អន្តរជាតិ
បុគ្គលិក​ឥណ្ឌូណេស៊ី​៣៦២​នាក់ ក្នុង​នាវា Westerdam គ្មាន COVID-19 ឡើយ​
18, Feb 2020 , 4:59 pm        
រូបភាព
លោកស្រី Retno Marsudi រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី ។ រូបថត AFP
លោកស្រី Retno Marsudi រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី ។ រូបថត AFP
​ប្រមុខ​ការទូត​ឥណ្ឌូណេស៊ី បាន​បញ្ជាក់ថា បុគ្គលិក​នាវា Westerdam ដែល​បាន​ចូល​ចត​នា​កំពង់ផែ​ព្រះសីហនុ ប្រទេស​កម្ពុជា មិនមាន​ផ្ទុក COVID-19 ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​នោះទេ​។
ការអះអាង​របស់​រដ្ឋ​មន្ត្រី​បែបនេះ គឺធ្វើឡើង​បន្ទាប់ពី​ម៉ាឡេស៊ី បានប្រកាស​រកឃើញ​ស្ត្រី​អាមេរិក​ម្នាក់ ដែល​បាន​ចាក​ចេញពី​នាវា​មួយ​នេះ មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស បន្ទាប់ពី​ចាកចេញ​ពី​កម្ពុជា​។


 
​នា​ថ្ងៃទី​១៧ ខែ​កម្ភៈ លោកស្រី Retno Marsudi រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី បាន​បញ្ជាក់ថា បុគ្គលិក​ឥណ្ឌូណេស៊ី​ចំនួន ៣៦២ មិនមាន​ផ្ទុក COVID-19​ទេ ហើយ​អ្នក​ទាំងនោះ កំពុងមាន​សុខភាព​ល្អប្រសើរ​។ បើតាម​សម្តី​របស់​លោកស្រី​រដ្ឋមន្ត្រី​ប្រាប់​អ្នកកាសែត ក្នុងចំណោម​បុគ្គលិក​នាវា​ទាំងអស់ មានតែ​៦០​នាក់​ប៉ុណ្ណោះ ដែល​ផ្ទុក​កុងត្រា ប៉ុន្តែ​មានតែ ២៧​នាក់​ប៉ុណ្ណោះ ដែល​មិន​សម្រេច​បន្ត​កុងត្រា និង​សម្រេច​វិល​ត្រលប់មក​ឥណ្ឌូណេស៊ី​វិញ​។ 
 
​ជាមួយគ្នានេះ លោកស្រី​បន្តថា បុគ្គលិក​នាវា​ទាំង ២៧​នាក់​នេះ នឹងត្រូវ​ត្រួតពិនិត្យ​ម្តងទៀត ដើម្បី​ប្រាកដថា​អ្នក​ទាំងនេះ គ្មាន​ផ្ទុក​COVID-19​។ 
 
​ការអះអាង​របស់​រដ្ឋ​មន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​បែបនេះ គឺធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​ម៉ាឡេស៊ី​បាន​រកឃើញ​ស្ត្រី​អាមេរិក​វ័យ ៨៣​ឆ្នាំ​ម្នាក់ ដែល​បាន​ចាក​ចេញពី​នាវា​ទេសចរណ៍ Westerdam មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​។ ការរកឃើញ​នេះ ត្រូវបាន​អាជ្ញាធរ​សុខាភិបាល​កម្ពុជា​ចង្អុល​បង្ហាញថា ខ្លួន​បាន​ពិនិត្យ​យ៉ាង​ល្អ​ត់​ល្អន់ និង​បាន​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​។ 
​សូមបញ្ជាក់ថា នាវា Westerdam នេះ​មាន​ផ្ទុក​អ្នកដំណើរ ១៤៥៥​នាក់ និង​បុគ្គលិក​នាវា ៨០២​នាក់ ដែល​បាន​ចូល​ចត​នៅ​កំពង់​ព្រះសីហនុ​នា​ថ្ងៃទី​១៣ ខែកុម្ភៈ​។ ក្រៅពី​នាវា​ទេសចរណ៍ Westerdam ឥណ្ឌូណេស៊ី ក៏មាន​បុគ្គលិក ៧៨​នាក់​ផ្សេងទៀត ដែល​បានធ្វើការ​នៅក្នុង​នាវា Diamond Princess ដែល​ត្រូវបាន​ជប៉ុន​បង្ខាំង​ទុក​នៅ​កំពង់ផែ Yokohama តាំងពី​ថ្ងៃទី​៤ ខែកុម្ភៈ​មក​ម្លេះ​៕

Tag:
 ឥណ្ឌូណេស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com