ភ្នំពេញ៖ ដើមឆ្នាំ២០២០នេះ តម្លៃអចលនទ្រព្យនៅកម្ពុជាមានលំនឹងធម្មតាដដែល។ ពោលគឺគ្មានការឡើងចុះនៃតម្លៃក្នុងផ្នែកណាមួយរបស់វិស័យអចលនទ្រព្យនៅកម្ពុជាឡើយ បើទោះបីមិនមានវត្តមាននៃការវិនិយោគថ្មីនិងចលនាទិញ-លក់់អចលនទ្រព្យកម្ពុជាពីសំណាក់វិនិយោគិនចិន ដោយសារតែបញ្ហាកូរ៉ូណាវីរុស(COVID-19) កំពុងរីករាលដាលនេះក៏ដោយ។ នេះជាការលើកឡើងរបស់ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា (CVEA )។
«បញ្ហា COVID-19 ដែលកំពុងរីករាលដាលខ្លាំងនៅប្រទេសចិននោះ គឺមិនបានបញ្ឈប់សកម្មភាពទិញ-លក់អចលនទ្រព្យកម្ពុជាឡើយ»។ លោក ច្រឹក សុខនីម បានអះអាងយ៉ាងដូច្នេះ នាសិក្ខាសាលានៃការបណ្តុះបណ្តាលភាពជោគជ័យសម្រាប់មនុស្ស៣,៨០០នាក់ដំបូង ក្នុងវិស័យអចលនទ្រព្យ។ ប្រធានសមាគម CVEA រូបនេះ បានផ្តល់អំណះអំណាងថា ដូច្នេះ បច្ចុប្បន្នដៃគូវិនិយោគក្នុងវិស័យអចលនទ្រព្យកម្ពុជា ក្រៅពីចិនគឺនៅមានជប៉ុន សឹង្ហបុរី កូរ៉េខាងត្បូង និងតៃវ៉ាន់..ជាដើម។ លើសពីនេះទៅទៀត សកម្មភាពទិញ-លក់ និងគម្រោងអភិវឌ្ឍនានាពីបណ្តាក្រុមហ៊ុន ក្នុងស្រុកក៏នៅបន្ត។ ប៉ុន្តែលំនឹងអចលនព្រទ្យនៅកម្ពុជានេះ គឺមានរយៈពេលខ្លីប៉ុណ្ណោះ នៅពេលដែលជនជាតិចិនវិលត្រឡប់មកកម្ពុជាវិញ។
បើតាមលោក ច្រឹក សុខនីម អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ ចំពោះអ្នកវិនិយោគគេតែងតែចាប់ឱ្យកាស គ្រប់កាលៈទេសៈ ដើម្បីទទួលប្រាក់ចំណេញណាមួយខ្ពស់។ ក្នុងស្ថានភាពកម្ពុជាកំពុងប្រឈមនឹងបញ្ហា COVID19 ដែលមិនទាន់មានជនជាតិចិនមកប្រជែងទិញនេះ អ្នកវិនិយោគិនគួរតែវិនិយោគលើវិស័យអចលនទ្រព្យ ក្នុងរយៈពេលវែង ដែលមានកម្រិតខ្ពស់ ក្នុងការចរចាតម្លៃជាមួយអ្នកលក់។
លោក បាននិយាយដូច្នេះ៖« ក្នុងពេលប្រទេសកំពុងប្រឈមបញ្ហា បើយើងទិញអចលនទ្រព្យណាមួយក្នុងវិស័យអចលនទ្រព្យ គឹយើងមានឱកាសចរចាខ្ពស់ជាមួយអ្នកលក់។ ប៉ុន្តែយើងក៏ត្រូវដឹងពីចក្ខុវិស័យ និងគោលបំណងផ្ទាល់ខ្លួនដែលពាក់ព័ន្ធនឹងលំហូរសាច់ប្រាក់ ក្នុងការវិនិយោគយើង។ ថាតើការវិនិយោគរបស់យើងមានលំហូរសាច់ប្រាក់រយៈពេលវែងឬអត់។ យើងគួរវិនិយោគក្នុងរយៈពេលខ្លី ឬរយៈពេលវែង»។
លោក សុខនីម បានបន្តបញ្ជាក់ថា៖«ក្នុងកាលៈទេសៈកម្ពុជាកំពុងប្រឈមនឹងបញ្ហាមេរោគ COVID-19 នេះ ការវិនិយោគអចលនទ្រព្យក្នុងរយៈពេលវែង គឺជាវិនិយោគដ៏ល្អ ហើយយើងទិញប្រភេទអចលនទ្រព្យណាមួយទៅ យើងមានឱកាសចំណេញប្រាក់បានច្រើននាពេលអនាគត ព្រោះជាឱកាសពេលវេលានៃចរចារវាងអ្នកលក់ និងអ្នកទិញបានល្អ»។
ក្នុងសិក្ខាសាលានៃការបណ្តុះបណ្តាលភាពជោគជ័យសម្រាប់មនុស្ស៣,៨០០នាក់ដំបូង ក្នុងវិស័យអចលនទ្រព្យ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩កុម្ភៈ ប្រធានសមាគមអចលនទ្រព្យ (CVEA) រូបនេះ បានប្រាប់អ្នកសារព័ត៌មានថា ក្នុងឆ្នាំ២០២០នេះ អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យគួរទិញដីក្នុងនៅកន្លែងណាមួយ ក្នុងរយៈពេលយូរ(១០ឆ្នាំ) ហើយមានឱកាសសាងសង់អាគារខ្ពស់ៗ ដែលនេះជាចំណុចវិជ្ជាមាន ក្នុងការរកស៊ីរកវិស័យអចនទ្រព្យ។ លោកបានបន្ថែមថាបច្ចុប្បន្ន ទីកន្លែងដែលវិនិយោគនៅកម្ពុជា ក្រៅពីខេត្តជាប់មាត់សមុទ្រ គឺខេត្តបាត់ដំបង និងខេត្តសៀមរាប។
អ្នកស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia
បើតាមអ្នកស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia កម្ពុជាបច្ចុប្បន្ននេះ បើទោះមិនទាន់មានវត្តមានថ្មីនៃនិយោគិនចិនចូលក្នុងកម្ពុជាក៏ដោយ ក៏វិស័យអចលនទ្រព្យកម្ពុជា មិនជួបបញ្ហាណាមួយនៅឡើយ។ ការលើកឡើងរបស់អ្នកស្រី ហ្គ្រែស រចនីហ្វុ ដូច្នេះដោយសារអ្នកស្រី មើលឃើញនៃចរន្តនៃការទិញ-លក់អចលនព្រទ្យក្នុងស្រុកនៅតែដំណើរល្អជាធម្មតា តាមរយៈក្រុមហ៊ុនវិនិយោគធំៗក្នុងស្រុក មានសមត្ថភាពកាន់តែធំ ក្នុងការវិនិយោគលើនានាក្នុងវិស័យអចលនទ្រព្យ។
«បើយើងមើលជារួមក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា គឺកំពុងមើលឃើញបញ្ហាក្នុងវិស័យនេះ ដោយសារបញ្ហាជំងឹឆ្លងនៃមេរោគCOVID-19 ដែលធ្វើឱ្យបាត់បង់វិនិយោគិនចិនក្នុងស្រុកខ្មែរ។ ប៉ុន្តែបើសិនជាយើងសម្លឹងឃើញថា ពួកខ្ញុំដែលជាក្រុមហ៊ុនវិនិយោគអចលនទ្រព្យធំៗក្នុងស្រុក ដែលមានដៃគូវិនិយោគិនពីក្រៅប្រទេសច្រើនក្នុងទំហំទឹកប្រាក់វិនិយោគធំៗ គឺមិនមានបញ្ហាអ្វីកើតឡើងឡើយក្នុងវិស័យមួយនេះ»។ នេះជាការលើកឡើងរបស់អ្នកស្រី ហ្គ្រែស រចនីហ្វុង បានបញ្ជាក់ថា ដៃគូក្រៅប្រទេសមកវិនិយោគអចលនទ្រព្យនៅកម្ពុជា ពួកគេមិនមែនមកវិនិយោគមកវិនិយោគ ក្នុងរយៈពេលខ្លី ហើយក៏មិនមានទំហំវិនិយោគក្រោម៥លានដុល្លារដែរ។ ដូច្នេះវិស័យអចលនទ្រព្យកម្ពុជាគឺមានបញ្ហាអ្វីឡើយ ហើយអ្វីចំពោះមុខដែលក្រុមហ៊ុនអចលនទ្រព្យត្រូវតែធ្វើ គឺត្រូវបង្កើនធនធានមនុស្ស និងជំនាញឬឯកទេសភ្នាក់ងារអចលនទ្រព្យ ដើម្បីឆ្លើយតបនឹងការហូរចូលការវិនិយោគបរទេសនានា ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។
អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានបន្ថែមថា វិនិយោគិនបរទេសទាំងនោះ គឺត្រូវការអ្នកភ្នាក់ងារឬ បុគ្គលិកអចលនទ្រព្យដែលមានសមត្ថភាពប្រកបដោយវិជ្ជាជីវៈក្នុងវិស័យនេះ ដែលទាមទាញឱ្យពលរដ្ឋក្នុងស្រុកពិសេសយុវជន ចាប់ឱកាសការងារយកលើជំនាញរៀងៗខ្លួន។ ដើម្បីឆ្លើយតប នឹងឱកាសការងារនេះ ក្រុមហ៊ុន Century 21 ដែលជាក្រុមហ៊ុនអចលនទ្រព្យមានឯកទេសលើទីផ្សារដីធ្លី បានប្រកាសជ្រើសរើសភ្នាក់ងារអចលនទ្រព្យចំនួន៣,៨០០នាក់បន្ថែមទៀត ដើម្បីដំណើរការអាជីវកម្មក្នុងវិស័យអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជា ដោយបានកាត់បណ្តុះបណ្តាលផ្ទាល់ពីក្រុមហ៊ុនជំនាញនេះ។
អ្នកស្រី ហ្គ្រែស រចនីហ្វុង បានអះអាងថា នេះគឺជាឱកាសល្អសម្រាប់ប្អូនៗនិស្សិតដែលជិតបញ្ចប់ការសិក្សា និងអ្នកកំពុងធ្វើការឯករាជ្យក្នុងវិស័យផ្សេងទៀត ដើម្បីអភិវឌ្ឍខ្លួន និងកែលម្អជីវភាពរស់នៅ។ បើតាមអ្នកស្រី រចនីហ្វុង អាជីពជាភ្នាក់ងារអចលនទ្រព្យអាចធ្វើឲ្យជីវភាពប្រសើរឡើង ហើយមានឱកាសពង្រីកបណ្តាញទំនាក់ទំនងបានល្អតាមរយៈការជួបជាមួយម្ចាស់ទ្រព្យនៅកម្ពុជា និងអ្នកវិនិយោគពីក្រៅប្រទេសដែលជាអ្នកមានធនធានហិរញ្ញវត្ថុ និងចំណេះដឹង៕
អ្នកស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia កំពុងអង្គុយជួរមុខ ក្នុងសិក្ខាសាលា ស្តីពីការបណ្តុះភាពជោគជ័យក្នុងវិស័យអចលនទ្រព្យ