ជាតិ
អ្នកជិះ​នាវា Westerdam ៤០៦​នាក់​ដែល​កំពុង​នៅ​ភ្នំពេញ គ្មាន​រោគសញ្ញា COVID-19 ឡើយ​
17, Feb 2020 , 10:23 pm        
រូបភាព
អ្នកដំណើរលើនាវា Westerdam ត្រូវបានលោកអភិបាលរាជធានីនាំមើលរាជធានីភ្នំពេញ
អ្នកដំណើរលើនាវា Westerdam ត្រូវបានលោកអភិបាលរាជធានីនាំមើលរាជធានីភ្នំពេញ
ដោយ: ថ្មីៗ
ភ្ញៀវទេសចរ​ពី​នាវា​អាមេរិក Westerdam ចំនួន​៤០៦​នាក់ ដែល​បច្ចុប្បន្ន​ស្នាក់នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ សុទ្ធ​តែមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​នៃ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19)​។ នេះ​បើតាម​ការអះអាង​របស់​ក្រុមហ៊ុន Holland America Line ដែលជា​ម្ចាស់​នាវា Westerdam នា​ល្ងាច​ថ្ងៃទី​១៧ ខែកុម្ភៈ នៅលើ​គេហទំព័រ​ផ្លូវការ​របស់ខ្លួន​។​



Holland America Line បាន​បញ្ជាក់ថា ភ្ញៀវ​ទាំង​៤០៦​នាក់​នោះ គឺជា​ក្រុម​ទីមួយ​ដែល​ទទួលបាន​ឆ្លងកាត់​ការត្រួតពិនិត្យ​សុខភាព​ពី​ក្រសួងសុខាភិបាល​កម្ពុជា ក្នុងចំណោម​អ្នកដំណើរ​២៥៥​នាក់ និង​បុគ្គលិក​នាវា​៧៤៧​នាក់​។​



អ្នក​ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​ត្រូវ​ភាគី​ក្រុមហ៊ុន Holland America Line រៀបចំ​សំណុំបែបបទ​ដើម្បី​ជួយ​ឲ្យ​ពួកគេ​ទៅដល់​ប្រទេស​កំណើត​វិញ​ឆាប់រហ័ស និង​សុវត្ថិភាព​។ អ្នកដំណើរ​ឈ្មោះ Christina Kerby បាន​សរសេរ​នៅលើ Twitter របស់ខ្លួន​ថា ប្រធាន​ក្រុមហ៊ុន លោក Orlando Ashford ទៅ​ស្វាគមន៍​ក្រុម​អ្នកដំណើរ​ដោយផ្ទាល់ ហើយ​ធានា​អះអាង​ពី​ការជួយ​សម្រួល​ដល់​ដំណើរ​និវត្តន៍​របស់​ពួកគេ​។

Holland America Line បានអះអាងពីការខំប្រឹងប្រែងរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហការជាមួយអាជ្ញាធរខ្មែរ អាជ្ញាធរម៉ាឡេស៊ី ស្ថានទូត និងអង្គការអន្តរជាតិដែលពាក់ព័ន្ធ​ដើម្បីពន្លឿន​​ករណីនេះ ហើយ​ក៏បាន​ស្នើឲ្យភ្ញៀវដែលបានទៅកាន់គេហដ្ឋានរួចរាល់ បន្ត​តាមដានសុខភាពរបស់ខ្លួន៕



© រក្សាសិទ្ធិដោយ thmeythmey.com