អន្តរជាតិ
សហភាព​អឺរ៉ុប​អនុម័ត​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម​
19, Feb 2020 , 7:59 pm        
រូបភាព
ទង់ជាតិ​របស់​សហភាព​អឺរ៉ុប និង​វៀតណាម​ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប-វៀតណាម កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅ​ក្នុង​ក្រុង​ហាណូយ។
ទង់ជាតិ​របស់​សហភាព​អឺរ៉ុប និង​វៀតណាម​ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប-វៀតណាម កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅ​ក្នុង​ក្រុង​ហាណូយ។
ដោយ: VOA
​សហភាព​អឺរ៉ុប​បានអនុម័ត​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ជាមួយនឹង​ប្រទេស​វៀតណាម ដែល​នេះ​គឺជា​អ្វីដែល​ផ្ទុយ​ពី​ការគិត​របស់​ក្រុម​អ្នក​រិះគន់​ដែលថា ការផ្ដាច់​ខ្លួន​របស់​ច​ក្រ​ភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប និង​ការព្រួយបារម្ភ​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​វៀតណាម​អាចធ្វើ​ឲ្យ​យឺតយ៉ាវ​ដល់​ការបោះឆ្នោត​អនុម័ត​នេះ​។​

 
​សមាជិក​នៃ​សភា​សហភាព​អឺរ៉ុប​កាលពី​សប្ដាហ៍​មុន បាន​បោះឆ្នោត​ក្នុង​សំឡេង ៤០១ ទល់នឹង ១៩២ ដើម្បី​អនុម័ត​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ​។ កិច្ចព្រមព្រៀង​នេះ​នឹង​កាត់បន្ថយ​ពន្ធគយ​នាំចូល​ស្ទើរតែ​ទាំងអស់​រវាង​សហភាព​អឺរ៉ុប និង​ប្រទេស​វៀតណាម​។​
 
​សហភាព​អឺរ៉ុប​កំពុង​ស្វែងរក​ទិសដៅ​សេដ្ឋកិច្ច​ថ្មី នៅ​ចំពេល​ដែលមាន​ការព្រួយបារម្ភ​ជាមួយនឹង​ដៃគូ​ពាណិជ្ជកម្ម​ផ្សេងទៀត​របស់ខ្លួន​ដូចជា​ការចាកចេញ​រប​ស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​អាច​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម និង​ការណ៍​ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​ងាក​ពី​ការ​ផ្ដោតលើ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​មក​យក​ពន្ធគយ​បន្ថែម​លើ​ទំនិញ​របស់​សហភាព​អឺរ៉ុប​នៅក្នុង​ខែ​នេះ​ជាដើម​។​
 
​ការបោះឆ្នោត​អនុម័ត​របស់​សហភាព​អឺរ៉ុប​នេះ​គឺជា​ដំណឹង​ល្អ​សម្រាប់​ប្រទេស​វៀតណាម ដែលមាន​ការព្រួយបារម្ភ​ថា សេដ្ឋកិច្ច​របស់ខ្លួន​អាច​រង​ការប៉ះពាល់​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ អាមេរិក និង​ចិន និង​ដោយសារ​ការឆ្លង​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា​ថ្មី ឬ COVID-19​។​
 
​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហភាព​អឺរ៉ុប និង​វៀតណាម​នេះ​គឺជា​កិច្ចព្រមព្រៀង​ទី​ពីរ​របស់​សហភាព​អឺរ៉ុប​នៅ​តំបន់​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​កិច្ចព្រមព្រៀង​ជាមួយនឹង​ប្រទេស​សិង្ហ​បុរី​។​
 
​ការកាត់បន្ថយ​ពន្ធគយ​ត្រូវគេ​រំពឹងថា​នឹង​បង្កើន​ការនាំចេញ​របស់​វៀតណាម​នូវ​គ្រឿង​សមុទ្រ វាយ​ន​ភណ្ឌ និង​ផលិតផល​ធ្វើ​ពី​ឈើ​ទៅកាន់​សហភាព​អឺរ៉ុប និង​បង្កើន​ការនាំចេញ​របស់​សហភាព​អឺរ៉ុប​នូវ​ភេសជ្ជៈ គ្រឿង​ម៉ាស៊ីន និង​ថ្នាំពេទ្យ​ទៅកាន់​ប្រទេស​វៀតណាម​៕​

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com