កីឡាជាតិ
ជាតិ
ព្រឹត្តិការណ៍​ថ្មើរជើង​ប្រវត្តិសាស្ត្រ រួមចំណែក​ព្យាបាល​របួស​ផ្លូវចិត្ត​ពលរដ្ឋ នៅ​ស្រុក​អន្លង់វែង​
15, Feb 2020 , 9:29 am        
រូបភាព
សកម្មភាពកីឡាក្នុងព្រឹត្តិការណ៍ថ្មើរជើងប្រវត្តិសាស្ត្រ, រូបភាពពី Cambodia SEA Games 2023
សកម្មភាពកីឡាក្នុងព្រឹត្តិការណ៍ថ្មើរជើងប្រវត្តិសាស្ត្រ, រូបភាពពី Cambodia SEA Games 2023
ដោយ:
​ព្រឹត្តិការណ៍​ថ្មើរជើង​ប្រវត្តិសាស្ត្រ​មិន​ត្រឹមតែ​ជួយ​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍ និង​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​កម្សាន្ត​នៅ​ស្រុក​អន្លង់វែង​ប៉ុណ្ណោះ​ទេ តែ​វា​បាន​ក្លាយជា​ថ្នាំ​ជួយ​ព្យាបាល​របួស​ផ្លូវចិត្ត​របស់​ពលរដ្ឋ ដែល​ដក់​ជាប់​ជាមួយ​សង្គ្រាមស៊ីវិល​ក្នុង​របប​ខ្មែរក្រហម​។ ព្រឹត្តិការណ៍​ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍ សហការ​ជាមួយ​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​មួយ​នេះ ក៏​ជា​ឱកាស​បើក​ទំព័រ​វិនិយោគ​នៅ​ស្រុក​នេះ សម្រាប់​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ផងដែរ​។

 
 
​លោក ហោ ជិន​វីរៈ​យុទ្ធ អភិបាលស្រុក​អន្លង់វែង ចាត់ទុក​ព្រឹត្តិការណ៍​ថ្មើរជើង​ប្រវត្តិសាស្ត្រ ជា​ឱសថ​ក្នុងការ​រួមចំណែក​ព្យាបាល​របួស​ផ្លូវចិត្ត​របស់​ប្រជាពលរដ្ឋ​ដែលមាន​ស្នាម​អតីតកាល​ជាមួយ​សង្គ្រាមស៊ីវិល​នៃ​របប​ខ្មែរក្រហម​។ ស្រុក​អន្លង់វែង​ដែលជា​ទីតាំង​ចុងក្រោយ​នៃ​របប​ខ្មែរក្រហម មាន​ពលរដ្ឋ​៧០​ទៅ​៨០​ភាគរយ​ជា​អតីត​កម្មាភិបាល និង​ជា​សមាជិក​នៃ​របប​ឈ្លោះ​គ្នាឯង​មួយ​នេះ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​អភិបាលស្រុក​អន្លង់វែង​។ 
 
​តាមរយៈ​ព្រឹត្តិការណ៍​ទេសចរណ៍​នេះដែរ វា​បានផ្តល់​ទំនុកចិត្ត​និង​ភាពក្លាហាន​ដល់​ពលរដ្ឋ ដែល​រស់នៅ​ជាមួយ​ការ​លាក់បាំង​រឿង​អតីតកាល​ក្នុង​របប​ខ្មែរក្រហម​ជាច្រើន​ឆ្នាំ ហ៊ាន​និយាយ​លាតត្រដាង​ពី​តួនាទី​របស់ខ្លួន​ក្នុង​អតីតកាល​ប្រាប់​អ្នកដទៃ​ជា​សាធារណៈ​។ លើសពីនេះ ធ្វើ​ឲ្យ​ពួកគេ​មាន​ទំនុកចិត្ត​កាន់តែខ្លាំង​ក្នុងការ​រស់នៅ និង​ប្រកប​របរ​រកស៊ី ជាពិសេស​ចូលរួម​ក្នុង​សកម្មភាព​អភិវឌ្ឍន៍​សង្គមជាតិ​។ 


លោក ហោ ជិនវីរៈយុទ្ធ អភិបាលស្រុកអន្លង់វែង, រូបភាពពី Cambodia SEA Games 2023
 
«​យើង​ដឹង​ហើយ​ថា ខ្មែរក្រហម​មុន​ធ្វើ​សមា​ហរ​ន្ត​កម្ម គឺ​គាត់​មានការ​បែកបាក់​គ្នា លាប​ពណ៌​គ្នា ធ្វើ​ឲ្យ​ទំនុកចិត្ត​និង​ការ​រស់​មិនសូវមាន​សតិអារម្មណ៍​ល្អ​នោះទេ​។ ប៉ុន្តែ​តាមរយៈ​ព្រឹត្តិការណ៍​នេះ ធ្វើ​ឲ្យ​គាត់​មាន​មោទកភាព និង​មាន​ស្មារតី​ក្នុងការ​ចូលរួម​....​យើង​សង្កេតឃើញ​ការចាប់អារម្មណ៍​ចុងក្រោយ ប្រតិបត្តិ​ករ​មួយចំនួន ដែល​មិន​ហ៊ាន​បង្ហាញខ្លួន​ថា គាត់​ជា​អតីត​មេបញ្ជាការ មាន​តូ​នាទី​នេះ តួនាទី​នោះ​ក្នុង​អតីតកាល តែ​ឥឡូវ​គាត់​ហ៊ាន​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហោ ជិន​វីរៈ​យុទ្ធ​។​
 
​សម្រាប់​លោក​អភិបាលស្រុក ព្រឹត្តិការណ៍​ថ្មើរជើង​ប្រវត្តិសាស្ត្រ គឺជា​ស្ពាន​ផ្សារភ្ជាប់​ស្រុក​អន្លង់វែង​ទៅកាន់​ពិភពលោក ជាពិសេស​ប្រទេស​ដែល​គិត​អវិជ្ជមាន​មកលើ​ស្រុក​កូនពៅ​គេ​ក្នុងការ​ទទួលបាន​សន្តិ​ភាព​នៅ​កម្ពុ​ជាមួយនេះ​។ «​ព្រឹត្តិការណ៍​នេះ គឺជា​ការទាក់ទាញ និង​ផ្សព្វផ្សាយ ដើម្បី​ភ្ជាប់​អន្លង់វែង​ទៅនឹង​ពិភពលោក និង​ប្រទេស​ដែល​គេ​ធ្លាប់តែ​ស្គាល់​ថា ស្រុក​នេះ​ជា​តំបន់​ឃោ​ឃៅ និង​បន្សល់​នូវ​ភាពឈឺចាប់ តែ​ឥឡូវ​អន្លង់វែង​ក្លាយជា​តំបន់​ដែលមាន​សន្តិភាព និង​មាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​នៅទីនេះ​»​។ នេះ​ជាការ​បន្ថែម​របស់លោក ហោ ជិន​វីរៈ​យុទ្ធ​។  
 
​មិន​ខុសគ្នា​ពី​លោក​អភិបាលស្រុក​អន្លង់វែង​នោះទេ លោក ឌី រ៉ា​ដូ អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានចាត់ទុក​ព្រឹត្តិការណ៍​ថ្មើរជើង​ប្រវត្តិសាស្ត្រ គឺជា​ឱកាស​ផ្សព្វផ្សាយ និង​បង្ហាញ​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ពិភពលោក​ឃើញថា អន្លង់វែង ដែលជា​ទីតាំង​មាន​អតីតកាល​មិនល្អ​នៅ​សម័យ​សង្គ្រាមស៊ីវិល មាន​សន្តិភាព​ពេញលេញ​ដូច​ស្រុក​ផ្សេងៗ​ដែរ​។ អភិបាលរង​រូបនេះ​រំពឹងថា តាមរយៈ​ព្រឹត្តិការណ៍​នេះ​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​ឲ្យ​មក​កម្សាន្ត និង​បោះទុន​រកស៊ី​នៅ​ស្រុក​នេះ​កាន់តែច្រើន​។​
 


 
«​ព្រឹត្តិការណ៍​នេះ នឹង​ជួយ​ផ្សព្វផ្សាយ​ពី​ស្រុក​អន្លង់វែង​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​និង​ពិភពលោក​ស្គាល់​កាន់តែច្បាស់​។ ពីមុន​យើង​ដឹង​ហើយ​ថា ស្រុក​អន្លង់វែង​ជា​កន្លែង​ដែលមាន​ស្លាកស្នាម​សង្គ្រាមស៊ីវិល ហើយ​ព្រឹត្តិការណ៍​នេះ ក៏​បង្ហាញ​ផងដែរ​ថា ស្រុក​អន្លង់វែង​មាន​សន្តិភាព​ពេញលេញ​។ ប្រការនេះ វា​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ និង​វិនិយោគិន​ឲ្យ​មក​កម្សាន្ត និង​បោះទុន​រកស៊ី​នៅទីនេះ​កាន់តែច្រើន​»​។ នេះ​ជាការ​លើកឡើង​របស់លោក ឌី រ៉ា​ដូ​។ 
 
​ជាមួយគ្នានេះ លោក ហោ ជិន​វីរៈ​យុទ្ធ ស្នើ​បណ្តា​ប្រទេស​ជឿនលឿន​នៅលើ​ពិភពលោក បញ្ជូន​អ្នក​វិនិយោគិន​ឲ្យ​មក​បោះ​ទុក​វិនិយោគ​រកស៊ី​នៅ​ស្រុក​អន្លង់វែង​ឲ្យ​កាន់តែច្រើន ដ្បិត​អន្លង់វែង​ជា​ស្រុក​មាន​សក្តានុពល​លើ​វិស័យ​កសិកម្ម ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​ធនធានធម្មជាតិ​។ អ្វីដែល​កាន់តែ​ពិសេស​ស្រុក​នេះ មាន​ច្រក​អន្តរជាតិ​ជាំ ដែល​ជាទី​ប្រសព្វ​រវាង​កម្ពុជា​-​ថៃ​។  
 
​អន្លង់វែង ដែលជា​តាំង​ចុងក្រោយ​នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​ក្នុង​របប​ខ្មែរក្រហម ស្ទើរ​ត្រូវបាន​គេ​បំភ្លេចចោល និង​ចាត់ទុកជា​ជាតិ​សាស្ត្រ​ឯកោ​។ ពលរដ្ឋ​បាន​រង​នូវ​ភាពឈឺចាប់ និង​ភាព​ខ្លោចផ្សា​ពីរ​បប​ឈ្លោះ​គ្នាឯង​នេះ ហើយ​ពួកគេ​រស់នៅ​ជាមួយ​ភាពភ័យខ្លាច និង​តក់ស្លុត​ជាទីបំផុត​។ ក្រោយ​របប​ខ្មែរក្រហម​ដួលរលំ​នៅ​ឆ្នាំ​១៩៧៩​និង​ការទទួលបាន​សន្តិភាព​ពេញលេញ​នៅ​ឆ្នាំ​១៩៩៨ ស្រុក​អន្លង​វែង មានការ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​អប់រំ ទេសចរណ៍ និង​កសិកម្ម​ជាដើម​។ 
 
«​អន្លង់វែង​ជាទី​តាំង​ដែល​យើង​បាន​រង​នូវ​ភាពឈឺចាប់ និង​ភាព​ខ្លោចផ្សា​ដោយសារ​សង្គ្រាម​គ្នាឯង​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​អន្លង់វែង​ត្រូវបាន​គេ​ចាត់ទុកជា​ជាតិ​សាសន៍​ឯកោ ដែល​គ្មាន​ទំនាក់ទំនង និង​គ្របដណ្តប់​ដោយ​ការ​គិតថា ពួកយើង​មាន​ភាព​ឃោ​ឃៅ​»​។ លោក ហោ ជិន​វីរៈ​យុទ្ធ លើកឡើង​បែបនេះ ហើយ​អះអាងថា ទោះ​បច្ចុប្បន្ន​អន្លង់វែង​ទទួលបាន​ស​ន្និ​ភាព​ពេញលេញ​ក៏ដោយ តែ​ពលរដ្ឋ​មួយចំនួន​ដែលជា​អតីត​កម្មាភិបាល និង​ជា​សមាជិក​ចលនា​ខ្មែរក្រហម បាន​បន្ត​រស់នៅ​ដោយ​លាក់បាំង​រឿង​អតីត​។​
 
​លោក សន សាន ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ស្រុក​អន្លង់វែង​ដែល​បាន​ចូលរួម​ប្រណាំងទូក​ក្នុង​ព្រឹត្តិការណ៍​ថ្មើរជើង​ប្រវត្តិសាស្ត្រ​បានបង្ហាញ​អារម្មណ៍​រំភើប​រីករាយ​យ៉ាងខ្លាំង ដែល​ក្រសួងទេសចរណ៍​សហកា​រ​ជាមួយ​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ និង NOCC បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍​ទេសចរណ៍​នេះ​ឡើង​។ លោក​អះអាងថា ស្រុក​អន្លង់វែង​កម្រ​មាន​ព្រឹត្តិការណ៍​ទ្រង់ទ្រាយ​ធំ​បែបនេះ​ណាស់​។ 
 
​ព្រឹត្តិការណ៍​នេះ មិន​ត្រឹមតែ​ផ្តល់​ភាពសប្បាយ​រីករាយ​ដល់​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ តែ​ជា​វេទិកា​ដ៏​ធំ​មួយ​សម្រាប់​ពលរដ្ឋ​អន្លង់វែង ដែល​ភាគច្រើន​ជា​អតីត​សមាជិក​កម្មាភិបាល​នៃ​របប​ខ្មែរក្រហម​មានឱកាស​ជួបជុំគ្នា ដើម្បី​បង្កើន និង​រឹតចំណង​សាមគ្គីភាព មិត្តភាព​ឲ្យ​តែ​ល្អប្រសើរ​។ លើសពីនេះ វា​ជួយ​បន្សាប​ភាពភ័យខ្លាច និង​លុបបំបាត់​ស្នាម​អតីត ដែល​បន្សល់ទុក​ពី​សង្គ្រាមស៊ីវិល​ដល់​ពល​រដ្ឋ​ទៀតផង​។ 
 
«​អារម្មណ៍​ខ្ញុំ​សប្បាយ​និង​អរ​ណាស់​ដែល​ស្រុក​យើង​ទទួលបាន​សន្តិភាព កាលពីមុន​គឺ​អត់​មាន​ទេ មានតែ​ស្នូរ​ផ្ទុះអាវុធ ដែល​ធ្វើ​ឲ្យ​យើង​ភ័យខ្លាច និង​គិតតែ​រត់ អត់​សូវ​បាន​សុខ​ទេ​។ ប៉ុន្តែ​ឥឡូវនេះ​មាន​សុខសន្តិភាព ហើយ​សប្បាយ​»​។ លោក សន សាន លើកឡើង​ដូច្នេះ​ជាមួយ​ការ​សំណូមពរ​ឲ្យ​ក្រសួងទេសចរណ៍ និង​រដ្ឋបាល​ស្រុក​អន្លង់វែង​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឲ្យ​កាន់តែច្រើន​។ 
 
​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍​ថ្មើរជើង​ប្រវត្តិសាស្ត្រ គឺជា​ឱកាស​នៃ​ការអប់រំ ជួបជុំ ផ្សព្វផ្សាយ និង​ការធ្វើ​សមា​ហរ​ន្ត​កម្ម​សហគមន៍​អន្លង់វែង​ជាមួយ​ក្រសួង ស្ថាប័ន​នានា​ឲ្យ​កាន់តែ​ល្អប្រសើរ​។ បន្ថែម​លើ​ការផ្តល់​ភាពជឿជាក់ និង​ទំនុកចិត្ត​ជូន​ពលរដ្ឋ​ស្រុក​អន្លង់វែង​ក្នុងការ​រស់នៅ និង​ប្រកប​របរ​រកស៊ី ព្រឹត្តិការណ៍​នេះ ក៏​ជួយ​រឹតចំណង​សាម​គី្គ​ភាព​រវាង​កម្ពុជា​-​ថៃ ឲ្យ​មាន​ភាពល្អ​ប្រើ​សើរ​ផងដែរ​។ 
 
​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រូបនេះ​បាន​បញ្ជាក់ថា លោក​នឹង​បន្ត​សហការ​ជាមួយ​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​រដ្ឋបាល​ស្រុក​អន្លង់វែង​រៀបចំ​ព្រឹត្តិការណ៍​នេះ ឲ្យ​មាន​ជា​រៀងរាល់ឆ្នាំ​។ លោក​គ្រោង​ធ្វើ​សំយោគ​នៃ​ព្រឹត្តិការណ៍​នេះ ដើម្បី​ដាក់​ស្នើ​ទៅកាន់​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍ និង​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​សុំ​ជំនួយ​គាំទ្រ​ក្នុង​ការរក្សា​ស្ថេរភាព និរន្តរភាព និង​ពង្រីក​ព្រឹត្តិការណ៍​នេះ​កាន់តែ​ធំ​ថែមទៀត​។​
 


 លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍
​សម្រាប់​លោក វ៉ា​ត់ ចំរើន ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​មិន​គ្រាន់តែ​ជួយ​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍ និង​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​កម្សាន្ត​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​នៅ​ស្រុក​អន្លង់វែង​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ឱកាស​ដើម្បី​បង្ហាញ​ពី​វិស័យ​សក្តានុពល​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​ជាតិ​និង​អន្តរជាតិ​ទៀតផង​។ លោក​ជឿជាក់ថា តាមរយៈ​ព្រឹត្តិការណ៍​ថ្មើរជើង​ប្រវត្តិសាស្ត្រ​នេះ​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​ឲ្យ​មក​កម្សាន្ត និង​បោះ​ទុក​រកស៊ី​កាន់តែច្រើន​នៅ​ស្រុក​អន្លង់វែង​។ 
 
​បើតាម​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រូបនេះ ព្រឹត្តិការណ៍​ថ្មើរជើង​ប្រវត្តិសាស្ត្រ​លើក​ទី​៣​នៅ​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ឆ្នាំក្រោយ គ្រោង​រៀបចំ​ចាប់ពី​ថ្ងៃទី​២៩-៣១ ខែមករា ឆ្នាំ​២០២១៕  
 


 លោក ហោ ជិនវីរៈយុទ្ធ, លោក វ៉ាត់ ចំរើន និងលោក ឌី រ៉ាដូ (រាប់ពីឆ្វេងទៅស្តាំ), រូបភាពពី Cambodia SEA Games 2023
 
 
  

Tag:
 ថ្មើរជើង​ប្រវត្តិសាស្ត្រ​
  វា់ត់ ចំរើន​
  ឌី រ៉ា​ដូ​
  ហោ ជិន​វីរៈ​យុទ្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com