ONE Championship
កីឡាជាតិ
ជាតិ
Shannon Wiratchai ត្រួសត្រាយ​ផ្លូវ​សម្រាប់​គុន​ចម្រុះ​នៅ​ថៃ​
20, Feb 2020 , 10:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​កីឡាករ​គុន​ចម្រុះ​នៅ​ប្រទេស​ថៃ​មិនទាន់មាន​ច្រើន​ប៉ុន្មាន​នោះទេ ប៉ុន្តែ​គេ​បាន​ស្គាល់ Shannon Wiratchai ឬ «OneShin» បាន​ត្រួស​ត្រាយផ្លូវ​សម្រាប់​ក្បាច់គុន​មួយ​នេះ​នៅ​សង្វៀន​ONE Championship​។ មួយ​ថៃ ជា​ក្បាច់គុន​ល្បីល្បាញ​នៅ​ថៃ ប៉ុន្តែ OneShin សម្រេចយក​ផ្លូវ​ដើរ​លើ​វិថី​គុន​ចម្រុះ​ទៅវិញ​។ មុនពេល Wiratchai ត្រលប់មក​ប៉ះ Honorio «The Rock» Banario នៅក្នុង​កម្មវិធី  ONE: KING OF THE JUNGLE នា​ថ្ងៃ​សុក្រ​ទី ២៨ កុម្ភៈ  Shannon ចេញមក​លាតត្រដាង​អំពី​កត្តា​ដែល​នាំ​ឲ្យ​ក្លាយជា​អ្នក​កីឡាករ​ម្នាក់​ក្នុង​ពិភព​គុន​ចម្រុះ​របស់​ថៃ​។ 

 
​ការដាក់​កម្រិត​

Wiratchai កើត​នៅ​រាជធានី​បាងកក​ក្នុង​ត្រកូល​គ្រួសារ​មធ្យម​មួយ​។ «​ប្រវត្តិ​របស់ខ្ញុំ​ជា​ក្មេង​ធម្មតា​ម្នាក់ និង​ជា​ក្មេង​ធុញ​ច្រើន​។ ឳ​ពុក​ម្ដាយ​របស់ខ្ញុំ​មាន​វ័យ​ចំណាស់​ជាងគេ​បើ​ធៀប​ទៅនឹង​អ្នក​ដែលមាន​អាយុ​ប្រហែល​ខ្ញុំ​។ ប៉ា​របស់ខ្ញុំ ជា​សាស្ត្រាចារ្យ​ពេទ្យ និង​ជា​អ្នកជំនាញ​វះកាត់​ពិនិត្យ​សព និង​ម្ដាយ​របស់ខ្ញុំ​ជា​គិលានុបដ្ឋាយិកា​។ ហើយ​ពួកគាត់​ទាំងពីរ​ជា​អ្នកមាន​អនាម័យ​ណាស់ និង មិន​ចូលចិត្ត​ឲ្យ​ខ្ញុំ​ទៅលេង​ជាមួយ​ក្មេង​ដទៃ​ទេ​»​។ Wiratchai ថ្លែងប្រាប់​បែបនេះ​។ 


 
​កីឡាករ​ដដែល​រៀបរាប់​បែបនេះ ៖«​ខ្ញុំ​តែងតែ​នៅផ្ទះ​និង​លេង​ម្នាក់ឯង​ជាមួយ​តុក្កតា ឬ ពេលខ្លះ​ចំណាយពេល​ច្រើន​នៅ​ពេទ្យ​ទៀតផង​។ ខ្ញុំ​បានឃើញ​សាកសព​ជាច្រើន​នៅក្រោយ​ពេទ្យ​របស់​ប៉ា​ខ្ញុំ​។ នេះ​ជា​ជិវិត​ដែល​ខ្ញុំ​ធំធាត់​មកជួប​ប្រទះ​។ ដូច្នេះ​ខ្ញុំ​មិនដែល​ចង់​ក្លាយជា​វេជ្ជបណ្ឌិត​ទេ​»​។ 
 
“OneShin” បាន​ទៅ​ចូលរួម​សាលា​ល្អ​មួយ​ក្នុងប្រទេស​ថៃ ហើយ​ការសិក្សា​ជា​អាទិភាព​ខ្ពស់​។ កីឡាករ​រូបនេះ​គូសបញ្ជាក់ ៖«​វា​ជា​សាលា​កម្រិត​ខ្ពស់ និង​ផ្ដោត​តែ​លើ​ការសិក្សា​មួយ​មុខ​។ យើង​មិនបាន​យល់ដឹង​ពី​កីឡា​ច្រើន​ទេ ដូចជា បាល់ទាត់ ឬ កីឡា​ផ្សេងៗ​ជាដើម​។ ប៉ា​ម៉ាក់​របស់ខ្ញុំ​ចូលចិត្ត​ដូ​រ្យ​តន្ត្រី ហើយ​ខ្ញុំ​ក៏​ចេះ​លេង​ខ្លុយ​ដែរ​»​។ 
 
​បំពេញ​ក្ដី​ស្រលាញ់​
 
​កាល​នៅ​ក្មេង Wiratchai តែងតែមាន​ទឹកចិត្ត​ដើម្បី​ដើរ​លើផ្លូវ​នេះ​ដោយសារ​រូបគេ​ស្រលាញ់​កីឡាកាស​អាជីព ពេល​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍​ដែល​ធ្វើ​ឲ្យ​ខ្លួន​ហាត់រៀន​ដោយ​ខ្លួនឯង​ពេលខ្លះ​។ 
 
​ថ្ងៃ​មួយទៀត រូបគេ​បាន​ទស្សនា​ភាពយន្ត​មាន​ចំណងជើង​ថា  Nai Ka Nom Tom  ដែល​បង្ហាញ​អំពី​ក្បាច់​ប្រយុទ្ធ​ដ៏​ល្អ​មួយ​។​
 
«​ខ្ញុំ​បាន​មើល​ភាពយន្ត​នោះ​ជាមួយ ម្ចាស់​មេដាយមាស​ផ្នែក​ប្រដាល់​អូឡាំពិក​ដំបូង​របស់​ថៃ គឺ [Somluck Kamsing] និង​តារា​ប្រដាល់ «​មួយ​ថៃ​» ជាច្រើន​ទៀត​។ មើលទៅ​ល្អមើល​ណាស់ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ស្រលាញ់​ក្បាច់គុន​កាន់តែច្រើន​»​។ តារា​គុន​ចម្រុះ​ថ្លែង​ដូច្នេះ​។ 
 
​មួយ​ថៃ មិន​ស្ថិតក្នុង​ចិត្ត​របស់​ប៉ា​ម៉ាក់​ខ្លួន​ទេ​ប៉ុន្តែ​ម៉ាក់​របស់គេ​ពេញចិត្ត​នាំ Wiratchai ទៅ​ហាត់​តេ​ក្វាន់​ដូ​វិញ ពេល​មាន​អាយុ ១០ ឆ្នាំ​ក្នុងនោះ​មាន​ក៏មាន​ហាត់ យូ​ដូ​ផងដែរ ដែល​រូបគេ​មិនដឹងថា វា​ខុសប្លែកគ្នា​សោះ​។ 
 
«​ម៉ាក់​របស់ខ្ញុំ​ចុះឈ្មោះ​ឲ្យ​ខ្ញុំ​ទៅ​ហាត់​ក្បាច់​ដែល​ខ្ញុំ​មិន​ពេញចិត្ត ប៉ុន្តែ មិនអាក្រក់​ពេក​ទេ​។ ខ្ញុំ​ខកចិត្ត​បន្តិច​។ ខ្ញុំ​បាន​ហាត់​វាពីរ​បី​ឆ្នាំ ហើយក៏​ឈប់​ហាត់​។ បន្ទាប់មក​នៅ​ឆ្នាំ​ទី​៣​នៅ​អនុវិទ្យាល័យ ក៏មាន​ថ្នាក់​បង្ហាត់ យូ​ដូ ដូច្នេះ​ខ្ញុំ​ក៏​ហាត់​ម្ដងទៀត​»​។ ក្នុង​រយៈពេល ពីរ​បី​ឆ្នាំ Wiratchai បាន​ហាត់​ក្បាច់​ផ្សេងគ្នា និង​ចាប់អារម្មណ៍​លើ​បច្ចេកទេស​ខុសគ្នា​ដែរ​។ នៅពេល​អាយុ ១៥ ឆ្នាំ រូបគេ​បាន​មើល​ក្បាច់ អៃ​គី​ដូ នៅលើ PlayStation ហើយ​ក៏មាន​មិត្ត​ភ័ក្ដិ​បង្ហាញ​ពី Kung Fu ផងដែរ​។  Wiratchai គូសបញ្ជាក់ថា​៖«​មាន​សិស្ស​ច្បង​ម្នាក់​មកពី​អាមេរិក និង​ចេះ​ក្បាច់ ជឺ​ជិត​ស៊ូ ដូច្នេះ​យើង​ក៏បាន​ផ្ដុំគ្នា​ហាត់​ក្បាច់គុន​ចម្រុះ​តែម្ដង ប៉ុន្តែ​អត់​មាន​កន្លែង​ហាត់​ត្រឹមត្រូវ​នោះទេ​»​។ 


 
​ដើរ​ខុស​ជំនាញ​ដោយសារ​គុន​ចម្រុះ​
 
Wiratchai បាន​ឲ្យ​ដឹងថា ការហាត់​ក្បាច់គុន​ធ្វើ​ឲ្យ​ប៉ា​ម៉ាក់​របស់ខ្លួន​បារម្ភ​ព្រោះ​ចង់​ឲ្យ​កូន​មាន​ការងារ​ធម្មតា​ប៉ុណ្ណោះ​។ Wiratchai ជា​កូនសិស្ស​ម្នាក់​រៀន​ជំនាញ បដិសណ្ឋារកិច្ច​ជា​ភាសា​ចិន និង ទេសចរណ៍ នៅ​សាកលវិទ្យាល័យ​ដែល​ធ្វើ​ឲ្យ​ឳ​ពុក​ម្ដាយ​របស់ខ្លួន​សប្បាយចិត្ត ប៉ុន្តែ​បេះដូង​របស់គេ​បែរ​ទៅ​បញ្ច្រាសទិស​ទៅវិញ​។ «​ខ្ញុំ​ចង់​តេស្ត​ក្បាច់​របស់ខ្ញុំ​ដែល​បាន​ហាត់រៀន​កន្លងទៅ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ធ្វើបាន​ល្អ​ហើយ​ខ្ញុំ​ចង់​ក្លាយជា​កីឡាករ​គុន​ចម្រុះ នៅ​ថ្ងៃ​ណាមួយ​»​។ “OneShin” បង្ហាញ​ឆន្ទៈ​បែបនេះ​។ 
 
«​ប៉ា​ម៉ាក់​របស់ខ្ញុំ​គិតថា កីឡាករ គឺ​អាជីព​កម្រិត​ទាប​។ ម៉ាក់​របស់ខ្ញុំ​ជា គិលានុបដ្ឋាយិកា ហើយ​គាត់​បាន​មើលឃើញ​មនុស្ស​ឈឺ​ពេញ​មួយជីវិត និង​មិន​ចង់​ឲ្យ​កូន​ឈឺ​ទេ​។ ប៉ា​របស់ខ្ញុំ​ក៏​ដូចគ្នា ហើយ​គាត់​ចង់ដឹង​ផែនការ​អនាគត​ទី​២​របស់ខ្ញុំ​»​។ 
 
​នៅពេល Wiratchai បញ្ចប់​ការសិក្សា រូបគេ​នៅ​បន្ត​ហ្វឹកហាត់​។ បែបណា​ក្ដី​រូបគេ​ខំប្រឹង​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ ឳ​ពុក​ម្ដាយ​ជឿជាក់​។ 
 
​ទីបំផុត Wiratchai ក៏​អាច​សើច​ចេញ​បាន​៖«​វា​ប្រើពេល​យូរណាស់ ប៉ុន្តែ​ឥឡូវនេះ​ពួកគាត់​បាន​គាំទ្រ​ខ្ញុំ ហើយ​សប្បាយចិត្ត​ពេល​រូបខ្ញុំ​ឈ្នះ​។ តែ​ម៉ាក់​របស់ខ្ញុំ​ក៏​នៅតែ​ស្នើ​ខ្ញុំ​ឲ្យ​ឈប់​ជានិច្ច​។ វា​ពិតជា​ផ្លាស់ប្ដូរ​ច្រើន​នៅពេល ONE Championship មកដល់​ប្រទេស​ថៃ​លើកដំបូង ហើយ​គេ​បានឃើញ​ខ្ញុំ​ភាគច្រើន​ដែល​បញ្ចេញ​សមត្ថភាព​លើ​កីឡា​ថ្មី​នេះ បទសម្ភាសន៍​របស់ខ្ញុំ​លើ​អិន​ធឺ​ណិ​ត និង ខ្ញុំ​ជា​ពិធីករ​នៅ​ទូរទស្សន៍ប៉ុស្តិ៍​ថៃ​ដែរ​។ ខ្ញុំ​នៅតែ​ហ្វឹកហាត់ និង​ធ្វើការ​ជាប្រចាំ​ទោះ​មិនទាន់​ឡើង​វ៉ៃ​»​។ 
 
​ជា​និមិត្តរូប​ក្បាច់គុន​សម័យ​ទំនើប​

 
 
Wiratchai បានចាប់ផ្ដើម​អាជីព​នេះ​នៅ​ឆ្នាំ ២០១១ ហើយក៏​ឈ្នះ​ពីរលើក​នៅ​រាជធានី​បាងកក​ប្រទេស​ថៃ និង​ក្លាយជា​កីឡាករ​គុន​ចម្រុះ​របស់ ONE Championship ទី​២​របស់​ប្រទេស​ថៃ​ក្នុង​ឆ្នាំ ២០១២​។ 
 
“OneShin” មាន​ជំនាញ​គាប​ដោយ​ប្រើ​ដៃ​ទាំងពីរ​យ៉ាង​ល្អ​។ «​មុនដំបូង ខ្ញុំ​មិន​ជឿថា​ខ្ញុំ​អាច​ស្ថិតក្នុង​អាជីព​នេះ​យូរ​នោះទេ​។ ខ្ញុំ​គ្រាន់តែ​សង្ឃឹមថា​អាច​ប្រកួត​បាន​ពីរ​បី​ដង​ប៉ុណ្ណោះ​ហើយ​ក្រោយមកទៀត​មានឱកាស​ក្លាយជា​គ្រូបង្វឹក​។ ខ្ញុំ​មិន​គិត​អំពី​លុយ ឬ ភាព​ល្បី​អ្វី​ទេ​។ ខ្ញុំ​គ្រាន់តែ​ស្រលាញ់​វា​និង​ធ្វើ​ឲ្យ​គុន​ចម្រុះ​រួមចំណែក​ក្នុង​ជីវិត​ខ្ញុំ​។ ខ្ញុំ​ចង់​រៀន​បន្ថែម និង ហ្វឹកហាត់​ឲ្យ​ច្រើនឡើងៗ​។ ពេល​ខ្ញុំ​ទទួល​ចុះឈ្មោះ​វ៉ៃ​នៅ ONE គឺជា​ឱកាស​ធំ​ក្លាយជា​អ្នកលេង​ក្បាច់គុន​ពិតប្រាកដ​»​។ Wiratchai រំលឹក​បែបនេះ​។ 
 
Wiratchai ជា​កីឡាករ​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ​គុន​ចម្រុះ​របស់​ថៃ​។ ក្នុងការ​ប្រកួត ១៣​លើក​លើស​ង្វៀន​គុន​ចម្រុះ គេ​ក្លាយជា​កីឡាករ​គុន​ចម្រុះ​លំដាប់​ទី​២​បន្ទាប់ពី Dejdamrong Sor Amnuaysirichoke ឬ ហៅ “Kru Rong” ក្នុងចំណោម​កីឡាករ​ផ្សេងទៀត​នៅ​ប្រទេស​ថៃ​។ រូបគេ​ត្រួស​ត្រាយផ្លូវ​សម្រាប់​កីឡាករ​ថៃ​ជំនាន់​ក្រោយ​។ លើសពីនេះទៅទៀត រូបគេ ដើរតួ​សំខាន់​ក្នុងការ​បណ្ដុះ​គ្រាប់ពូជ​នៅ​ប្រទេស​ថៃ​។ យ៉ាងណាក៏ដោយ Wiratchai នៅតែ​រក​វិធី​ដើម្បី​ក្លាយជា​កីឡាករ​ប្រកួត​បានល្អ​បំផុត​លើស​ង្វៀន  សាបព្រោះ​ជំនាញ​ដល់​កីឡាករ​ជំនាន់​ក្រោយ និង​លើកទឹកចិត្ត​ដល់​កីឡាករ​ផ្សេងៗ​ក្នុង​ក្លិប​របស់ខ្លួន​។ 
 
​ស្ថិតក្នុង​វ័យ​៣១​ឆ្នាំ Wiratchai កំពុងស្ថិត​ក្នុង​ដំណើរ​ប្រកួតប្រជែង និង រំភើបចិត្ត​ក្នុងការ​ប្រកួត​ក្នុងនាម​ជា​កីឡាករ​ផង និង គ្រូបង្វឹក​ផង​។  Wiratchai ព្យាយាម​បង្កើត​ការប្រកួត​ឲ្យ​កាន់តែ​ទាក់ទាញ​ទោះ​ត្រូវ​ជួប​កីឡាករ​ណាក៏ដោយ​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា​ការប្រកួត​ក្នុង​កម្មវិធី ONE:KING OF THE JUNGLE  នៅ​សុ​ក្រទី ២៨  ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង ៦:៣០ ល្ងាច​តទៅ​នៅ ប្រទេស​សិង្ហ​បុរី ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕  

© រក្សាសិទ្ធិដោយ thmeythmey.com