ម៉ាឡេស៊ីអះអាងថា ស្ត្រីអាមេរិកពី Westerdam លែងមានវីរុស COVID-19 ហើយ
ជាតិ
ម៉ាឡេស៊ីអះអាងថា ស្ត្រីអាមេរិកពី Westerdam លែងមានវីរុស COVID-19 ហើយ
21, Feb 2020 , 2:56 pm        
រូបភាព
នាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីប្រទេសមួយចំនួនបដិសេធមិនចូលចត
នាវាទេសចរណ៍ Westerdam ចូលចតនៅកំពង់ផែព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីប្រទេសមួយចំនួនបដិសេធមិនចូលចត
ដោយ: ថ្មីៗ
​ស្ត្រី​ជនជាតិ​អាមេរិក​ដែលជា​អ្នកដំណើរ​លើ​នាវា Westerdam ហើយ​មាន​កូ​រ៉ូ​ណាវី​រុស លែងមាន​វីរុស​នេះ​ក្នុង​ខ្លួន​ទៀតហើយ​។ ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Wan Azizah Wan Ismail ប្រកាស​បែបនេះ​នៅ​ថ្ងៃទី​២១ ខែកុម្ភៈ​។ ទោះ​អស់​វីរុស​ប្រភេទ​ថ្មី​នេះ​មែន ស្ត្រី​អាមេរិក​វ័យ​៨៣​ឆ្នាំ​រូបនេះ ត្រូវ​បន្ត​ស្នាក់នៅ​មន្ទីរពេទ្យ​មួយរយៈ​ពេល​ទៀត​សិន​។​



អ្នកស្រី Wan Azizah Wan Ismail ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ី និយាយថា ស្ត្រីជនជាតិអាមេរិកដែលជាអ្នកដំណើរលើនាវា Westerdam នោះ ត្រូវបានធ្វើតេស្តជាបន្តបន្ទាប់ ហើយលទ្ធផលបង្ហាញថា មិនមានវីរុសដែលបង្កទៅជាជំងឺរលាកសួតធ្ងន់ធ្ងរ (COVID-19) ឡើយ។ ស្រ្តីវ័យ៨៣ឆ្នាំនេះ ត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យ Sungai Buloh ។

«ការធ្វើតេស្តរបស់អ្នកស្រី បានចេញមកអវិជ្ជមាន។» អ្នកស្រី Wan Azizah បញ្ជាក់បែបនេះដែលត្រូវបានផ្សាយដោយសារព័ត៌មានម៉ាឡេស៊ី The Star។ ប៉ុន្តែ អ្នកជំងឺរូបនេះ បន្តស្ថិតនៅមន្ទីរពេទ្យសិន មុននឹងអនុញ្ញាតឲ្យចាកចេញ។ ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ប្រកាសពីព័ត៌មាននេះក្រោយជំនួបគណៈកម្មាធិការជាន់ខ្ពស់ទទួលបន្ទុក COVID-19។

អ្នកដំណើរអាមេរិករូបនេះ និងស្វាមី បានចាកចេញពីកម្ពុជាកាលពីសប្ដាហ៍មុន។ ទៅដល់ទឹកម៉ាឡេស៊ី អ្នកស្រីក៏ត្រូវប្រកាសថា មានកូរ៉ូណាវីរុស ឯប្ដីរបស់គាត់ មិនមានឡើយ។ មុនការចាកចេញពីកម្ពុជា អ្នកទាំងពីរ ត្រូវបានអាជ្ញាធរសុខាភិបាលកម្ពុជា ធ្វើតេស្តសុខភាព ហើយរកមិនឃើញកូរ៉ូណាវីរុសឡើយ។ នៅទឹកដីម៉ាឡេស៊ី ស្រ្តីអាមេរិករូបនេះ ត្រូវបានធ្វើតេស្តពីរដង ហើយក៏មានលទ្ធផលវិជ្ជមានទាំងពីរដង មុននឹងបង្ហាញលទ្ធផលអវិជ្ជមានពេលនេះ។

Tag:
 COVID-19
  Westerdam
  ស្រី្តអាមេរិក
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com