លោក ត្រាំ គំរាម​លែង​ចែករំលែក​ព័ត៌មាន​សម្ងាត់​ជាមួយ​ប្រទេស​ណា​ដែល​ប្រើ 5G របស់ Huawei
អន្តរជាតិ
លោក ត្រាំ គំរាម​លែង​ចែករំលែក​ព័ត៌មាន​សម្ងាត់​ជាមួយ​ប្រទេស​ណា​ដែល​ប្រើ 5G របស់ Huawei
18, Feb 2020 , 8:59 am        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​គំរាម​បញ្ឈប់​ការចែករំលែក​ព័ត៌មាន​សម្ងាត់​ជាមួយ​ប្រទេស​ណា​ដែល​រកស៊ី​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei ទាក់ទង​ការប្រើប្រាស់​បច្ចេកវិទ្យា​អ៊ីនធឺណិត​ជំនា​ន់ទី​៥ ឬ 5G ។ នេះ​បើតាម​ការលើកឡើង​រប​ស់អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​អាល្លឺម៉ង់​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ដោយ​អះអាងថា លោក ត្រាំ ជា​អ្នក​ប្រាប់​លោក​ដោយផ្ទាល់​ពី​ចំណាត់ការ​បែបនេះ​។ កន្លងទៅ អាមេរិក​ប្រាប់​ឲ្យ​ប្រទេស​នានា កុំ​ប្រើ 5G របស់​ចិន ព្រោះ​អាច​ប៉ះពាល់​សន្តិសុខ​ជាតិ​។​

 
​ទំនង​និយាយ​តែ​មាត់​មិន​ស្ដាប់​នោះ ប្រធានាធិបតី​អាម​រិ​ក ដូ​ណា​ល់ ត្រាំ ទំនង​ប្រើ​ធម៌​ក្ដៅ​វិញ​ម្ដង​លើ​ប្រទេស​ណា​ដែល​ជ្រើសរើស​បច្ចេកវិទ្យា​អ៊ីនធឺណិត 5G របស់​ក្រុមហ៊ុន​យក្ស​ចិន Huawei ។ អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អាល្លឺម៉ង់ Richard Grenell បាន​សរសេរ​លើ Twitter របស់ខ្លួន​ថា លោក ត្រាំ បាន​ប្រាប់​លោក​ដោយផ្ទាល់​ពី​ផលប៉ះពាល់​លើ​ការចែករំលែក​ព័ត៌មាន​សម្ងាត់​រវាង​អាមេរិក និង​ប្រទេស​ដែល​ប្រើ​បច្ចេកវិទ្យា 5G របស់​ចិន​។​
 
​ដោយ​អះអាងថា លោក ត្រាំ ហៅ​ទូរ​សព្ទ​ប្រាប់​លោក​ពី​យន្តហោះ Air Force One លោក Grenell បញ្ជាក់ថា ប្រធានាធិបតី​អាមេរិក បាន​ណែនាំ​ច្បាស់ៗ​ថា ប្រទេស​ណា​ដែល​ជ្រើសរើស​ប្រើ 5G ដែល​មិនអាច​ទុកចិត្តបាន​របស់​ចិន នឹងធ្វើ​ឲ្យ​ប៉ះពាល់​សមត្ថភាព​របស់​អាមេរិក​ក្នុង​ការចែក​ព័ត៌មាន​សម្ងាត់​នៅ​កម្រិត​ខ្ពស់បំផុត​។ លោក ត្រាំ មិន​និយាយ​ចំឈ្មោះ​ប្រទេស​ណា​ឡើយ ប៉ុន្តែ​សម្ពន្ធមិត្ត​អាមេរិក​ខ្លះ បានសម្រេច​ចិត្ត​ប្រើ 5G របស់​ក្រុមហ៊ុន Huawei ។​
 
​នៅ​តំបន់​អឺរ៉ុប ប្រទេស​ស្និទ្ធ​អាមេរិក​ខ្លះ​ដូចជា​អង់គ្លេស និង​បារាំង ប្រកាសថា ខ្លួន​នឹងមិន​ហាមឃាត់ Huawei ពី​ការសាងសង់​បណ្ដាញ 5G នៅក្នុង​ប្រទេស​ខ្លួន​ឡើយ ប៉ុន្តែ​នឹង​រឹតត្បិត​ផ្នែក​ខ្លះ​។ វ៉ាស៊ីនតោន មិនបាន​បង្ហាញ​ការមិន​ពេញចិត្ត​របស់ខ្លួន​ខ្លាំង​លើ​ការសម្រេចចិត្ត​របស់​អង់គ្លេស​ឡើយ​។ ប៉ុន្តែ​លោក ត្រាំ ត្រូវបាន​រាយការណ៍​ថា មិន​សប្បាយចិត្ត​ចំពោះ​អង់គ្លេស​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។  
 
​វ៉ាស៊ីនតោន ចង់​ឲ្យ​ប្រទេស​នានា កុំ​ប្រើប្រាស់​ផលិតផល​ចិន​តែម្ដង ដោយ​លើកឡើងថា អាចមាន​ការ​លួច​យក​ពត៌មាន​សម្ងាត់​នានា​ដោយ​ចិន​។ រដ្ឋាភិបាល​អាមេរិក​ខ្លួនឯង​ផ្ទាល់ បាន​ហាមប្រាម​ការប្រើប្រាស់​ផលិតផល​របស់ Huawei ទាក់ទង​នឹង 5G នេះ​។ 
 
​ទាំង​ប៉េកាំង ទាំង​ក្រុម Huawei ផ្ទាល់ សុទ្ធតែ​បាន​ទាត់ចោល​ការចោទប្រកាន់​របស់​អាមេរិក​។ រដ្ឋាភិបាល​ប៉េកាំង ដែល​តែង​ស្នើ​ឲ្យ​វ៉ាស៊ីនតោន​បញ្ចប់​ការ​រឹតត្បិត​លើ​ក្រុមហ៊ុន​ខ្លួន បាន​ហៅ​សកម្មភាព​ជាការ​មើលងាយ រើសអើង​ផ្នែក​សេដ្ឋកិច្ច​ទៀតផង​។ ប៉ុន្តែ​កាលពី​សប្ដាហ៍​មុន តុលាការ​អាមេរិក​ចោទ​ក្រុមហ៊ុន​ចិន​ថា ពាក់ព័ន្ធ​ការ​លួច​កម្មសិទ្ធិបញ្ញា និង​ការប៉ុនប៉ង​លួច​ការសម្ងាត់​ផ្នែក​ពាណិជ្ជកម្ម​ពី​ក្រុមហ៊ុន​មួយ​របស់​អាមេរិក​ទៀត​ផង​៕ 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ចិន​
  5G
© រក្សាសិទ្ធិដោយ thmeythmey.com