អន្តរជាតិ
រដ្ឋ​ខ្លះ​នៅ​ម៉ាឡេស៊ី ធ្វើ​គោលនយោបាយ​ទាក់ទាញ​ភ្ញៀវទេសចរ​មកពី​ទ្វីប​ផ្សេង​ជំនួស​ចិន​
14, Feb 2020 , 7:19 pm        
រូបភាព
ទីក្រុងគូឡាឡាំពួ ម៉ាឡេស៊ី, រូបភាព៖ Bernama
ទីក្រុងគូឡាឡាំពួ ម៉ាឡេស៊ី, រូបភាព៖ Bernama
​រដ្ឋ​សហព័ន្ធ​ម៉ាឡេស៊ី​មួយចំនួន ដែល​ពឹងផ្អែក​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ គ្រោង​តាក់តែង​គម្រោង​ទាក់ទាញ​ភ្ញៀវទេសចរ​ពី​ទ្វីប​ផ្សេង ជំនួស​ជនជាតិ​ចិន បន្ទាប់ពី​មាន​ផ្ទុះ​ជំងឺ COVID-19 ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​។ ម្យ៉ាង​ការផ្លាស់ប្តូរ​គោលដៅ​ទេសចរណ៍​បែបនេះ គឺ​ដើម្បី​បញ្ចៀស​បញ្ហា​ឆ្លង​កូ​រ៉ូ​ណាវី​រុស នៅ​ម៉ាឡេស៊ី​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍ Channel News Asia នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ​។


​ភ្ញៀវទេសចរ​ចិន គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​មួយ​របស់​រដ្ឋ​សហព័ន្ធ​ម៉ាឡេស៊ី​មួយចំនួន​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋ​សហព័ន្ធ ដែល​ពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍​ខ្លាំង គ្រោង​នឹង​តាក់តែង​គម្រោង​ថ្មី ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ក្រុង​ស្រុក និង​ភ្ញៀវទេសចរ​មកពី​តំបន់​ផ្សេង ក្រៅពី​ប្រទេស​ចិន​។ 
 
​ប្រាប់​ទូរទស្សន៍ Channel News Asia លោក  Abdul Rashid Asari សមាជិក​ក្រុមប្រឹក្សា​គ្រប់គ្រង​វិស័យ​ទេសចរណ៍​ប្រចាំ​រដ្ឋ Selangor បាន​បញ្ជាក់ថា រដ្ឋ Selangor នឹង​ផ្តោត​សំខាន់​លើ​ភ្ញៀវទេសចរ​ក្នុងស្រុក ជំនួយ​ឲ្យ​ភ្ញៀវទេសចរ​ចិន ដោយសារតែ​ភ្ញៀវទេសចរ​ក្នុងស្រុក គឺមាន​សុវត្ថិភាព និង​មិនអាច​ឆ្លង​ជំងឺ COVID-19 ដូច​ភ្ញៀវទេសចរ​ចិន​។ បើតាម​លោក Abdul Rashid ពេលនេះ គម្រោង​ទាក់ទាញ​ភ្ញៀវទេសចរ​ថ្មី ត្រូវបាន​គេ​ធ្វើ​សេចក្តីព្រាង​រួចហើយ ចំណែក​ការអនុវត្ត​វិញ នឹងត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់ នៅ​ថ្ងៃ​ខាងមុខ​ក្នុងពេល​ឆាប់ៗ​នេះ​។ 
 
​ចំណែក​រដ្ឋមន្ត្រី​ទេសចរណ៍​ម៉ាឡេស៊ី លោក Mohamaddin Ketapi និយាយ​ថ រដ្ឋាភិបាល អាច​នឹង​កែសម្រួល​គម្រោង​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ម៉ាឡេស៊ី​ឆ្នាំ ២០២០​ផងដែរ​។ ក្នុងន័យនេះ ម៉ាឡេស៊ី នឹង​ផ្តោត​សំខាន់​លើ​ភ្ញៀវទេសចរ​មកពី​តំបន់​ផ្សេង​ដូចជា ទ្វីបអឺរ៉ុប អាស៊ី​កណ្តាល អាស៊ី​ខាងកើត ជាជាង​ភ្ញៀវទេសចរ​ចិន​។ ចំណែក​ភ្ញៀវទេសចរ​ក្នុងស្រុក ក៏​សំខាន់​ណាស់ដែរ ក្នុងការ​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​។ 
 
​តាម​ទិន្នន័យ​របស់​ក្រសួងទេសចរណ៍ ម៉ាឡេស៊ី​ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាងហោចណាស់ ៣​លាន​នាក់​មកពី​ប្រទេស​ចិន​ក្នុង​មួយឆ្នាំៗ​។ 
 
​យ៉ាងណាក៏ដោយ ម៉ាឡេស៊ី នៅតែមាន​បញ្ហា​ព្រួយបារម្ភ​ជុំវិញ​ជំងឺ COVID-19 ដដែល ព្រោះ​ភ្ញៀវទេសចរ​អន្តរជាតិ អាច​ឆ្លង​ជំងឺ​ថ្មី​នេះ ដោយ​មិនដឹង​ខ្លួន តាមរយៈ​ការ​ជិះ​យន្តហោះ​ជាមួយ​ជន​ប្លែក​មុខ និង​នៅតាម​អាកាសយានដ្ឋាន​ផ្សេងៗ​។​
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ពេលនេះ ម៉ាឡេស៊ី បាន​រកឃើញ​អ្នក​ផ្ទុក​ជំងឺ COVID-19 ដែល​បណ្តាល​ពី​កូ​រ៉ូ​ណាវី​រុស​ចំនួន ១៩​ករណី និង​ជាសះស្បើយ​បាន​៣​ករណី​៕

Tag:
 ម៉ាឡេស៊ី​
  ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com