អន្តរជាតិ
បុរសថៃម្នាក់បាញ់កាំភ្លើងជាច្រើនគ្រាប់នៅកណ្ដាលក្រុងបាងកក សង្ស័យព្រោះបញ្ហាគ្រួសារ ប្រភពរូប៖ កាសែត បាងកកប៉ុស្តិ៍
× ស្នូរកាំភ្លើងជាច្រើនគ្រាប់ បានឮរន្ថើននៅក្បែរសាកលវិទ្យាល័យមួយកន្លែង កណ្ដាលទីក្រុង បាងកក នៅព្រឹកថ្ងៃសុក្រ ទី១៤ កុម្ភៈ។ កាំភ្លើងជាច្រើនគ្រាប់ ត្រួវបានបាញ់ដោយបុរសម្នាក់ ដែលសង្ស័យថា មានបញ្ហាគ្រួសារ។ ហេតុការណ៍បាញ់ទាំងព្រលឹមស្រាងៗនេះ បានកើតឡើងតិចជាង១សប្តាហ៍ក្រោយខ្មាន់កាំភ្លើងបានសម្លាប់មនុស្ស២៩នាក់ក្នុងខេត្ត នគររាជសីមា ។
ប៉ូលិសថៃ បានអះអាងថា បុរសវ័យ៤០ឆ្នាំម្នាក់ បានផ្តើមបាញ់កាំភ្លើងជាច្រើនគ្រាប់ទៅលើអាកាសនៅក្រៅហាងទំនិញរបស់លោកប្រហែលម៉ោង ៤ ព្រឹក។ បន្ទាប់ចំណាយពេលរាប់ម៉ោង ចុងក្រោយ ប៉ូលិស បានឈានដល់ការចាប់ខ្លួនបុរសរូបនេះ នៅម៉ោងប្រហែល១០ព្រឹក ហើយបញ្ជូនទៅប៉ុស្តិ៍ដើម្បីស៊ើបសួរបន្ត។
តាមការចុះផ្សាយកាសែតបាងកកប៉ុស្តិ៍ បុរសរូបនេះ ត្រូវបានគេអះអាងថា មានវិបត្តិផ្លូវចិត្តព្រោះបញ្ហាគ្រួសារ។ បើតាមអះអាងរបស់ប្រធានការិយាល័យប៉ូលិសក្រុងបាងកក Phukphong Phongpetra បុរសថៃរូបនេះត្រូវបានរាយការណ៍ថាបាញ់កាំភ្លើងទៅទិសដៅខុសៗគ្នា។ យ៉ាងណាមិញ គ្មានអ្នករងរបួសឡើយក្នុងហេតុការណ៍។ ទោះជាបែបនេះ ប៉ូលិស នឹងបន្តបើកការស៊ើបអង្កេតបន្ថែមទៀតដើម្បីរកមូលហេតុនៃការបាញ់នេះ។
ទោះបីជាគ្មានអ្នកស្លាប់ ឬរបួសណាមួយក្តី ហេតុការណ៍បាញ់នេះ បានបង្កជាកង្វល់ថ្មីមួយពាក់់ព័ន្ធការចម្លងសកម្មភាពបាញ់ប្រហារ ខណៈវាបានកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីការបាញ់រះក្នុងខេត្ត នគររាជសីមា។
កាលពីថ្ងៃ៨ ខែកុម្ភៈ ទាហានថៃម្នាក់ បានសម្លាប់មនុស្ស២៩នាក់ និងរបួស ៥៨នាក់ផ្សេងទៀតក្នុងការហេតុការណ៍បាញ់រះមួយ ដែលកើតឡើងនៅផ្ទះឯកជនមួយ, បន្ទាយទាហាន និងហាងទំនើបមួយកន្លែង។ ជនរងគ្រោះក្មេងបំផុត មានអាយុ ១៣ឆ្នាំភេទប្រុស។ ក្រោយមក ខ្មាន់កាំភ្លើងរូបនេះ ត្រូវបានបាញ់សម្លាប់ដោយប៉ូលិសថៃ ហើយមូលហេតុនៃការបាញ់ ត្រូវបានអះអាងថា គឺដោយសារគំនុំផ្ទាល់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com