អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អ៊ី​ដ​ត​ខូ ខេ​ម​បូ​ឌា ដាក់ពង្រាយ​បង្គោល​អង់​តែ​ន​ថ្មី​ច្នៃ​ពី​កាបូន​ដំបូង​គេ​បង្អស់​នៅ​ខេត្តសៀមរាប​
14, Feb 2020 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ - ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០៖ ក្រុមហ៊ុន អ៊ី​ដ​ត​ខូ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុងការ​ផ្តល់ជូន​សេវាកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​នៅ​កម្ពុជា បានប្រកាស​ពី​ភាពជោគជ័យ​នៃ​ការដាក់​ពង្រាយ​បង្គោល​អង់​តែ​ន​កាបូន​ថ្មី​ដំបូង​គេ​បង្អស់​នៅ​ខេត្តសៀមរាប ដែល​សបញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​ការ​រចនា និង​ការច្នៃប្រឌិត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​និរន្តរភាព​។​
 
​លោក Phillip Wong នាយក​ប្រចាំ​តំបន់​អាស៊ាន​ប៉ែក​ខាងជើង (Asean North) នៃ​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ គ្រុប បាន​មានប្រសាសន៍ថា « ខេត្តសៀមរាប គឺជា​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​មួយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវការ​បណ្តាញ​ទំនាក់ទំនង​គ្របដណ្តប់​កាន់តែ​ទូលំទូលាយ និង​អាច​ទុកចិត្តបាន​។ ការច្នៃប្រឌិត​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​កាបូន​ថ្មី​នេះ វា​ពិតជា​សមស្រប​ខ្លាំងណាស់​ទៅនឹង​បរិបទ​នៃ​តម្រូវការ​ជាក់ស្តែង​មួយ​នេះ​។ បង្គោល​អង់​តែ​ន​កាបូន​ថ្មី​ដំបូង​គេ​បង្អស់​នេះ ត្រូវបាន​សាងសង់ឡើង​ដោយ​ផ្អែកលើ​គុណប្រយោជន៍​សំខាន់ៗ​ពីរ​យ៉ាង​គឺ​៖ ដើម្បី​ពង្រីក​បណ្តាញ​ទំនាក់ទំនង​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ និង​ប្រសើរ​ជាង​មុន និង​កាត់បន្ថយ​ផលប៉ះពាល់​ចំពោះ​បរិស្ថាន​ក្នុង​សហគមន៍ ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់ អ៊ី​ដ​ត​ខូ ចំពោះ​និរន្តរភាព និង​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​»​។​
 
​លោក​បាន​បន្តថា «​រចនាសម្ព័ន្ធ​ថ្មី​នេះ មាន​ទម្ងន់​ស្រាល ហើយ​ត្រូវបាន​ដំឡើង​នៅលើ​ដំបូល​អាគារ​ដែលមាន​កម្ពស់​ប្រហែល​១៥ ម៉ែត្រ​។ រចនាសម្ព័ន្ធ​ទាំងនេះ អាចដាក់​ដំឡើង​នៅលើ​ដំបូល​ដោយ​មិនចាំបាច់​បំពាក់ និង​ចងភ្ជាប់​ទៅនឹង​អាគារ ហើយ​មិនមាន​ផលប៉ះពាល់​ដល់​អាគារ​ដូច​ការដែល​យើង​ប្រើប្រាស់​នូវ​រចនាសម្ព័ន្ធ​ធ្វើ​ពី​ដែក​នោះទេ​។ វា​អាច​ដំឡើង​បាន​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ហើយ​វា​សមស្រប​ទៅនឹង​តម្រូវការ​នៃ​ផែនការ​រៀបចំ​ទីក្រុង​ទៀតផង​»​។​


 
​កាលពី​ឆ្នាំមុន ក្រុមហ៊ុន​បានប្រកាសថា ខ្លួន​បាន​កាត់បន្ថយ​ការ​បំ​ភាយ​កាបូន​បាន​រហូតដល់​ទៅ​៥៤% ដែល​សម្រេចបាន​នូវ​លទ្ធផល​មួយឆ្នាំ​មុន​គោលដៅ​របស់​ក្រុមហ៊ុន ហើយ​លើស​ផែនការ​ដែល​បាន​កម្រិត​ទុក ១៤% ។​
 
​ខណៈដែល​ប្រទេស​នានា​នៅក្នុង​ពិភពលោក ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេចបាន​នូវ​គោលដៅ ឌីជីថល​របស់​ពួកគេ ហើយ​ភាពចាំបាច់​សម្រាប់​ការតភ្ជាប់​ទំនាក់ទំនង​ឲ្យ​កាន់តែ​ប្រសើរ​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នោះ តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​រួម​ដែលមាន​ភាពបត់បែន និង​ផ្តល់​ផលប៉ះពាល់​តិចតួច​បំផុត​ចំពោះ​បរិស្ថាន​ក៏​កំពុងតែ​មានការ​កើនឡើង​ផងដែរ​។ សម្រាប់​ក្រុមហ៊ុន អ៊ី​ដ​ត​ខូ និរន្តរភាព​គឺជា​គោលការណ៍​គ្រឹះ​តែមួយគត់​ដែល​ធ្វើ​ឲ្យ​ប្រតិបត្តិការ​អាជីវកម្ម​ទាំងមូល​របស់​ក្រុមហ៊ុន​មួយ​នេះ​កាន់តែ​ទទួលបាន​ជោគជ័យ ស្រប​ពេលដែល​ក្រុមហ៊ុន​បាន​នឹង​កំពុង​បំពេញបាន​នូវ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ដែល​កំពុង​តែមាន​កើន​ឡើងជា​លំដាប់​នេះ​។​
 
​ជាមួយនឹង​ការយកចិត្តទុកដាក់​ឥត​ឈប់​ឈរលើ​វិស្វកម្ម​បៃតង ពោលគឺ​និរន្តរភាព​នៃ​បរិស្ថាន ក្រុមហ៊ុន អ៊ី​ដ​ត​ខូ​គ្រុប បានដាក់​ពង្រាយ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជាច្រើន និង​បាន​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​យ៉ាង​ទូលំទូលាយ​ផងដែរ​។ រហូតមកដល់​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​បានដាក់​ពង្រាយ​រចនាសម្ព័ន្ធ​សរុប​ចំនួន ៣៥ ដែល​ត្រូវបាន​សាងសង់​ពី​សម្ភារ​ថ្មី​ជំនួស​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​បំពាក់​នៅតាម​ទីតាំង​សរុប​ចំនួន ១៣៩៤ ទីតាំង​ជាមួយនឹង​ថាមពល​កកើត​ឡើងវិញ​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 HaVas
© រក្សាសិទ្ធិដោយ thmeythmey.com