COVID-19៖ កូរ៉េខាងត្បូង​ប្រឈម​ករណី​ឆ្លង​ក្នុង​វិហារ​សាសនា​ដូច​នៅ​សិង្ហ​បុរី​ដែរ​
អន្តរជាតិ
COVID-19៖ កូរ៉េខាងត្បូង​ប្រឈម​ករណី​ឆ្លង​ក្នុង​វិហារ​សាសនា​ដូច​នៅ​សិង្ហ​បុរី​ដែរ​
19, Feb 2020 , 11:15 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​កូរ៉េខាងត្បូង និង​សិង្ហ​បុរី បាន​រាយការណ៍​ពី​ការកើនឡើង​ករណី​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ស្របពេល​ការព្រួយបារម្ភ​កាន់តែ​កើនឡើង​ពី​ករណី​ឆ្លង​រវាង​មនុស្ស និង​មនុស្ស​ទោះជា​មាន​វិធានការ​ទប់ស្កាត់​តឹងរ៉ឹង​ក្ដី​។ នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ​នេះ កូរ៉េខាងត្បូង​បានបញ្ជាក់​ពី​ករណី​ឆ្លង​ចំនួន​១៥​ថែមទៀត ខណៈ​សិង្ហ​បុរី​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ​ម្សិលមិញ ក៏បាន​ប្រកាស​ពី​ការឆ្លង​វីរុស​ចំនួន​៤​ទៀត​ដែរ​។ ស្ត្រី​ម្នា​ក់នៅ​កូរ៉េខាងត្បូង ត្រូវបាន​រាយការណ៍​ថា អាច​បន្ត​ចម្លង​ទៅ​មនុស្ស​១០​នាក់​នៅក្នុង​វិហារ​សាសនា ដូច​ករណី​ដែល​ធ្លាប់​កើត​នៅ​សិង្ហ​បុរី ផងដែរ​។​

 
​រកឃើញ​ករណី​ឆ្លង​១៥​ថែមទៀត ការឆ្លង​ជំងឺ COVID-19 នៅ​កូរ៉េខាងត្បូង​កើន​ដល់​៤១​ករណី​ហើយ គិត​ត្រឹម​ថ្ងៃទី​១៩ ខែកុម្ភៈ​។ មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​កូរ៉េខាងត្បូង បានបញ្ជាក់​ពី​ករណី​ឆ្លង​ចំនួន​១៣​នៅ​ទីក្រុង Daegu ដែលមាន​ចម្ងាយ​៣០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​សេ​អ៊ូ​ល​។ មនុស្ស​ទាំង​១៣​នេះ ត្រូវគេ​ជឿថា មានបាន​ឆ្លង​វីរុស​ពី​ស្ត្រី​ម្នាក់​វ័យ​៦៨​ឆ្នាំ​ដែល​ត្រូវបាន​រកឃើញថា​មាន​វីរុស​កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ​។ 
 
​អ្នកជំងឺ​ម្នាក់ទៀត គឺជា​ក្មេងស្រី​អាយុ​១១​ឆ្នាំ​ដែល​ម្ដាយ​របស់គេ​បាន​ឆ្លង​វីរុស​នេះ​។ ករណី​ចុងក្រោយ គឺ​បុរស​អាយុ​៧៧​ឆ្នាំ ដែល​មិនមាន​ប្រវត្តិ​ធ្វើដំណើរ​ទៅកាន់​ចិន​សោះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។ អ្នកជំងឺ​ទាំងអស់ ត្រូវបាន​ដាក់​នៅ​ដោយឡែក​ដើម្បី​ព្យាបាល​។ 
 
​នៅ​កូរ៉េខាងត្បូង មនុស្ស​ចំនួន​១០៣០​នាក់ ត្រូវបាន​ដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ និង​នៅ​ដាច់​ពី​គេ​។ ចាប់តាំងពី​ខែមករា​មក មនុស្ស​ចំនួន​ជាង​១​ម៉ឺន​នាក់ ត្រូវបាន​ពិនិត្យ​សុខភាព​ដើម្បី​រក​មេរោគ ដោយ​៩៣៣៥ មាន​សញ្ញា​អវិជ្ជមាន​។ មនុស្ស​១២​នាក់ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​កន្លែង​ង​ច​ត្តា​ឡី​ស័ក បន្ទាប់ពី​សះស្បើយ​។ 
 
​ករណី​ទី​៣១​នៅ​កូរ៉េខាងត្បូង គឺជា​ស្ត្រី​ម្នាក់ ហើយ​ត្រូវបាន​គេ​រាយការណ៍​ថា អាច​ចម្លង​មនុស្ស​ប្រមាណ​១០​នាក់​បន្ថែមទៀត នៅក្នុង​វិហារ​សាសនា​មួយ​។​
 
​នៅ​សិង្ហ​បុរី​វិញ ករណី​ឆ្លង COVID-19 បន្ត​កើនឡើង​ដែរ​។ ក្រសួងសុខាភិបាល​សិង្ហ​បុរី បានប្រកាស​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ​ពី​ការរកឃើញ​ករណី​ឆ្លង​ចំនួន​៤​ទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​ឆ្លង​សរុប​មាន​៨១ ឈរ​លេខ​២​បន្ទាប់ពី​ចិន​។ ក្នុងចំណោម​ករណី​ឆ្លង​ថ្មី បីនាក់​ស្ថិត​ក្នុងចំណោម​ដែល​ទៅ​វិហារ Grace Assembly of God ហើយ​ម្នាក់ទៀត ឆ្លង​ពី​ករណី​មុនៗ​។ មកទល់ពេលនេះ អ្នកជំងឺ​បួន​នាក់ មាន​អាកា​រៈ​ធ្ងន់ធ្ងរ និង​ស្ថិតក្នុង​បន្ទប់សង្គ្រោះបន្ទាន់​។​
 
​ជា​ដំណឹង​ល្អ អ្នកជំងឺ​៥​នាក់​ទៀត ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ បន្ទាប់ពី​បាន​វិល​ទៅរក​សុខភាព​ធម្មតា​វិញ ក្នុងនោះ​មាន​កុមារ​អាយុ​១​ឆ្នាំ​ម្នាក់​ផងដែរ​។ កុមារ​ម្នាក់នេះ ស្ថិតក្នុង​ចំណោម​ប្រជាជន​សិង្ហ​បុរី​ដែល​ជម្លៀស​ពី​ទីក្រុង​វូ​ហា​កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ​៕  

Tag:
 កូរ៉េខាងត្បូង​
  សិង្ហ​បុរី​
  ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com