ជាតិ
សម្តេច ហ៊ុន សែន​៖ ការហៅ​ស្រី​ល័​ក្ខ ថា «​នាង​» ថ្មីៗ ជា​ភាសា​តាម​ទម្លាប់​នៅ​ស្រុក​សម្តេច​
20, Feb 2020 , 6:18 pm        
រូបភាព
ដោយ: ថ្មីៗ
«​អ្នកមួយ​ចំនួន​គិតថា ខ្ញុំ​ប្រើ​ពាក្យអសុរោះ ប៉ុន្តែ​ខ្ញុំ​មិនដឹងថា អ្នកស្រុក​ដទៃ​ប្រើ​យ៉ាងម៉េច​នោះទេ ប៉ុន្តែ​ស្រុក​ខ្ញុំ​ប្រើ​អ៊ីចឹង​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច ហ៊ុន សែន នា​ពិធី​បិទ​សន្និបាត​ការងារ​ក្រសួងមហាផ្ទៃ នា​ល្ងាច​ថ្ងៃទី​២០ ខែកុម្ភៈ ដោយ​សម្តេច​រំលឹក​ពី​ការប្រើ​ពាក្យ​របស់​សម្តេច ទៅកាន់​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន​ថ្មីៗ ដែល​បាន​សួរ​សំណួរ​ទៅកាន់​សម្តេច កន្លងមក​។​








​នា​សន្និសីទ​សារព័ត៌​មាននៅ​វិមាន​សន្តិភាព​ពាក់ព័ន្ធ​ការ​រាលដាល​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) កាលពី​ថ្ងៃទី​៣០ ខែមករា កញ្ញា ញឹក ស្រី​ល័​ក្ខ បាន​សួរ​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ទាក់ទង​នឹង​ការមិនទុកចិត្ត​របស់​ប្រជាពលរដ្ឋ​លើ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា ប៉ុន្តែ​ភ្លាមៗ​នោះ សម្តេច​បាន​សួរ​បក​ទៅវិញ ដោយ​ប្រើពាក្យ​ថា «​នាង​ឯង​» បន្ទាប់មក «​នាង​ថ្មីៗ​»​។​

​ពាក្យ «​នាង​ឯង​» ត្រូវបាន​សម្តេច​អះអាងថា ជា​ភាសា​អ្នកស្រុក [​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​] របស់​សម្តេច ដែលមាន​ន័យ​ល្អ ដូចជា​ការប្រើ​ពាក្យ​ថា ពូ​ឯង អ៊ំ​ឯង យាយ​ឯង តា​ឯង អូន​ឯង បង​ឯង នាង​ឯង ជាដើម​។​

​ទោះបីជា​មិនបាន​ផ្តល់​ចម្លើយ​តាម​សំណួរ​របស់​ស្រី​ល័​ក្ខ ក៏ដោយ ប៉ុន្តែ​សម្តេច ហ៊ុន សែន សរសើរ​ថា នាង​ថ្មីៗ ពូកែ​សួរ ដោយ​ធ្វើតាម​វិជ្ជាជីវ និង​មានការ​ទទួលខុសត្រូវ​។​

​តាម​វចនានុក្រម​សម្តេច ជួន ណាត  ពាក្យ «​នាង​» សម្រាប់​និយាយ​ទៅរក​មនុស្ស​ស្រី​ឬ​ប្រុស ដែលមាន​ចំណាស់​ថយ​ជាង​ខ្លួន​ច្រើន ដោយ​ដំណើរ​លំអុតលំឱន​, សម្រាប់​ហៅ​កូនប្រុស​បង្កើត​, កូនស្រី​បង្កើត ដោយ​លំអុត​, សម្រាប់​ហៅ​មនុស្ស​ស្រី ដែលមាន​អាយុ​តិចក្តី ច្រើនក្តី​, សូម្បី​មានយស​ស័ក្តិ​ខ្ពស់​ក្តី​, ជា​ពាក្យ​តំណាល​ក្នុង​រឿងរ៉ាវ​ណាមួយ​។​

​រីឯ​ពាក្យ «​ឯង​» វិញ មានន័យថា អ្នក ។ ពាក្យ​សម្រាប់​ហៅ​មនុស្ស​ក្មេង​ជាង​ឬ​តូច​ទាប​ជាង ក្នុង​ទី​ចំពោះមុខ​៕





© រក្សាសិទ្ធិដោយ thmeythmey.com