ជាតិ
​ទូត​អាមេរិក​៖ រដ្ឋាភិបាល​ខ្មែរ​ធ្វើ​កិច្ចការ​មនុស្សធម៌​សុទ្ធសាធ មិនមែន​នយោបាយ​ឡើយ​
15, Feb 2020 , 4:51 pm        
រូបភាព
លោក W.Patrick Murphy ថ្លែងទៅកាន់អ្នកសារព័ត៌មាន​នៅពេលដែលលោកទៅជួបអ្នកដំណើរនៅ Westerdam ដោយផ្ទាល់។ រូបថត AFP
លោក W.Patrick Murphy ថ្លែងទៅកាន់អ្នកសារព័ត៌មាន​នៅពេលដែលលោកទៅជួបអ្នកដំណើរនៅ Westerdam ដោយផ្ទាល់។ រូបថត AFP
​ភ្នំពេញ​៖  ការអនុញ្ញាតឱ្យ​នាវា​ទេសចរណ៍​អាមេរិក Westerdam ចូល​ចត​នៅ​កំពង់ផែ ក្នុង​ខេត្ត​ព្រះសីហនុ  គឺ​មិនមែនជា​រឿង​នយោបាយ​នោះឡើយ​។ នេះ​ជាការ​លើកឡើង​របស់លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ដោយ​លោក​បាន​បញ្ជាក់ថា ការឱ្យ​នាវា Westerdam ចូល​ចត​នេះ គឺជា​កិច្ចការ​មនុស្សធម៌​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា បើទោះបី​កម្ពុជា និង​អាមេរិក មានការ​ខ្វែងគំនិត​គ្នា​មួយចំនួន​លើ​រឿង​នយោបាយ​ក៏ដោយ​។​

 
​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​១៥​កុម្ភៈ ឆ្នាំ​២០២០ លោក W. Patrick Murphy បាន​សម្តែង​នូវ​ការដឹក​គុណ​ដល់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​អញ្ញាត​ឱ្យ​នាវា Westerdam ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​។ ឯកអគ្គរដ្ឋទូត​រូបនេះ បានបញ្ជាក់​ដូច្នេះ ទង្វើ​បែបនេះ​គឺជា​កាយវិការ​មួយ​ដ៏​ល្អ ខណៈដែល​ប្រទេស​ផ្សេង​មិន​អនុញ្ញាតឱ្យ​នាវា​នេះ​ចូល​ចត​។​
 
​លោក W. Patrick Murphy បាន​និយាយ​ដូច្នេះ​៖ «​នាវា Westerdam  គឺជា​នាវា​ដែល​កំពុង​ជួប​បញ្ហា ហើយ​យើង​បាន​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​កម្ពុជា ដើម្បី​សុំ​ជំនួយ​ឱ្យ​នាវា​នោះ​ចូល​ចត និង​រំដោះ​មនុស្ស​ដែល​ជាប់​ក្នុង​នាវា​ហ្នឹង ឱ្យបាន​ទៅ​ប្រទេស​របស់គេ​រៀងៗ​ខ្លួន​វិញ​»​។ លោក​បាន​បន្តថា​៖«​នាវា​នោះ គឺជា​នាវា​របស់​អាមេរិក ហើយ​មនុស្ស​នៅក្នុង​នាវា​នោះ ភាគច្រើន គឺ​ជនជាតិ​អាមេរិក ហើយ​នេះ​ជា​ទំនួល​ខុសត្រូវ​របស់ខ្ញុំ ក្នុង​ការជួយ​ពលរដ្ឋ​ដើម្បីឱ្យ​ពួកគេ​ធ្វើដំណើរ​ទៅផ្ទះ​វិញ បាន​ដោយ​សុវត្ថិភាព​។ យើង​ក៏​ទទួលបាន​ការឆ្លើយតប​ភ្លាមៗ​ពី​រដ្ឋា​បាល​កម្ពុជា ក្នុង​ការឱ្យ​នាវា​នោះ​ចូល​ចត​»​។ 
 
​ជាមួយគ្នា​លោក W. Patrick Murphy បាន​ចាត់ទុកថា​ការអនុញ្ញាតឱ្យ​នាវា​Westerdam ចូល​ចត​ក្នុង​កំពង់ផែ​ព្រះសីហនុ​នោះ គឺ​សកម្មភាព​បែប​មនុស្សធម៌ ហើយ​លោក សង្ឃឹមថា បណ្តា​ប្រទេស​ដទៃទៀត នឹងធ្វើ​ទង្វើ​ដ៏​ល្អ​នេះ ដូច​កម្ពុជា​។ ឯកអគ្គរដ្ឋទូត​រូបនេះ​បាន​និយាយថា​៖«​រឿងនេះ គឺជា​រឿង​មនុស្សធម៌​មិនមែនជា​រឿង​នយោបាយ​ទេ​។ ទាក់ទង​រឿង​នយោបាយ គឺថា​យើង​មានការ​ខ្វែងគំនិត​គ្នា​ខ្លះ​ក៏ពិតមែន ក៏ប៉ុន្តែ​យើង​មាន​មូលដ្ឋាន​រឹងមាំ​ក្នុងការ​ធ្វើការ​ជាមួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ ដែលមាន​រាប់​ទសវត្សរ៍​មកហើយ​។ យើង​នឹង​ខិតខំ​ធ្វើ​រឿងនេះ ដើម្បី​ធ្វើឱ្យ​ទំនាក់ទំនង​នៃ​ប្រទេស​យើង​ទាំងពីរ​កាន់តែ​ល្អ ជាពិសេស​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​»​។​
 
​សូម​រម្លឹកថា នាវា​ទេសចរណ៍​របស់​អាមេរិក Westerdam បាន​ចូល​សំចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ កាល​ព្រឹក​ថ្ងៃទី​១៣​កុម្ភៈ ឆ្នាំ​២០២០ ក្រោយ​មានការ​បដិសេធ​មិនឱ្យ​ចត ពី​ប្រទេស​ជប៉ុន តៃវ៉ាន់ កោះ​ហ្គា​ម ហ្វីលីពីន និង​ថៃ ដោយ​ព្រួយបារម្ភ​ពី​បញ្ហា​ឆ្លង​ជំងឺ​រលាក​សួត COVID-19​។ នាវា​នេះ ផ្ទុក​មនុស្ស​សរុប ២២៥៧​នាក់​។ ក្នុងនោះ​អ្នកដំណើរ ចំនួន​១,៤៥៥​នាក់ និង​នា​វឹក​(​បុគ្គលិក​កប៉ាល់​) ៨០២​នាក់​៕
 

Tag:
 ទេសចរណ៍​
  Westerdam
  កំពង់ផែ​
  លោក W. Patrick Murphy
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com