អន្តរជាតិ
២៥ខេត្ត/រាជធានី
​អ្នកជំងឺ​ដែលមាន​តែ​១​ករណី​នៅបែលហ្ស៊ិក បានជា​សះស្បើយ​ពី COVID-19 ហើយ​
16, Feb 2020 , 3:25 pm        
រូបភាព
លោក Philip Soubry ត្រូវបានអនុញ្ញាត​ឲ្យចេញពីពេទ្យក្រោយសម្រាកព្យាបាល១១ថ្ងៃ។ រូបថត HLN
លោក Philip Soubry ត្រូវបានអនុញ្ញាត​ឲ្យចេញពីពេទ្យក្រោយសម្រាកព្យាបាល១១ថ្ងៃ។ រូបថត HLN
ដោយ: រួបរួម
​បុរស​បែលហ្ស៊ិក​ឈ្មោះ Philip Soubry ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ  ក្រោយ​លោក​បានជា​សះស្បើយ​ពី​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ដែលជា​ករណី​តែមួយគត់​នៅក្នុង​ប្រទេស​បែលហ្ស៊ិក​។​

 
«​ទីបំផុត​ទៅ​ខ្ញុំ​មានឱកាស​ស្រូបខ្យល់​បរិយាកាស​វិញ​ហើយ​»​។ បុរស​វ័យ​៥៤​ឆ្នាំ​រូបនេះ និយាយ​ទៅកាន់​សារព័ត៌មាន VTM News កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ក្រោយ​ពេលដែល​លោក​ចាក​ចេញពី​មន្ទីរពេទ្យ Sint-Pieters ក្នុង​ក្រុង​ព្រុ​ច​សែ​ល​។​
 
​លោក Philip Soubry ស្ថិតក្នុង​ចំណោម​ជនជាតិ​បែលហ្ស៊ិក​ដែល​ត្រូវបាន​ជម្លៀស​ពី​ក្រុង​វូ​ហាន​កាលពី​ថ្ងៃទី​២ ខែកុម្ភៈ ហើយ​លោក​ជា​មនុស្ស​តែ​ម្នាក់​គត់​មាន​លទ្ធផល​តេស្ត​វិជ្ជមាន​លើ​ការឆ្លង​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ។​
 
​លទ្ធផល​តេស្ត​ពីរលើក​ចុងក្រោយ កាលពី​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍ បង្ហាញថា លោក​គ្មាន​វត្តមាន​ជំងឺ COVID-19 ទៀត​នោះឡើយ ហើយក៏​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។ មនុស្ស​ប្រមាណ​១០​នាក់​ទៀត​ដែល​ស្ថិតក្រោម​វិធាន​ច​ត្តា​ឡី​ស័ក​នៅ​មន្ទីរពេទ្យ​យោធា Neder-over-Hemmbeek អស់​រយៈ​ពីរ​សប្តាហ៍​កន្លងមក ក៏​នឹងត្រូវ​ចេញពី​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​ផងដែរ​។​
 
​បែលហ្ស៊ិក​ស្ថិតក្នុង​ចំណោម​ប្រទេស​ចំនួន​៧​ដែល​រកឃើញ​អ្នក​ឆ្លង COVID-19 ១​ករណី​។ ប្រទេស​ផ្សេងទៀត​ដែល​បាន​ព្យាបាល​សះស្បើយ​អ្នកជំងឺ​ដែរនោះ​រួមមាន កម្ពុជា ស្រីលង្កា ហ្វាំ​ង​ឡង់ និង​ណេ​ប៉ាល់ ខណៈ​ករណី​នៅ​ស៊ុយអែត និង​អេ​ហ្ស៊ី​ប ក៏​មិនមាន​ស្ថានភាព​ធ្ងន់ធ្ងរ​នោះដែរ​៕

Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com