អន្តរជាតិ
ថៃ​ហាមឃាត់​អ្នកដំណើរ Westerdam និង​បន្តឹង​ការត្រួតពិនិត្យ​លើ​អ្នកដំណើរ​សិង្ហ​បុរី និង​ជប៉ុន​
18, Feb 2020 , 10:56 am        
រូបភាព
នាវាទេសចរណ៍ Westerdam។ រូបភាព៖ MasterGarfield, wiki commons
នាវាទេសចរណ៍ Westerdam។ រូបភាព៖ MasterGarfield, wiki commons
​នា​ថ្ងៃទី​១៧ ខែកុម្ភៈ ថៃ បានចេញ​ចំណាត់ការ​ថ្មី​មួយ ហាមឃាត់​អ្នកដំណើរ​នាវា​ទេសចរណ៍ Westerdam ទាំងអស់ មិន​ឲ្យ​ចូលក្នុង​ប្រទេស បន្ទាប់ពី​ម៉ាឡេស៊ី ប្រកាស​រកឃើញ​អ្នកដំណើរ​ម្នាក់​លើ​នាវា​ទេសចរណ៍​នេះ មាន​ផ្ទុក COVID-19​។ ក្នុង​ថ្ងៃ​ជាមួយគ្នា​ដែរ អាជ្ញាធរ​ថៃ​ក៏បាន​ដាក់​វិធានការ​ត្រួតពិនិត្យ​យ៉ាង​តឹងរឹង​លើ​អ្នកដំណើរ​មកពី​សិង្ហ​បុរី និង​ម៉ាឡេស៊ី​ផងដែរ ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង​នៅក្នុង​ប្រទេស​។


 
​បន្ទាប់ពី​ម៉ាឡេស៊ី​រកឃើញ​ស្ត្រី​ម្នាក់​វ័យ ៨៣​ឆ្នាំ មាន​ផ្ទុក COVID-19 ក្នុងចំណោម​អ្នកដំណើរ​នាវា​Westerdam ថៃ បាន​ហាមឃាត់​អ្នកដំណើរ​លើ​នាវា​ទេសចរណ៍ Westerdam ទាំងអស់ មិន​ឲ្យ​ចូល​ស្រុក ឬ​ប្តូរ​ជើងយន្តហោះ​នៅ​អាកាសយានដ្ឋាន​ថៃ​ឡើយ រហូតដល់​ផុត​រយៈ​ពេលចេញ​រោគសញ្ញា ១៤​ថ្ងៃ​។ ការណ៍​នេះ ថៃ បាន​ចាប់​គិតពី​ថ្ងៃទី ១៤ ខែកុម្ភៈ រហូតដល់​ផុត​ថ្ងៃទី​២៨ ខែកុម្ភៈ ទើប​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​បរទេស​ទាំង​នោះ​ចូល​ស្រុកថៃ​វិញ​។ 
 
​ចំណែក​ជនជាតិ​ថៃ ១៤​នាក់ ដែលជា​អ្នកដំណើរ​លើ​នាវា​ទេសចរណ៍ Westerdam វិញ អាជ្ញាធរ​បានអនុញ្ញាត​ឲ្យ​ចូល​ប្រទេស​វិញ ប៉ុន្តែ​អ្នក​ទាំងនោះ ត្រូវដាក់​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ ប្រសិនបើ​ចង់​ចូលមកក្នុង​ប្រទេស​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ហុងកុង South China Morning Post​។ 
 
​បើតាម​ការអះអាង​រប​ស់​ឧបនាយករដ្ឋមន្ត្រី​ថៃ និង​ជា​រដ្ឋមន្ត្រី​សុខាភិបាល​ថៃ Anutin Charnvirakul ការ​រឹតត្បិត​លើ​អ្នកដំណើរ​មកពី​នាវា Westerdam នេះ គឺ​ដើម្បី​ការពារ​សុវត្ថិភាព និង​សុខភាព​ភ្ញៀវទេសចរ ដែលមាន​វត្តមាន​នៅក្នុង​ទឹកដី​ថៃ និង​អាកាសយានដ្ឋាន​ថៃ​ផ្សេងទៀត ពី​ករណី​ឆ្លង​COVID-19 ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​។ 
 
​ក្នុង​ថ្ងៃ​ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល​ថៃ បានដាក់​ចេញ​វិធានការ​ត្រួតពិនិត្យ​អ្នកដំណើរ​មកពី​សិង្ហ​បុរី និង​ជប៉ុន ដើម្បី​ទប់ស្កាត់​បញ្ហា​ឆ្លង​កូ​រ៉ូ​ណាវី​រុស​។ ក្រសួង​នេះ ក៏បាន​ព្រមាន​ប្រជាជន​ថៃ ដែល​ចង់ទៅ​កម្សាន្ត​នៅក្នុង​ប្រទេស​ទាំងពីរ​នេះ​ផងដែរ​ថា អាច​ឆ្លង​COVID-19 ។ ក្រសួងសុខាភិបាល​ថៃ បានស្នើ​ឲ្យ​ប្រជាជន​ថៃ​ទាំងអស់ ដែល​បានធ្វើ​ដំណើរ​ទៅ​ជប៉ុន និង​សិង្ហ​បុរី​ក្នុង​រយៈ ១៤​ថ្ងៃ​ចុង​ក្រោយនេះ​ទៅ​ជួប​វេជ្ជបណ្ឌិត​។ ប្រសិន​មាន​រោគសញ្ញា អ្នក​ទាំងនោះ នឹង​ទទួលបាន​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​។ 
 
​ចំណែក​អ្នកដំណើរ​ជនបរទេស ដែល​មកពី​សិង្ហ​បុរី និង​ម៉ាឡេស៊ី​វិញ ថៃ​នឹង​ត្រួតពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​ជាទីបំផុត ពោលគឺ​រឹតបន្តឹង​ឲ្យ​ដូច​ជនជាតិ​ចិន​ដែរ​។ ការ​រឹតបន្តឹង​នេះ ធ្វើឡើង​ក្រោម​ហេតុផល ប្រជាជន​នៅក្នុង​ប្រទេស​ទាំងពីរ​មាន​ករណី​ឆ្លង​ច្រើន ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​ថៃ ត្រូវតែ​យកចិត្តទុកដាក់​ជាង​មុន​។​
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃទី​១៨ ខែកុម្ភៈ សិង្ហ​បុរី បាន​រកឃើញ​អ្នក​ផ្ទុក COVID-19 ចំនួន ៧៧​ករណី ខណៈពេល​ជប៉ុន មាន​ចំនួន​៦៦​ករណី និង ១​ករណី​ស្លាប់​នៅក្នុង​ប្រទេស​។ នេះ​មិនទាន់​បូក​ជាមួយ​តួលេខ​នៅលើ​នាវា​ទេសចរណ៍ Diamond Princess នៅ​ជប៉ុន​ដែលមាន​រហូតដល់​ទៅ ៤៥៤​ករណី​នោះទេ​។ ចំណែក​នៅ​ថៃ​វិញ ករណី​COVID-19 បាន​កើនឡើង​រហូតដល់ ៣៥​ករណី​ហើយ​៕

Tag:
 ថៃ​
  សិង្ហ​បុរី​
  ជប៉ុន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com