អន្តរជាតិ
COVID-19៖ អ្នកស្លាប់​ឡើងដល់​១៥២៣​នាក់ ខណៈ​អេ​ហ្ស៊ី​ប​ជា​ប្រទេស​អាហ្វ្រិក​ដំបូង​ដែលរកឃើញ​ករណី​ឆ្លង​
15, Feb 2020 , 7:10 am        
រូបភាព
ដោយ: រួបរួម
អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV) ឡើងដល់​នាក់​១៥២៣​នាក់​ហើយ បើ​គិត​ត្រឹម​ម៉ោង​៧ ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៥ ខែកុម្ភៈ នេះ​។ ស្របពេល​ជាមួយគ្នា អេ​ហ្ស៊ី​ប បានប្រកាស​ពី​ការរកឃើញ​ករណី​ដំបូង​នៅក្នុង​ប្រទេស​របស់ខ្លួន និង​ជា​ប្រទេស​ដំបូង​បំផុត​នៅ​អាហ្វ្រិក ដែល​បាន​រកឃើញ​វត្តមាន​អ្នក​កើត​ជំងឺ​ដែល​កំពុង​រាតត្បាត​មួយ​នេះ​។​



​ទិន្នន័យ ncov.dxy.cn និង BNO News បង្ហាញ​ផងដែរ​ថា តួលេខ​អ្នកជំងឺ​កើន​ឡើងដល់​ប្រមាណ​៦៧ ០០០​នាក់ នៅ​ប្រទេស​ចំនួន​២៦ ដោយ​ភាគច្រើនបំផុត​នៅ​ចិន ជាពិសេស​នៅ​ក្រុង​វូ​ហាន​ដែលជា​កន្លែង​ផ្ទុះ​ជំងឺ​។ អ្នកជំងឺ​ជាង​១០០០០​នាក់ ត្រូវបាន​រាយការណ៍​ថា ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ រីឯ​ប្រមាណ​៧៧០០​នាក់ បាន​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​ក្រៅពី​ចិន និង​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ប្រទេស​២៥​ផ្សេងទៀត​ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស​រួមមាន ជប៉ុន (​បញ្ចូល​ទាំង​អ្នកជំងឺ​នៅលើ​នាវា​ទេសចរណ៍ Diamond Princess) ថៃ សិង្ហ​បុរី កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភព​អង់គ្លេស កម្ពុជា ហ្វាំ​ង​ឡង់ ឥណ្ឌា ណេ​ប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត អេ​ស្ប៉ា​ញ បែលហ្ស៊ិក និង​អេ​ហ្ស៊ី​ប​៕



Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com