ្នាំ​២០១៦​។​
 
​លោក Ten Hag បាន​ប្រាប់ Fox Sport ថា​៖« Ziyech ទៅ Chelsea? ការផ្ទេរ​មួយ​បានកើត​ឡើង ហើយ​យើង​រំពឹងថា​វា​នឹង​កើតឡើង​។ តាមពិត​ខ្ញុំ​បានគិត​ទុក​មុន​ហើយ​តាំងពី​ពីរ​ឆ្នាំមុន​ហើយ​ខណៈ​គាត់​បញ្ចេញ​ទេពកោសល្យ​ដ៏​ល្អ​នោះ​។ យើង​ពិតជា​រីករាយ​ណាស់​ដែល​យើង​អាចមាន​គាត់​រហូតដល់​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​»​។​
 
Ziyech វ័យ​២៦​ឆ្នាំ ជា​គោលដៅ​របស់​អ្នកចាត់ការ​ទូទៅ​ក្រុម​តោ​ខៀវ​លោក Frank Lampard ដើម្បី​ទិញ​ចូលទៅ​កាន់​ទឹកដី Stamford Bridge នៅ​ខែមករា អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​លើក​ទី​ពីរ​ប្រចាំ​រដូវ​កាល ២០១៩-២០ នេះ​។ យ៉ាងណាក៏ដោយ Ajax មិនមាន​បំណង​លក់​នៅពេល​នោះទេ ខណៈ​ពួកគេ​នៅមាន​កាតព្វកិច្ច​ដណ្តើម​យកពាន Eredevisie ដើម្បី​ការពារ​ជើងឯក​នៅ​ឆ្នាំនេះ​។​
 
​អតីត​សមាជិក​ក្រុម Twente រូបនេះ​នឹង​ក្លាយជា​កីឡាករ​លើក​ទី​១​របស់ Chelsea ក្រោម​ការដឹកនាំ​របស់ Lampard បន្ទាប់ពី​ក្លិប​នេះ​រួច​ពី​បម្រាម​ទិញ​កីឡាករ​ចូល​នៅ​ខែមករា ឆ្នាំ​២០២០​។​
​ក្រៅពី Ziyech លោក Lampard ក៏​ចង់បាន Edinson Cavani ខ្សែប្រយុទ្ធ Paris St-Germain និង​ខ្សែប្រយុទ្ធ Dries Mertens របស់ Napoli ទៅកាន់​ទឹកដី​អង់គ្លេស​ផងដែរ​៕

Tag:
 Hakim Ziyech
  Ajax
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com