លិខិតមិត្តអ្នកអាន៖ មេរោគ COVID-19, ការរើសអើង និង ការបង្កាការចម្លងមេរោគ
ជាតិ
សង្គមជាតិ
លិខិតមិត្តអ្នកអាន៖ មេរោគ COVID-19, ការរើសអើង និង ការបង្កាការចម្លងមេរោគ
14, Feb 2020 , 1:41 pm        
រូបភាព
រូបពី AFP
រូបពី AFP
ដោយ: ថ្មីៗ
អ្នកផ្ទុកមេរោគអេដស៍និងជំងឺអេសដ៏ ត្រូវបានលើកទឹកចិត្តកុំឲ្យមានការរើសអើង ពីព្រោះមេរោគនេះ ត្រូវបានគេដឹងច្បាស់ថា មិនអាចចម្លងតាមរយៈការប្រាស្រ័យទាក់ទងគ្នាធម្មតានោះទេ វាលែងតែឆ្លងតាមឈាម ឬតាមការរួមភេទ ជាដើម។



មេរោគ COVID-19 អាចចម្លងតាមការប្រាស្រ័យទាក់ទងគ្នាធម្មតាបានដោយងាយ។ ដោយសារតែវាបានក្លាយជាការបារម្ភរបស់ពិភពលោក ហើយចំនួននៃការឆ្លងមេរោគ និងចំនួនអ្នកស្លាប់ដោយសារមេរោគនេះ មានការកើនឡើងជារៀងរាល់ថ្ងៃនោះ ប្រទេសនីមួយៗនៅជុំវិញពិភពលោក និងប្រជាជនទាំងឡាយ មានការប្រុងប្រយ័ត្នគ្រប់គ្នា ដើម្បីបង្កាកុំឲ្យមានការឆ្លងមេរោគនេះ។

ជនដែលគេសង្ស័យ អាចកំពុងផ្ទុកមេរោគនេះ ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីធ្វើការតាមដានផ្នែកវេជ្ជសាស្ត្រ និងដើម្បីការពារសុខភាពសាធារណៈ។ នេះមិនមែនជាការរើសអើងទេ។ ប្រសិនបើ មន្ទីរពេទ្យ ទទួលព្យាបាលជនជាតិមួយ ហើយមិនទទួលជនជាតិមួយទៀត ដោយសារតែសញ្ជាតិខុសគ្នា ឬដោយសារមានលុយបង់ ឬគ្មានលុយបង់ នោះទើបជាឧទាហរណ៍នៃការរើសអើង។ ជាក់ស្តែង ក្នុងសភាពនៃសុខភាពសាធារណៈបែបនេះ គេមិនមានតម្រូវឲ្យបង់ប្រាក់អ្វីទេ។

ក្នុងរឿងកប៉ាល់ដែលមានប្រទេសជាច្រើនមិនបានអនុញ្ញាតឲ្យចូលចតដោយសារមានការសង្ស័យអំពីការផ្ទុកមេរោគ COVID-19 ប៉ុន្តែកម្ពុជាបែរជាឲ្យចូលចតនេះ។ សម្រាប់ប្រទេសដែលមិនឲ្យចូលចត គេអាចប្រើប្រាស់វិធានការ បង្កាទុកជាមុន (Precautionary measures)  មិនឲ្យការឆ្លងកើតឡើងនៅក្នុងប្រទេស។ ដូច្នេះ ការសម្រេចរបស់ប្រទេសទាំងនោះ មិនមែនជាការរើសអើងទេ ដរាបណាប្រទេសទាំងនោះមិនបដិសេធក្នុងការផ្តល់ស្បៀងអាហារ និងសេវាថ្នាំសង្កូវ និងតម្រូវការមូលដ្ឋានដើម្បីការរស់រានមានជីវិត។

ប្រទេសកម្ពុជា សម្រេចចិត្តក្នុងការអនុញ្ញាតឲ្យមានការចុះចតនេះ មានន័យថាកម្ពុជាមិនបានអនុវត្តវិធានការបង្ការទុកជាមុន (Precautionary measures) ទេ។ ក្នុងករណីដឹងបែបនេះ វិធានការបន្ទាប់ គឺជាវិធានការទប់ស្កាត់ (Preventive Measures) ដោយហេតុថា កម្ពុជាបានដឹងថា អាចមានហានិភ័យដែលថា អាចមានមនុស្សក្នុងកប៉ាល់នោះ ផ្ទុកមេរោគ COVID-19 (យើងអាចសន្មតបានដូច្នេះ ដោយសារតែ ប្រទេសនានាដែលមិនបានអនុញ្ញាតឲ្យចូលចត បានលើកហេតុផលអំពីការព្រួយបារម្ភបែបនោះ)។ វិធានការទប់ស្កាត់ មានន័យថា រដ្ឋាភិបាល ត្រូវដាក់ចេញនូវវិធានការនានាដែល ទប់ស្កាត់មិនឲ្យមានការចម្លងមេរោគនេះ បន្តទៀតបាន ប្រសិនបើមានករណីទាំងនេះ កើតមាន។

ដោយសារតែវាជាបញ្ហាសុខភាពសាធារណៈសម្រាប់ប្រជាជនកម្ពុជា និងប្រជាជនក្នុងពិភពលោកទាំងមូល រដ្ឋាភិបាល គួរមានតម្លាភាពក្នុងការបង្ហាញអំពីវិធានការទប់ស្កាត់ទាំងនេះ ដើម្បីឲ្យប្រជាជន មានទំនុកចិត្តទៅលើចំណាត់ការនេះ។ ប្រសិនបើមិនដូច្នេះទេ ភាពភ័យខ្លាចនិងភាពច្របូកច្របល់អាចនឹងកើតមានឡើងច្បាស់ប្រាកដណាស់។

ការអនុញ្ញាត្តនោះ អាចចាត់ទុកជាអំពើមនុស្សធម៌និងការគោរពសិទ្ធិរបស់មនុស្សទាំងឡាយ នៅក្នុងកប៉ាល់។ ស្របគ្នានេះដែរ មនុស្សដែលមិននៅក្នុងកប៉ាល់ ក៏ត្រូវទទួលបានការគោរពសិទ្ធិរួចផុតពីភាពភ័យខ្លាច និងរួចផុតពីការឆ្លងមេរោគនេះដែរ។ សម្រាប់កាលៈទេសៈបែបនេះ ការធ្វើឲ្យសាធារណជន មានទំនុកចិត្ត គឺជារឿងដែលសមស្របបំផុត៕

ដោយ៖ សុខលាំង ពលរដ្ឋរស់នៅទីក្រុងភ្នំពេញ 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com