កីឡាជាតិ
ជាតិ
ណាហ្គា​ផ្លាស់ប្តូរ​កីឡាករ​បរទេស និង​ប្រព័ន្ធ​លេង​ថ្មី តែ​មិន​រំពឹង​អាច​លើក​ពាន​
14, Feb 2020 , 7:39 pm        
រូបភាព
លោក មាស ចាន់ណា គ្រូបង្វឹកណាហ្គាវើលផ្តល់បទសម្ភាសដល់អ្នកសារព័ត៌ក្នុងថ្ងៃបើកការដ្ឋានសាងសង់កីឡដ្ឋានខេត្តកំពតកាលពីកន្លងទៅ
លោក មាស ចាន់ណា គ្រូបង្វឹកណាហ្គាវើលផ្តល់បទសម្ភាសដល់អ្នកសារព័ត៌ក្នុងថ្ងៃបើកការដ្ឋានសាងសង់កីឡដ្ឋានខេត្តកំពតកាលពីកន្លងទៅ
ដោយ:
​ទោះបី​គ្មាន​ការប្រកាស​ផ្លូវការ​ជា​សាធារណៈ ប៉ុន្តែ​ក្លិប​បាល់ទាត់​ណាហ្គា​វើ​ល​បាន​សំងំ​ផ្លាស់ប្តូរ​កីឡាករ​បរទេស និង​កីឡាករ​កម្ពុជា​មួយចំនួន សម្រាប់​ត្រៀម​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ដែល​នឹង​បើក​រដូវ​កាល​ថ្មី​នៅ​ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ​២០២០​។ ណាហ្គា​វើ​ល ក៏​អះអាង​ពី​ការប្រើ​ប្រព័ន្ធ​លេង​ថ្មី​នៅ​រដូវ​កាល​នេះ​ផងដែរ​។ តែ​យ៉ាងណា ម្ចាស់​ជើងឯក​លី​គ​កំពូល​ឆ្នាំ​២០១៨ មួយ​នេះ ហាក់​មិន​ហ៊ាន​ដាក់​ក្តី​រំពឹង​ខ្ពស់​នោះឡើយ​។

 
​លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល​បាន​និយាយថា ក្លិប​ណាហ្គា​បាន​ផ្លាស់ប្តូរ​សមាសភាព​កីឡាករ​បរទេស​ទាំងអស់​នៅ​រដូវ​កាល​ឆ្នាំ​២០២០ នេះ ហើយ​ក្លិប​ក៏មាន​ការផ្លាស់ប្តូរ​សមា​សភាព​កីឡាករ​កម្ពុជា​មួយចំនួន​ដែរ​។ ការផ្លាស់ប្តូរ​សមាភាព​កីឡាករ​នេះ ក៏​ព្រោះតែ​ណាហ្គា​វើ​ល​ចង់​ឲ្យ​ការប្រកួត​នៅ​រដូវ​កាល​នេះ កាន់​តែមាន​ភាពស្វិតស្វាញ​និង​ទាក់ទាញ ដ្បិត​ក្រុម​មួយចំនួន​រួមមាន​វិសាខា បឹងកេត ភ្នំពេញ​ក្រោ​ន ព្រះខ័ន​រាជ​ស្វាយរៀង និង​អង្គ​រថា​យ​ហ្គឺ​រ​ជាដើម​សុទ្ធតែ​បានបង្ហាញ​ពី​ការត្រៀមខ្លួន​យ៉ាង​ល្អ​។ 
 
​បើតាម​គ្រូបង្វឹក​កាន់​សញ្ញាបត្រ​កម្រិត A License រូបនេះ ណាហ្គា​វើ​ល​ក៏​នឹង​ផ្លាស់ប្តូរ​ប្រព័ន្ធ​លេង​ថ្មី​ផងដែរ ហើយ​លោក​ជឿជាក់ថា តាមរយៈ​ការផ្លាស់ប្តូរ​សមាភាព​កីឡាករ​បរទេស​និង​ប្រព័ន្ធ​លេង​ថ្មី​នេះ នឹង​ជួយ​ឲ្យ​ទម្រង់​លេង​របស់​ណាហ្គា​វើ​ល​កាន់តែ​ប្រសើរ​ថែមទៀត​។ តែ​យ៉ាងណា លោក ក៏បាន​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ការផ្លាស់ប្តូរ​នេះ​ផងដែរ​។   
 
​លោក បានបញ្ជាក់​ដូច្នេះ​ថា​៖«​ការផ្លាស់ប្តូរ​សមាសភាព​កីឡាករ​បរទេស​ថ្មី វា​អាច​ប៉ះពាល់​ទម្រង់​លេង​ខ្លះ​ដែរ ក៏ប៉ុន្តែ​ប្រព័ន្ធ​លេង​ខ្ញុំ​ក៏​ផ្លាស់ប្តូរ​ប្រព័ន្ធ​ថ្មី​ដែរ ដោយសារ​យើង​មាន​កីឡាករ​ចំណូល​ថ្មី​។ កីឡាករ​ខ្ញុំ​ចាស់​អ្នកខ្លះ​អាច​យល់ ហើយ​អ្នកខ្លះ​ប្រហែលជា​មិន​យល់​ពី​ប្រព័ន្ធ​លេង​ថ្មី​នេះ​។ ខ្ញុំ​ដាក់​ប្រព័ន្ធ​លេង​ថ្មី តែ​ទម្រង់​លេង​រក្សា​នៅ​ដដែល ដូច្នេះ​កីឡាករ​ចាស់ៗ​អាច​យល់​»​។ 
 
​ទោះបី​ក្លិប​ណា​ហ្គ​វើ​ល​ផ្លាស់ប្តូរ​សមាសភាព​កីឡាករ​បរទេស និង​ប្រព័ន្ធ​លេង​ថ្មី​ក៏ដោយ តែ​ពួកគេ​ហាក់​គ្មាន​ទំនុកចិត្ត និង​ភាពជឿជាក់​លើ​សមត្ថភាព​ក្នុងការ​ប្រជែង​ដណ្តើម​ជើងឯក​នៅ​រដូវ​កាល​នេះឡើយ​។ ការមិន​ហ៊ាន​ដាក់​គោលដៅ​រហូត​ឈានដល់​ការលើក​ពាន ដោយសារ​មកទល់ពេលនេះ​ណាហ្គា​វើ​ល​អះអាងថា ពួកគេ​មិនទាន់​ត្រៀម​បាន​១០០​ភាគរយ​នោះទេ​។   
 
«​ទាក់ទង​ការពង្រឹង​ក្រុម​យើង​ពង្រឹង​បាន​៥០​ភាគរយ តែ​គេ​បាន​១០០​ភាគរយ និយាយ​រួម​ក្រុម​បី​បួន​គេ​ដាក់​គោលការណ៍​ចេញមក គឺ​ចង់បាន​ពាន​តែម្តង តែ​ចំពោះ​យើង​មិន​សំដៅ​ចង់បាន​ពាន​នោះទេ គឺ​ចង់បាន​កម្រិត​មួយ​ល្អ​។ ដូច្នេះ​ទាក់ទង​ការចំណាយ គឺ​យើង​នៅ​ទាប​ជាង​ក្រុម​មួយចំនួន ធម្មតា​បើ​យើង​ចង់បាន​ពាន​ត្រូវ​ការចំណាយ​ច្រើន​»​។ លោក មាស ចាន់ណា បានលើកឡើង​បែបនេះ ហើយ​ជឿជាក់ថា ពានរង្វាន់​លី​គ​កំពូល​ឆ្នាំនេះ​មានការ​ប្រកួតប្រជែង​ខ្លាំង និង​ស្វិតស្វាញ​បំផុត​។ 
 
​កីឡាករ​បរទេស​ទាំង​នោះ រួមមាន​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Bisan George ម្ចាស់​ស្បែកជើង​មាស​ពានរង្វាន់​លី​គ​កំពូល​ឆ្នាំ​២០១៨ ក្រោយ​រកបាន​១២​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​២៨​លើក​ឲ្យ​ក្លិប​ណាហ្គា​វើ​ល​។ វា​ជាការ​ចូលរួម​លើក​ទី​២​សម្រាប់​ខ្សែប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​រូបនេះ​ជាមួយ​ក្លិប​ណាហ្គា​វើ​ល​។ ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Marcinho Marques, ខ្សែប្រយុទ្ធ​អាហ្វ្រិក​ខាងត្បូង Shane Booysen និង​កីឡាករ​ជនជាតិ​ជប៉ុន​ពីររូប​ទៀត គឺ​ខ្សែការពារ Noato និង​ខ្សែប្រយុទ្ធ Yuta Naruse​។ 
 
​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នឹង​បើក​រដូវ​កាល​ថ្មី​របស់ខ្លួន​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយ​ឆ្នាំនេះ​មាន​ក្រុម​ចួ​ល​រួម​ចំនួន​១៣​រួមមាន​ព្រះខ័ន​រាជ​ស្វាយរៀង​, វិសាខា​, ណាហ្គា​វើ​ល​, បឹងកេត​, ភ្នំពេញ​ក្រោ​ន​, ក្រសួងការពារជាតិ​, អង្គ​រថា​យ​ហ្គឺ​រ​, អាស៊ី​អឺរ៉ុប​, សូល​ទី​ឡូ​អង្គរ​, អគ្គិសនី​កម្ពុជា​, គីរីវង់​សុខ​សែន​ជ័យ​, យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ 
 
​សម្រាប់​ការប្រកួត​បើកឆាក​នៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០ មាន​ចំនួន​៣​គូ ក្នុងនោះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​បើកទ្វារ​កីឡដ្ឋាន​ខ្លួន​ស្វាគមន៍​ក្រសួងការពារជាតិ​នៅ​ម៉ោង​៣:៣០​នាទី​រសៀល មុន​វិសាខា​ជួប​ប៉ូលិស​នៅ​កីឡដ្ឋាន​ព្រី​នស៍ និង​ភ្នំពេញ​ក្រោ​ន​ប៉ះ​អគ្គិសនី​កម្ពុជា​នៅ​កីឡដ្ឋាន RSN នា​ម៉ោង​៦​ល្ងាច​ដូចគ្នា​។ ចំណែក​នៅ​ថ្ងៃអាទិត្យ​ទី​១៦ ខែកុម្ភៈ មាន​៣​ប្រកួត​ដូចគ្នា​ក្នុងនោះ អង្គ​រថា​យ​ហ្គឺ​របើក​ទ្វារ​កីឡដ្ឋាន SRU ស្វាគមន៍​បឹងកេត​នៅ​ម៉ោង​៣:៣០​នាទី​រសៀល ខណៈ​អាស៊ី​អឺរ៉ុប​ជួប​គីរីវង់​សុខ​សែន​ជ័យ​នៅ​កីឡដ្ឋាន AEU Sport Park មុន​ព្រះខ័ន​រាជ​ស្វាយរៀង​ទទួល​សូល​ទី​ឡូ​អង្គរ​នៅ​ម៉ោង​៦​ល្ងាច​នា​កីឡដ្ឋាន​ខេត្តស្វាយរៀង​៕  

Tag:
 Cambodian League 2020
  ណាហ្គា​វើ​ល​
  មាស ចាន់ណា
© រក្សាសិទ្ធិដោយ thmeythmey.com