អន្តរជាតិ
COVID-19៖ បុគ្គលិក​សុខាភិបាល​ចិន ៦​នាក់​ស្លាប់ និង​១៧១៦​នាក់​ឆ្លង​វីរុស​
14, Feb 2020 , 3:51 pm        
រូបភាព
បុគ្គលិកសុខាភិបាល រុញអ្នកជំងឺ COVID-19 នៅក្នុងមន្ទីពេទ្យមួយកន្លែង. រូបភាព៖  EPA-EFE, YUAN ZHENG
បុគ្គលិកសុខាភិបាល រុញអ្នកជំងឺ COVID-19 នៅក្នុងមន្ទីពេទ្យមួយកន្លែង. រូបភាព៖ EPA-EFE, YUAN ZHENG
​នា​ថ្ងៃទី​១៤ ខែកុម្ភៈ អនុរដ្ឋមន្ត្រី​នៃ​គណៈកម្មការ​សុខាភិបាល​ជាតិចិន លោក Zeng Yixin បាន​អះអាងថា បុគ្គលិក​សុខាភិបាល​ចិន​ប្រមាណ ១៧០០​នាក់ បាន​ឆ្លង​ជំងឺ COVID-19 និង ៦​នាក់​បាន​បាត់​បង់ជីវិត ដោយសារ​ជំងឺ​ថ្មី​នេះ​។

 
​ថ្លែង​ក្នុង​សន្និសីទកាសែត​មួយ​ស្តីអំពី​ការការពារ​បុគ្គលិក​សុខាភិបាល​ពី​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី លោក Zeng Yixin អនុរដ្ឋមន្ត្រី​នៃ​គណៈកម្មការ​សុខាភិបាល​ជាតិចិន បាន​លើកឡើងថា ចំនួន​បុគ្គលិក​ពេទ្យ ដែល​ឆ្លង​ជំងឺ COVID-19 គឺ​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ មន្ត្រីជាន់ខ្ពស់​ផ្នែក​សុខាភិបាល​ចិន បាន​លើកឡើងថា បុគ្គលិក​សុខាភិបាល​ចំនួន ១៧១៦​នាក់ បានកើត​ជំងឺ​នេះ និង ៦​នាក់​ផ្សេងទៀត បាន​ស្លាប់​គិត​ត្រឹម​ថ្ងៃទី​១២ ខែកុម្ភៈ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ការឆ្លង​វីរុស​ប្រភេទ​ថ្មី​លើ​បុគ្គលិក​សុខាភិបាល​ជា​បន្តបន្ទាប់ និង​មាន​ចំនួន​ច្រើន​បែបនេះ គឺ​បណ្តាលមកពី​វិបត្តិ​ខ្វះ​ម៉ាស់ និង​សម្ភារ​ការពារ​សម្រាប់​បុគ្គលិក​សុខាភិបាល​នៅក្នុង​ប្រទេស​ចិន​។ ពាក់ព័ន្ធ​នឹង​បញ្ហា​ខ្វះ​សម្ភារ​ការពារ​ទាំងនេះ គឺ​កើតឡើង​ដោយសារតែ រដ្ឋាភិបាល​ចិន បាន​ពន្យារពេល​ឈប់សម្រាក​ដល់​ប្រជាជន​ចិន​ទាំងអស់​ចាប់តាំងពី​ថ្ងៃ​ចូលឆ្នាំ​ចិន​មក​ម្លេះ ដើម្បី​ទប់ស្កាត់​ការរីក​សាយភាយ​ជំងឺ COVID-19 និង​តម្រូវការ​ខ្ពស់​របស់​ប្រជាជន​ចិន ក្នុងការ​ប្រើប្រាស់​សម្ភារ​ទាំងនោះ​។ 
 
​រហូតមកដល់​ពេលនេះ មាន​រោងចក្រ​ផលិត​សម្ភារ​ការពារ និង​ម៉ាស់​មួយចំនួន​នៅក្នុង​ប្រទេស​ចិន បាន​បើក​ដំណើរការ​ហើយ ប៉ុន្តែ​រោងចក្រ​ទាំងនោះ បើក​ដំណើរការ​ត្រឹមតែ​មួយផ្នែក​ប៉ុណ្ណោះ ដោយសារតែ​កូ​រ៉ូ​ណាវី​រុស កំពុង​អុកឡុក​ខ្លាំង​នៅក្នុង​ប្រទេស​ចិន​។ បន្ថែម​ពីលើ​នេះ ចិន​បាន​បញ្ជា​ទិញ​ម៉ាស់ និង​សម្ភារ​ការពារ​ជាច្រើន​លាន​សម្រាប់ មកពី​បរទេស​បន្ថែមទៀត ដើម្បី​ផ្គត់ផ្គង់​តាម​មន្ទីរពេទ្យ​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ពេលនេះ មនុស្ស​ប្រមាណ​ជា​១៣៨១​នាក់​បាន​ស្លាប់ និង​មាន​អ្នកជំងឺ​ប្រមាណ ៦៥០០០​នាក់ មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​៕ 

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com