ជាតិ
លោក គួច ចំរើន​៖ បើ​សុខ​ភាពល្អ និង​មាន​សំបុត្រ​យន្តហោះ ភ្ញៀវ Westerdam នៅតែ​អាច​ចេញពី​កម្ពុជា​បាន​
16, Feb 2020 , 11:48 am        
រូបភាព
អ្នក​ដំណើរលើនាវា Westerdam ចេញជាបន្តបន្ទាប់ពីអាកាសយានដ្ឋានកងកេង មកភ្នំពេញ។ រូបថត សែម វណ្ណា
អ្នក​ដំណើរលើនាវា Westerdam ចេញជាបន្តបន្ទាប់ពីអាកាសយានដ្ឋានកងកេង មកភ្នំពេញ។ រូបថត សែម វណ្ណា
​ភ្នំពេញ​៖  ភ្ញៀវទេសចរ​ដែល​នៅ​សេសសល់​ក្នុង​នាវា MS Westerdam  នៅតែ​អាច​ចាក​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ដើមកំណើត​រៀងៗ​ខ្លួន​បាន ប្រសិនបើ​អ្នកនោះ​ទាំង​មាន​សុខភាព​ល្អ​ដែល​មិន​ពាក់ព័ន្ធ​នឹង​មេរោគ​កូ​រ៉ូ​ណា​(COVID-19) មាន​សំបុត្រ​យន្តហោះ​សម្រាប់ធ្វើ​ដំណើរ​បន្ត​ទៅមុខ​ទៀត និង មាន​បណ្តា​ប្រទេស​ផ្សេងៗ​អនុញ្ញាតឱ្យ​ភ្ញៀវទេសចរ​ទាំងនោះ​ចូល​ឆ្លងកាត់​។ នេះ​ជាការ​លើកឡើង​របស់លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​។

​លោក​គួច ចំរើន បាន​បន្ត​ប្រាប់​សារព័ត៌មាន​ThmeyThmey តាម​ទូរ​សព្ទ​ថា  គិត​ត្រឹម​ម៉ោងជាង​៩​ព្រឹក​នា​ថ្ងៃទី​១៦​កុម្ភៈ​នេះ ភ្ញៀវទេសចរ​ដែលមាន​នៅសល់​ក្នុង​នាវា MS Westerdam ជាង​២០០​នាក់​ទៀត​នោះ សមត្ថកិច្ច និង​អ្នកជំនាញ​សុខាភិបាល មិនទាន់​រកឃើញ​នរ​ណា​ម្នាក់​មាន​បញ្ហា​សុខភាព​ដែល​ពាក់ព័ន្ធ​ទៅនឹង​មេរោគ​កូ​រ៉ូ​ណា​ឡើយ ដូច្នេះ​ភ្ញៀវទេសចរ​នៅតែ​អាច​បន្ត​ធ្វើដំណើរ​ទៅកាន់​ប្រទេស​របស់ខ្លួន​បាន​។ ប៉ុន្តែ​ធ្វើការ​ដំណើរ​នោះ ត្រូវ​ទាមទារ​ឱ្យ​ភ្ញៀវ​ទាំងនោះ មាន​សំបុត្រ​យន្តហោះ និង​មានការ​អនុញ្ញាត​ឱ្យចូល​ពី​បណ្តា​ប្រទេស​ផ្សេងៗ​។​
 
​បើតាម លោក គួច ចំរើន ទោះបីជា​ភ្ញៀវទេសចរ​ទាំងនោះ មាន​សុខ​ភាពល្អ ដែល​គ្មាន​ករណី​សង្ស័យ​នៃ​ការផ្ទុក​មេរោគ​COVID-19​ក៏ដោយ ក៏​មិនអាច​ចាក​ចេញពី​កម្ពុជា​បាន​ផងដែរ ប្រសិនបើ​គ្មាន​ការអនុញ្ញាតឱ្យ​ឆ្លងកាត់​ពី​ប្រទេស​ផ្សេងៗ ដើម្បី​បន្តដំណើរ​ទៅកាន់​ប្រទេស​កំណើត​របស់ខ្លួន​វិញ​។ 
 
​អភិបាលខេត្ត​រូបនេះ បាន​និយាយ​ដូច្នេះ​៖ « បើ​យើង​រកម​នុស្ស​មិនឃើញ​មាន​ផ្ទុកមេរោគ​(COVID-19) យើង​ឃុំ​មនុស្ស​ទុក វា​មិនត្រូវ​រឿង​ដែល​អាចធ្វើឱ្យ​ប៉ះពាល់​សេរីភាព​របស់​ពួកគាត់​។ ប៉ុន្តែ​ការធ្វើដំណើរ​របស់​ភ្ញៀវ​ទាំងនោះ យើង​ក៏​សូម​ភ្ជាប់​លក្ខខណ្ឌ​ជាមួយ​ថា [​យើង​អនុញ្ញាតឱ្យ​ពួកគេ​ទៅបាន លុះត្រាតែ​គាត់​មាន​សំបុត្រយន្តហោះ  ដើម្បី​បន្ត​ហោះហើរ​ទៅមុខ​បន្តទៀត​]»​។  លោក​បាន​បន្ត​បញ្ជាក់ថា​៖ «​ភ្ញៀវទេសចរ​ដែល​នៅសល់​ក្នុង​នាវា​នោះ បើ យើង​រក​មិនឃើញ​មាន​ករណី​សង្ស័យ​នៃ​មេរោគ​COVID-19​ទេ ហើយ​ពួកគាត់​មាន​សំបុត្រ​យន្តហោះ  និង​បណ្តា​ប្រទេស​ផ្សេងៗ​គេ​អនុញ្ញាតឱ្យ​គាត់​ទៅ  ទើប​យើង​ឱ្យ​ពួកគាត់​ចេញពី​នេះ ទៅកាន់​ប្រទេស​របស់គាត់​ជា​បន្ត​»​។ 
 
​លោក គួច ចំរើន បាន​បញ្ជាក់ថា បច្ចុប្បន្ន​នាវា​ទេសចរណ៍​របស់​អាមេរិក MS Westerdam ដែល​កំពុង​ស្ថិតនៅ​កំពង់ផែ​ព្រះសីហនុ នោះ គឺ​នៅមាន​មនុស្ស​ជាង​៩០០​នាក់​ទៀត​។ ក្នុង​មាន​ភ្ញៀវទេសចរ​ជាង​២០០​នាក់ និង​នាវិក​៧០០​នាក់​។ លោក​បាន​បន្តថា តាម​ការគ្រោងទុក​នាវា​នេះ នឹង​ចាក​ចេញពី​កម្ពុជា​នៅ​ថ្ងៃទី​១៦​កុម្ភៈ ឆ្នាំ​២០២០ ប៉ុន្តែ​ដោយសារ​មាន​បញ្ហា​នៃ​ការប្រកាស​រកឃើញ​COVID-19 ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី   លើ​ស្ត្រី​វ័យ​៨៣​ឆ្នាំ​ម្នា​ក់បាន​ស្ថិតនៅក្នុង​នាវា MS Westerdam ក៏​ត្រូវបាន​ពន្យារពេល​នៃ​ថ្ងៃ​ចាកចេញ​។  
 
​សូមជម្រាបថា ស្រី្ត​វ័យ​៨៣​ឆ្នាំ​នោះ គឺជា​ជនជាតិ​អាមេរិកាំង ដែល​បាន​ធ្វើដំណើរ​កម្សាន្ត​លើ​នាវា MS Westerdam ហើយ​បាន​ចូល​ចត​នៅ​កំពង់ផែ​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​១៣​កុម្ភៈ  រួចហើយ​បាន​បន្ត​ចេញពី​កម្ពុជា​តាម​ជើងយន្តហោះ កាលពី​ថ្ងៃទី​១៤​កុម្ភៈ ដើម្បី​ទៅកាន់​ប្រទេស​កំណើត​ខ្លួន​។​
 
​សូម​រម្លឹកថា នាវា​ទេសចរណ៍​របស់​អាមេរិក MS Westerdam បាន​ចូល​សំចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ កាល​ព្រឹក​ថ្ងៃទី​១៣​កុម្ភៈ ឆ្នាំ​២០២០ ក្រោយ​មានការ​បដិសេធ​មិនឱ្យ​ចត ពី​ប្រទេស​ជប៉ុន តៃវ៉ាន់ កោះ​ហ្គា​ម ហ្វីលីពីន និង​ថៃ ដោយ​ព្រួយបារម្ភ​ពី​បញ្ហា​ឆ្លង​ជំងឺ​រលាក​សួត COVID-19​។ នាវា​នេះ ផ្ទុក​មនុស្ស​សរុប ២២៥៧​នាក់ ក្នុងនោះ​អ្នកដំណើរ ចំនួន​១,៤៥៥​នាក់ និង​នាវិក​បុគ្គលិក​នាវា ៨០២​នាក់​៕

Tag:
 លោក គួច ចំរើន​
  Westerdam
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com