ជាតិ
សុខភាព
ក្រសួងសុខាភិបាល​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ភ័យខ្លាច​ហួសហេតុ ហើយ​បន្ត​អនុវត្ត​វិធាន​ការពារ​ខ្លួន​
16, Feb 2020 , 12:48 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នាពេលចុះទៅពិនិត្យស្ថានភាពនៅខេត្តសៀមរាបកន្លងមក។ រូបថត អ៊ីសា រ៉ហានី
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នាពេលចុះទៅពិនិត្យស្ថានភាពនៅខេត្តសៀមរាបកន្លងមក។ រូបថត អ៊ីសា រ៉ហានី
ដោយ: រួបរួម
​ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃអាទិត្យ ទី​១៦ ខែកុម្ភៈ នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយទៀត ដោយបាន​អះអាង​ពី​ការស្នើ​ទៅ​ភាគី​ម៉ាឡេស៊ី ឲ្យ​ផ្តល់ព័ត៌មាន​ជាក់លាក់​ជា​ផ្លូវការ​តាមរយៈ​ក្រសួងការបរទេស ទាក់ទង​នឹង​ករណី​ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ថ្មី (COVID-19) លើ​ស្ត្រី​ជនជាតិ​អាមេរិក​វ័យ​៨៣​ឆ្នាំ​ម្នាក់ ក្រោយពី​បាន​ចាក​ចេញពី​នាវា Westerdam នា​ផែ​ព្រះសីហនុ​។​



«​ក្រសួងសុខាភិបាល​នៅតែ​ទាមទារ​ឲ្យ​អាជ្ញាធរ​សុខាភិបាល​ម៉ាឡេស៊ី មានការ​ត្រួតពិនិត្យ​ឡើងវិញ​យ៉ាង​ម៉ត់ចត់​នូវ​លទ្ធផល​ដែល​បានប្រកាស​កាលពី​យប់​ថ្ងៃទី​១៥ ខែកុម្ភៈ​»​។ នេះ​ជាការ​បញ្ជាក់​ក្រសួងសុខាភិបាល​កម្ពុជា​។​

​ស្ត្រី​អាមេរិក​វ័យ​៨៣​ឆ្នាំ ត្រូវបាន​រាយការណ៍​ថា ជា​ករណី​ឆ្លង​ទី​២២​នៅ​ម៉ាឡេស៊ី ដោយ​ស្ត្រី​រូបនោះ ស្ថិតក្នុង​ចំណោម​មនុស្ស​ជាង​២០០០​នាក់​ក្នុង​នាវា Westerdam ដែល​បាន​សំចត​នៅ​ផែ​ព្រះសីហនុ កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ក្រោយ​ជប៉ុន តៃវ៉ាន់ ហ្គា​ម ហ្វីលីពីន និង​ថៃ បដិសេធ ក្រោម​ហេតុផល​ព្រួយបារម្ភ​ពី​ការឆ្លង COVID-19​។​

​ក្រសួងសុខាភិបាល​កម្ពុ​ជា​បាន​អះអាង​ពី​សុ​ក្រិត​ភាព​របស់ខ្លួន​លើ​ការពិនិត្យ​សុខភាព​អ្នកដំណើរ​ទាំងនោះ តាម​ស្តង់ដារ ដោយមាន​ការចូលរួម​ពិភាក្សា​ជាមួយ​អង្គការ​សុខភាព​ពិភពលោក (WHO) មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​សហរដ្ឋអាមេរិក (USCDC) វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។

​បច្ចុប្បន្ន ក្រសួង​បន្ត​ពិនិត្យ​លើ​អ្នកដំណើរ​ដែល​នៅ​សេសសល់ ជាពិសេស​អ្នកដំណើរ​ដែល​ត្រូវ​បន្តដំណើរ​តាម​ជើងហោះហើរ​នា​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ​។​

​ជាមួយគ្នានេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​របស់​ក្រសួង បាន​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ឲ្យ​មានការ​ភ័យខ្លាច​ហួសហេតុ ហើយ​បន្ត​អនុវត្តតាម​វិធាន​ការពារ​ខ្លួន​សំខាន់ៗ​ជា​ចាំបាច់​។​

​ក្រុមហ៊ុន Holland America Line ក៏​រង់ចាំ​លទ្ធផល​តេស្ត៍​លើក​ទី​២​របស់​ភាគី​ម៉ាឡេស៊ី​ផងដែរ ដោយ​ចាត់ទុក​លទ្ធផល​ដែល​ម៉ាឡេស៊ី​បានប្រកាស​កាលពី​យប់​ថ្ងៃទី​១៥ ខែកុម្ភៈ ជា​លទ្ធផល​បឋម​។​

​ជាមួយគ្នានេះ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ព្យាយាម​ពង្រឹង​កិច្ចសហការ​កាន់តែខ្លាំង​ជាមួយ​ជាមួយ​អាជ្ញាធរ​ខ្មែរ បណ្តា​ស្ថានទូត​អាមេរិក​ក្នុង​តំបន់ រួមទាំង​ក្រុមហ៊ុន Holland America Line ដើម្បី​ផ្តល់​ការឆ្លើយ​រាល់​តម្រូវការ​របស់​ព​ល​រដ្ឋ​ខ្លួន​។  «​យើងខ្ញុំ​កំពុង​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​កម្ពុជា ស្ថានទូត​អាមេរិក ប្រចាំ​តំបន់ និង​ក្រុមហ៊ុន Holland America Line ដើម្បី​ធានា​ដល់​ពលរដ្ឋ​អាមេរិក​ទទួលបាន​ជំនួយ​នៅពេលដែល​ពួកគេ​ត្រូវការ​»​។ នេះ​ជាការ​លើកឡើង​របស់​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។​

​ក្រោយ​សំណើរ​របស់​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា រដ្ឋាភិបាល​ខ្មែរ បានអនុញ្ញាត​ឲ្យ​នាវា Westerdam ចូល​សំចត​នៅ​ផែ​ព្រះសីហនុ ដោយមាន​ផ្ទុក​អ្នកដំណើរ និង​បុគ្គលិក​នាវា​សរុប​២២៥៧​នាក់ ក្នុងនោះ​អ្នកដំណើរ​ជាង​៦០០​នាក់​ជា​ជនជាតិ​អាមេរិក​។​

Westerdam បានចេញ​ដំណើរ​ពី​ហុងកុង​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ក្នុង​គោលដៅ​ទៅ​ជប៉ុន ប៉ុន្តែ​ត្រូវបាន​បដិសេធ ក្រោម​ហេតុផល​ភ័យខ្លាច​ករណី​ឆ្លង COVID-19 ខណៈ​ជប៉ុន​ផ្ទាល់​ជួប​ករណី​ឆ្លង​នៅលើ​នាវា Diamond Princess រួចទៅហើយ​។ ក្រោយមកទៀត តៃវ៉ាន់ ហ្គា​ម ហ្វីលីពីន និង​ថៃ បាន​បន្ត​បដិសេធ មុននឹង Westerdam អាច​ចុះចត​បាន​នៅ​ផែ​ព្រះសីហនុ កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ដោយ​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​បានលើកឡើង​ពី​ហេតុផល​មនុស្សធម៌​។​



សំណាក​មនុស្ស​២០​នាក់​ដែលមាន​អាការ​មិន​ស្រួល ត្រូវបាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រកឃើញ​អវិជ្ជមាន​ពី COVID-19 ហើយ​ក្រោយ​អ្នកដំណើរ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​នាវា​ឆ្ពោះ​មក​អាកាសយានដ្ឋាន​អន្តរជាតិ​ជា​បន្តបន្ទាប់ ក្រោយ​ការត្រួតពិនិត្យ​សុខភាព​រួច​៕




© រក្សាសិទ្ធិដោយ thmeythmey.com