អន្តរជាតិ
Holland America Line លុបដំណើរកម្សាន្ត៤ជើងនៅអាស៊ី ព្រោះបារម្ភគ្មានអ្នកព្រមឲ្យចត នាវាទេសចរណ៍ MS Westerdam របស់ក្រុមហ៊ុន Holland America Lind ចតនៅកំពង់ផែក្រុងព្រះសីហនុ ប្រទេសកម្ពុជា ថ្ងៃ១៣ កុម្ភៈ ២០២០ (AFP)
× ក្រុមហ៊ុន Holland America Line ប្រកាសលុបចោលដំណើរកម្សាន្តនៅអាស៊ីចំនួន៤ជើង។ មូលហេតុនៃការសម្រេចចិត្តនេះ ធ្វើឡើងដោយបារម្ភថា ប្រទេសក្នុងតំបន់ ទំនងមិនយល់ព្រមទទួលយកនាវាទេសចរណ៍ឲ្យចូលចត ខណៈតំបន់អាស៊ី កំពុងគំរាមកំហែងដោយជំងឺផ្លូវដង្ហើមបង្កឡើងដោយកូរ៉ូណាវីរុស (COVID-19)។
«ព្រោះតែភាពមិនច្បាស់លាស់ពាក់ព័ន្ធកំពង់ផែនានាលើការទទួលយកនាវាទេសចរណ៍ក្នុងតំបន់អាស៊ី ក្រុមហ៊ុន Holland American Line បានសម្រេចចិត្តលុបចោលដំណើរកម្សាន្តតាម Westerdam ចំនួន៤ជើង ដែលគ្រោងចាប់ផ្តើមនាខែមីនា និងខែមេសា ឆ្នាំ២០២០»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Holland America Line ចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ។
ដំណើរកម្សាន្តទាំង៤ជើងដែលបានលុបចោលនេះ គឺមានដូចជា៖ ជើងទី១គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃ២៨ ខែមីនា ដោយមានទិសដៅប្រទេស ២ គឺ កូរ៉េខាងត្បូង និងជប៉ុន។ ជើងទី២គឺចាប់ពីថ្ងៃ២៨ ខែ២៨ ខែមីនាដល់ថ្ងៃ១១ ខែមេសា ដោយមានទិសដៅតែមួយគត់គឺជប៉ុន ដោយបើកកម្សាន្តនៅ Yokohama។ ជើងទី៣ គឺចាប់ពីថ្ងៃ១១ ដល់ថ្ងៃ២៥ មេសា ដោយមានទិសទៅប្រទេស ២គឺជប៉ុន និងរុស្ស៊ី។ ជើងទី៤ គឺចាប់ពីថ្ងៃ២៥ ខែមេសា ដល់ថ្ងៃ១០ ឧសភា ដោយមានទិសដៅឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងជើង។
«យើងពុំចង់ធ្វើឲ្យភ្ញៀវរបស់យើងខកចិត្តឡើយ។ យ៉ាងណាក៏ដោយ យើងគ្មានទំនុកចិត្តទេថា យើងអាចផ្ដល់ជូននូវបទពិសោធដើរកម្សាន្តតាមនាវាទេសចរណ៍ ដែលអ្នកគ្រប់គ្នារំពឹងទុកឡើយ»។ ក្រុមហ៊ុន Holland America Line បញ្ជាក់បែបនេះក្នុងសេចក្តីប្រកាសព័ត៌មានខ្លួន ដោយលើកឡើងពីការតាមដានយ៉ាងដិតដល់ពីស្ថានការណ៍ដែលកំពុងវិវត្តន៍ក្នុងតំបន់អាស៊ី ព្រោះតែក្តីកង្វល់ជុំវិញជំងឺ COVID-19 ។
យ៉ាងណាមិញ ក្រុមហ៊ុនម្ចាស់នាវាទេសណ៍ Westerdam នេះ សង្កត់ធ្ងន់ថា ភ្ញៀវទាំងអស់ នឹងទទួលបានប្រាក់បង់ថ្លៃនាវាពេញវិញ។ ហើយភ្ញៀវនីមួយៗ ក៏នឹងទទួលបានការបញ្ចុះតម្លៃនាពេលអនាគត ចាប់ពី២៥ ទៅ ៥០ភាគរយ ផងដែរ ដោយអាស្រ័យលើលក្ខខណ្ឌមួយចំនួននៅពេលកក់សំបុត្រ។
សូមបញ្ជាក់ថា នាវាទេសចរណ៍អាមេរិក Westerdam ដែលត្រូវបានបដិសេធដោយប្រទេសនិងកោះចំនួន ៥ ចុងក្រោយ ត្រូវបានរដ្ឋាភិបាលកម្ពុជាយល់ព្រមឲ្យចូលចតនៅកំពង់ផែខ្លួន។ ការបដិសេធរបស់ប្រទេសនិងតំបន់ទាំងនេះ រួមមាន ថៃ និងជប៉ុន ជាដើម ធ្វើឡើងព្រោះហេតុផលថា ខ្លាចអ្នកនៅលើនាវានោះមានផ្ទុកជំងឺផ្លូវដង្ហើមបង្កឡើងដោយកូរ៉ូណាវីរុស (COVID-19)។ ចំណែកការសម្រេចឲ្យចូលចតពីសំណាក់ប្រមុខរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងដោយឈរលើបុព្វហេតុមនុស្សធម៌៕
Tag:
សហរដ្ឋអាមេរិក
អាស៊ី
Westerdam
កូរ៉ូណាវីរុស
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com