បទយកការណ៍ / បទសម្ភាសន៍
ជាតិ
សង្គមជាតិ
បទយកការណ៍៖ កូនចៅ​នាំគ្នា​ថតរូប​ភ្ជាប់​និស្ស័យ​ជាមួយ​ព្រះ​បរម​បដិមា
14, Oct 2013 , 9:20 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រោយពី​វិមាន​ព្រះ​បរម​រូប និង​ព្រះ​បរម​បដិមា​ព្រះ​បរម​រតន​កោដ្ឋ ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី១១ ខែតុលា ឆ្នាំ២០១៣កន្លងមក វិថី​នៅ​ម្តុំ​សួនច្បារ​ខាងកើត​វិមាន​ឯករាជ ហាក់​មានការ​កកស្ទះ​ដោយ ម៉ូតូ រថយន្ត​ជាច្រើន បាន​សំចត កកកុញ​ព័ទ្ធជុំវិញ​សួនច្បារ។ អ្នកធ្វើដំណើរ​ជា ច្រើន​កំពុង​នាំគ្នា​ទស្សនា និង​ថតរូប​ភ្ជាប់​និស្ស័យ​នឹង​រូបសំណាក​សម្តេចឪ។


ប្រជាពលរដ្ឋ ប្រុស ស្រី ចាស់ ក្មេង យ៉ាងច្រើន​កុះករ បាន​នឹង​កំពុង​ឈរ​ទស្សនា​យ៉ាង​យកចិត្តទុកដាក់
។ អ្នកខ្លះ​ដក​ម៉ា​ស៊ី​ថត ផ្តិត​យក​រូបភាព​ព្រះ​បរម​រូប​ទុកជា​អនុ​ស្សវ​រី​យ៍។ អ្នក​ខ្លះទៀត ប្រើ​ទូរស័ព្ទដៃ ឬ​អាយ​ផេ​ត ជាដើម​នោះ ថត​ភ្ជាប់​រូប​រប​សស់​ខ្លួនឯង ជាមួយនឹង​ព្រះ​បរម​រូប​សម្តេចឪ​ទុក​ភ្ជាប់​និស្ស័យ​ផងដែរ។ អ្នកខ្លះ​ឈរ​សម្លឹង​ឥត​ព្រិច ហាក់​កំពុង​សម្តែង​ការ​នឹងរ​ឮ​ក​យ៉ាងខ្លាំង​ដល់​ព្រះអង្គ។ រីឯ​អ្នក​មួយចំនួន ផ្សេងទៀត ក៏​កំពុង​អង្គុយ​រំ​ឮ​ក​ពី​ស្នាដៃ​ដ៏​ច្រើន​លើសលប់រ​របស់​ព្រះអង្គ ដែល​បាន​រុញច្រាន​នាវា​កម្ពុជា ឲ្យ​មកដល់​សព្វថ្ងៃនេះ។

ខណៈ​កំពុង​ឈរ​នៅក្នុង​ចំណោម​មនុស្សម្នា​ជាច្រើន ដៃ​ទាំងពីរ​ក្តោប​កាន់​ឈើច្រត់ ផ្ទប់​ទៅនឹង​ឥដ្ឋ លោកយាយ ចាន់ ផល្លា បាន រៀបរាប់ថា៖«ក្រោយពី​ឮដំណឹង​ថា រូបសំណាក់​ព្រះអង្គ​បានអនុញ្ញាត​ឲ្យ ចូល​ទស្សនា​ហើយ​នោះ ខ្ញុំ​ក៏​ប្រញាប់​ឲ្យ​ចៅ​ជូន​មក​មើល​ភ្លាម»។

លោកយាយ​វ័យ៧២ឆ្នាំ ឈរ​ស្ទើរ​មិន​នឹង ភ្នែក​សំឡឹង​ឥត​ព្រិច បាន​និយាយទៀតថា៖«ខ្ញុំ​នឹក​គាត់ ណាស់ ខ្ញុំ​បាន​ឲ្យ​ចៅ​ខ្ញុំ​ថតរូប​ខ្ញុំ ភ្ជាប់​ជាមួយ​រូបគាត់ ទុក​មួយ​ប៉ុស្តិ៍​ដែរ ទុកជា​អនុ​ស្សវ​រី​យ៍​សម្រាប់​ជីវិត ចុងក្រោយ​របស់ខ្ញុំ»។

នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ដូនចាស់​ម្នាក់នេះ អ្នកស្រី មាស ខេង ដែល​កំពុងកាន់​ទូរស័ព្ទដៃ​ថតរូប​ព្រះអង្គ សម្តេចឪ​ជាច្រើន​ប៉ុស្តិ៍ ក៏បាន​សម្តែង​ការ​នឹករ​ឮ​ក​ដល់​ព្រះអង្គ​ផងដែរ។ អ្នកស្រី​វ័យ​ចំណាស់​រូបនេះ​បាន ប្រាប់ថា៖ «រូបសំណាក់​របស់​ព្រះអង្គ​ស្អាត​ណាស់។ នៅផ្ទះ​ខ្ញុំ​មាន​រូប​ព្រះអង្គ​មិនតិច​ទេ តែ​ថ្ងៃនេះ​ខ្ញុំ​ចង់ ថតរូប​សំណាក់​គាត់​ទុក​បន្ថែមទៀត ទុក​ឲ្យ​បាន​កាន់តែច្រើន»។

ខណៈ​កំពុង​ថតរូប​ឲ្យ​គ្នា​ម្តងម្នាក់ យុវ​សិស្ស​ពីរ​នាក់ ហាក់​មានការ​សប្បាយចិត្ត​ដែល​បាន​ថតរូប​របស់ ខ្លួន ភ្ជាប់​ជាមួយនឹង​រូបសំណាក់​សម្តេច​តា។ កញ្ញា សុជាតា ទើបតែ​ចេញពី​សាលារៀន ជាមួយនឹង​មិត្ត ភ័ក្តិ​ម្នាក់ទៀត ក៏បាន​ហួស​ដំណើរ​មកដល់​សួនច្បារ​នេះ​ផងដែរ។ សុជាតា លើកឡើងថា៖«រូបសំណាក សម្តេច​តា​ស្អាត​មែនទែន ខ្ញុំ​ត្រូវតែ​ថត​ទុកជា​អនុស្សាវរីយ៍...មិន​ថត​មិន​បានទេ»។

ចំណែកឯ​កញ្ញា មករា ដែល​បាន​ឌុប សុជាតា មកដល់​ទីនេះ​ដែរនោះ ឲ្យ​ដឹង​ដែរ​ថា៖«ខ្ញុំ​ឲ្យ ជាតា ថតរូប​ខ្ញុំ​បានជា​ច្រើន​ប៉ុ​ស​ហើយ ថ្ងៃស្អែក​ខ្ញុំ​នឹង​មកទៀត ច្បាស់​ជាមាន​មនុស្ស​ច្រើនជាង​ថ្ងៃនេះ។ ព្រោះ ថ្ងៃនេះ ជា​ថ្ងៃ​ដំបូង​ដែល​គេ​ទើប​អនុញ្ញាត​ឲ្យ​ចូល​ទស្សនា»។

ជាងនេះទៅទៀត ក៏មាន​គូស្នេហ៍​មួយចំនួន​បាន​ថតរូប​ឲ្យ​គ្នា​ទៅវិញទៅមក ហើយក៏​អង្គុយ​មើលរូប របស់​ពួកគេ នៅមុខ​រូបសំណាក់​ដ៏​ធំ​មួយ​នេះ​ទៀតផង។

ដោយឡែក​តែ​អ្នកធ្វើដំណើរ​មួយចំនួន ទោះបី​មិនបាន​ចូលមក​មើល​ឲ្យ​ជិត ក៏​ឆ្លៀត​ឈប់​ម៉ូតូ ឫ​រថយន្ត មួយ​ភ្លែត ខំប្រឹង​គយគន់​ពី​ចំងាយ​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com