ជាតិ
«​ស្តាប់​»​និង​«​សណ្តាប់​»​សម្រាប់​ប្រើ​ខុសគ្នា​បែបណា​?
15, Feb 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បានបញ្ជាក់​ហើយ​ថា​ពាក្យ​«​ស្តាប់​»​ជា​កិរិយាសព្ទ ហើយ​«​សណ្តាប់​»​ជា​នាម​ន័យ​។ មិន​ពិបាក​ច្រឡំ​ថា​ពេលណា​គួរតែ​ប្រើពាក្យ​«​ស្តាប់​» និង​ពេលណា​គួរតែ​ប្រើ​«​សណ្តាប់​»​ឡើយ​។  
 
«​ស្តាប់​»​ដែល​សរសេរ​ជា​ជើងព្យញ្ជនៈ​«​ដ​» ជា​កិរិយាសព្ទ មានន័យថា ប្រុង​ត្រចៀក​ទទួល​ចាំ​ឮ​។ ស្ដាប់ធម៌​, ស្ដាប់ភ្លេង​។ ទទួល​ឱវាទ ត្រងត្រាប់​, យកពាក្យ​, យកសម្ដី​, ទទួល​ធ្វើតាម​, ស្ដាប់​ពាក្យ​ប្រដៅ​, ស្ដី​មិន​ស្ដាប់ ជឿ​ស្ដាប់ ស្ដាប់​ហើយ​ជឿ​តាម​, ទទួល​ប្រតិបត្តិ​តាម​។ 
 
​ចំណែក​«​សណ្តាប់​»​ជា​នាមសព្ទ​វិញ មានន័យថា ទម្លាប់​ដែល​កើតមាន​ដោយបាន​ស្ដាប់ឮ​តៗ​មក​, ទំនៀម​, បែប​, បែបបទ​។ ធ្វើតាម​សណ្ដាប់​បុរាណ​ពី​ព្រេងនាយ​, សណ្ដាប់​មាតាបិតា​,​សណ្ដាប់ស្រុក​, សណ្ដាប់​ប្រទេស​។​
 
​ម្យ៉ាងទៀត ពាក្យ​នេះ​ជា​រាជសព្ទ សម្រាប់​ប្រើ​ជាមួយ​ស្តេច​។ ឧទាហរណ៍​៖ ទ្រង់​ព្រះ​សណ្ដាប់ គឺ​ទ្រង់​ស្ដាប់​។​
 
​ជាទូទៅ ខ្មែរ​យើង​តែង​ចំណាំ​ប្រើពាក្យ​«​សណ្តាប់​»​នៅក្នុង​ន័យ​ថា សូម​សណ្តាប់​នូវ​បទ​ចម្រៀង​ដែល​ច្រៀង​ដោយ​.... ឬ​សូម​សណ្តាប់​នូវ​បទ​បង្ហាញ​ពី​ក្រុម​...​ជាដើម​។ ការពិត​ពាក្យ​«​សណ្តាប់​»​សម្រាប់​ប្រើតែ​នៅក្នុង​ភាសា​ក្សេត្រ​ដែលមាន​ដូចជា ព្រះ​សិរសា​(​ក្បាល​), នាសា​(​ច្រមុះ​), កាយ​(​ខ្លួន​), ផ្ទៃពោះ​(​ទ្រង់​គភ៌​), ព្រះកេសា​(​សក់​)​។​ល​៕  

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com