កីឡាជាតិ
ជាតិ
បឹងកេត​រំពឹង ការនាំ​ចូល​កីឡាករ​បរទេស​ថ្មី ជួយ​ឲ្យ​ពួកគេ​អាច​គ្រង​ជើងឯក​សាជាថ្មី​
14, Feb 2020 , 5:59 pm        
រូបភាព
រូបភាពពីក្លិបបឹងកេត
រូបភាពពីក្លិបបឹងកេត
ដោយ:
​ក្លិប​បាល់ទាត់​បឹងកេត រំពឹង​ការផ្លាស់ប្តូរ និង​នាំចូល​កីឡាករ​បរទេស​ថ្មី ជួយ​ស្តារ​ស្ថានការណ៍​កាន់តែ​ល្អប្រសើរ សម្រាប់​ការប្រកួត​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​រដូវ​កាល​ឆ្នាំ​២០២០-២០២១ ដែល​បើក​រដូវ​កាល​នៅ​ថ្ងៃទី​១៥ កុម្ភៈ ឆ្នាំ​២០២០​។ នៅ​ឆ្នាំនេះ បឹងកេត​បាន​ចូល​កីឡាករ​បរទេស​ថ្មី​៣​រូប បន្ត​កិច្ចសន្យា​ពីររូប និង​នាំចូល​កីឡាករ​កម្ពុជា​មួយចំនួន​។ ពានរង្វាន់​លី​គ​កំពូល​ឆ្នាំនេះ អាចមាន​ការទាក់ទាញ និង​ប្រកួតប្រជែង​ខ្លាំង​ជាង​មុន ដ្បិត​ក្រុម​មួយចំនួន​បានបង្ហាញ​ពី​ការត្រៀមខ្លួន​យ៉ាង​ល្អ​នៅ​រដូវ​កាល​នេះ​។

 
​ក្រោយ​ខកខាន​ឱកាស​គ្រង​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​ពីរ​ឆ្នាំ ធ្វើ​ឲ្យ​បឹងកេត​មានការ​រឹតត្បិត និង​ប្រយ័ត្នប្រយែង​បំផុត​ក្នុងការ​នាំចូល និង​ផ្លាស់ប្តូរ​កីឡាករ​។ ព្រោះ​ការនាំ​ចូល​និង​ផ្លាស់ប្តូរ​កីឡាករ មិន​ប្រាកដថា អាច​ល្អប្រសើរ​ជាង​កីឡាករ ដែល​ធ្លាប់​រួមរស់​ជាមួយ​ក្លិប​កន្លងមក​នោះទេ​។ កត្តា​នេះហើយ ដែល​ធ្វើ​ឲ្យ​ក្លិប​នីមួយៗ​ត្រូវ​ចំណាយពេល​ច្រើន​ក្នុងការ​ជ្រើសរើស​កីឡាករ ដើម្បី​ពង្រឹង​ក្រុម​។ 
 
​តែ​យ៉ាងណា​លោក បែ មករា អ្នកចាត់ការ​ទូទៅ​ក្លិប​បឹងកេត​ហាក់​មានជំនឿថា ការផ្លាស់ប្តូរ និង​នាំចូល​កីឡាករ​របស់ខ្លួន​នឹង​ជួយ​កែប្រែ​ស្ថានការណ៍​ក្លិប​ឲ្យ​កាន់តែ​ប្រសើរ ឬ​អាច​ឈានដល់​ការ​គ្រង​ជើងឯក​សាជាថ្មី​នៅ​រដូវ​កាល​នេះ​។ លោក​អះអាងថា កីឡាករ​ដែល​ខ្លួន​ទើប​នាំចូល​សុទ្ធតែ​បាន​ឆ្លងកាត់​ការជ្រើសរើស​យ៉ាង​ម៉ត់ចត់ និង​ប្រយ័ត្នប្រយែង​បំផុត​ពី​គ្រូបង្វឹក​ថ្មី​របស់ខ្លួន​។ 
 
«​ដោយសារ​លទ្ធផល​ពីរ​ឆ្នាំកន្លងមក​យើង​មិន​ទទួលបាន​ជើងឯក ដូច្នេះ​ឆ្នាំនេះ​យើង​ត្រូវ​រឹតបណ្តឹង​បន្តិច​ក្នុងការ​ជ្រើសរើស​កីឡាករ​បរទេស អ៊ីចឹង​យើង​មានការ​ផ្លាស់ប្តូរ​កីឡាករ​បរទេស​មួយចំនួន និង​យកមក​ថ្មី​។ យើង​ដឹង​ហើយ​ថា ការយក​កីឡាករ​ពេលខ្លះ​ត្រូវ​ពេលខ្លះ​ខុស ជាហេតុ​ធ្វើ​ឲ្យ​យើង​ត្រូវ​រឹតត្បិត និង​ប្រយ័ត្នប្រយែង​ក្នុងការ​រើស​កីឡាករ​ឲ្យ​មានគុណ​ភាព​»​។ លោក បែ មករា លើកឡើង​បែបនេះ​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ កាលពីពេល​ថ្មីៗ​។ 
 
​ទោះបី​មាន​ក្តី​រំពឹង​ខ្ពស់​ក៏ដោយ តែ​លោក បែ មករា ជឿជាក់ថា ការប្រកួត​ពានរង្វាន់​លី​គ​កំពូល​ឆ្នាំនេះ នឹងមាន​ការប្រកួតប្រជែង​ខ្លាំង​ជាង​ឆ្នាំមុនៗ ដ្បិត​ក្រុម​មួយចំនួន​ក៏បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​ផងដែរ​។ ក្រុម ដែល​លោក​ចង់​សំដៅ​រួមមាន​វិសាខា ភ្នំពេញ​ក្រោ​ន ព្រះខ័ន​រាជ​ស្វាយរៀង ណាហ្គា​វើ​ល ក្រសួងការពារជាតិ និង​អង្គ​រថា​យ​ហ្គឺ​រ​ជាដើម​។ 
 
​ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំនេះ ក្រុម​ជើងឯក​ពានរង្វាន់​លី​គ​កំពូល ២០១៦, ២០១៧ មួយ​នេះ​បាន​នាំចូល​កីឡាករ​ចំណូល​ថ្មី​៣​រួមមាន​ខ្សែការពារ​កូត​ឌី​វ័រ Anderson Zogbe ដែល​ទើប​ចាក​ចេញពី​ណាហ្គា​វើ​ល​, ខ្សែប្រយុទ្ធ​អាហ្វ្រិក​ខាងត្បូង Mothusi Gopane និង​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Franc Santana Paiva​។ ក្លិប​ក៏បាន​បន្ត​កិច្ចសន្យា​ជាមួយ​ខ្សែបម្រើ​ជនជាតិ​ជប៉ុន​ពីរ​រួប​ផងដែរ​រួមមាន​កីឡាករ Hikaru Mizuno និង Kenta Yamazaki​។ 
 
​ជាមួយគ្នានេះ ក្លិប​បឹងកេត​បាន​នាំចូល​យុវជន​ចំនួន​៤​រូប ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​រំសាយ​ពី​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី ដើម្បី​ត្រៀម​ប្រជែង​ក្នុង​ពានរង្វាន់​លី​គ និង​ការពារ​តំណែង​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ផងដែរ​។ កីឡាករ​ទាំង​៤​រូបនោះ​រួមមាន​ខ្សែប្រយុទ្ធ​សៀង ច​ន្ធា​, ខ្សែការពារ សៅ វ៉ៃ​ហ្វី​, ជុង មករា និង​អ្នកចាំទី ថា ច័ន្ទ​រិទ្ធី​។ 
 
​សម្រាប់​ការប្រកួត​បើកឆាក​ពានរង្វាន់​លី​គ​កំពូល​បឹងកេត​ត្រូវ​ប្រជែង​ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ វេលា​ម៉ោង​៣:៣០​នាទី​រសៀល​នា​កីឡដ្ឋាន S.R.U នៅ​ខេត្តសៀមរាប​។ នៅថ្ងៃនោះ​ដែរ ក៏មាន​ការប្រកួត​ពីរ​គូ​ទៀត​ដែរ ក្នុងនោះ​ក្រុម​អាស៊ី​អឺរ៉ុប​បើកទ្វារ​កីឡដ្ឋាន A.E.U Sport Park ស្វាគមន៍​គីរីវង់​សុខ​សែន​ជ័យ​នៅ​ម៉ោង​៣:៣០​នាទី មុន​ព្រះខ័ន​រាជ​ស្វាយរៀង​ប៉ះ​សូល​ទី​ឡូ​អង្គរ​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង នៅ​ម៉ោង​៦​ល្ងាច​៕  

Tag:
 បាល់ទាត់​
  បែ មករា​
  Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com