អន្តរជាតិ
មេ​គុក​ម្នា​ក់នៅ​វូ​ហាន អស់តំណែង ក្រោយ​ករណី​ឆ្លង COVID-19 រាប់រយ​នាក់​នៅក្នុង​គុក​
22, Feb 2020 , 5:59 am        
រូបភាព
រូបតំណាង (People
រូបតំណាង (People's Daily)
ដោយ:
​ជំងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) បាន​ផ្ដើម​វាយលុក​ចូលក្នុង​ពន្ធនាគារ ខណៈ​មនុស្ស​ជិត​៥០០​នាក់​បាន​ឆ្លង​ជំងឺ​នេះ ក្នុង​ពន្ធនាគារ​ចំនួន​៤​នៃ​ខេត្ត​ចំនួន​៣ ក្នុងប្រទេស​ចិន​។ ករណី​ឆ្លង​អនាធិបតេយ្យ​បែបនេះ បានធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ពន្ធនាគារ​ទាំងបី​នេះ​អស់តំណែង​ជា​បន្តបន្ទាប់ ដោយហេតុថា​បរាជ័យ​ក្នុងការ​ទប់ស្កាត់​វីរុស​នេះ​។ ក្នុងចំណោម​មន្ត្រី​ទាំងនោះ ប្រធាន​ពន្ធនាគារ​រប​ស់​ស្ត្រី​មួយ​ក្នុង​ក្រុង វូ​ហាន ដែលមាន​មនុស្ស​ឆ្លង​វីរុស​ជាង​២០០​នាក់ ត្រូវបាន​បណ្ដេញ​ពី​តួនាទី​។

 
​មនុស្ស ២៣៤​នាក់​ក្នុង​ពន្ធនាគារ​ចំនួន​២​ក្នុង​ខេត្ត Shandong និង​ខេត្ត Zhejiang បាន​ឆ្លង​ករណី​ជំងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ មន្ត្រីជាន់ខ្ពស់​ដែល​ទទួលខុសត្រូវ​ចំពោះ​ការផ្ទុះ​រាលដាល​វីរុស​នេះ ត្រូវបាន​បណ្ដេញ​ចេញពី​តំណែង​ខ្ទេចខ្ទី​។ អាជ្ញាធរ​ចិន បាន​អះអាង​បែបនេះ នៅ​ថ្ងៃ​សុក្រ ទី​២១ ខែកុម្ភៈ ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល អាជ្ញាធរ​ចិន បាន​ដកហូត​តំណែង​ប្រធាន​មន្ទីរ​យុត្តិធម៌​ខេត្ត Shandong បន្ទាប់ពី​ការរីក​រាលដាល​កាន់តែ​ធំ​ក្នុង​ពន្ធនាគារ Rencheng ក្នុង​ទីក្រុង Jining ត្រូវបាន​រកឃើញ​ជា​បន្តបន្ទាប់​។ ក្នុង​អគារ​ពន្ធនាគារ​នេះ មនុស្ស ២០៧​នាក់ បាន​រកឃើញ​មាន​ផ្ទុក​ជំងឺ COVID-19 ។ 
 
​ទន្ទឹមនេះ មន្ត្រី​ពន្ធនាគារ ៧ នាក់​ផ្សេងទៀត ក៏​ត្រូវបាន​បណ្ដេញចោល​ផងដែរ​។ បើតាម​អាជ្ញាធរ​តំបន់ ករណី​ឆ្លង​វីរុស​នេះ​ជា​លើកដំបូង​ក្នុង​ពន្ធនាគារ​នេះ ត្រូវបាន​រកឃើញ​តាំងពី​ថ្ងៃ​១៣ ខែកុម្ភៈ មកម្ល៉េះ​។ ចំណែក​ក្នុង​ខេត្ត Zhejiang ដែល​ករណី​ឆ្លង​វីរុស​មាន​២៧​នាក់ ថ្នាកដឹកនាំ​ប្រចាំ​ពន្ធនាគារ Shilifeng ត្រូវបាន​ដកហូត​តំណែង ហើយ​ការស៊ើបអង្កេត​ក្នុងករណី​រីក​រាលដាល​នេះ ត្រូវបាន​ចាប់ផ្ដើម​។ 
 
​ដូចគ្នានេះដែរ អាជ្ញាធរខេត្ត ហ៊ូ​ប៉ី ដែលជា​ចំណុច​ផ្តើម​នៃ​ការផ្ទុះ​រីក​រាលដាល​ជំងឺ COVID-19 បាន​រកឃើញ​ករណី​ឆ្លង​សរុប ២៧១​នាក់​ក្នុង​ពន្ធនាគារ​ចំនួន ២ ផងដែរ ដែល​ក្នុងនោះ  ២៣០​ករណី​កើត​ក្នុង​ពន្ធនាគារ​របស់​ស្ត្រី​មួយ​ក្នុង​ក្រុង វូ​ហាន ។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ក្នុងស្រុក Hubei Daily ដែល​ដកស្រង់​ចុះផ្សាយ​បន្ត​ដោយ Reuters ។ កាសែត​ដដែល​នេះ បានបញ្ជាក់​ទៀតថា ប្រធាន​ពន្ធនាគារ​រប​ស់​ស្ត្រី​មួយ​នេះ ត្រូវបាន​ដកហូត​តំណែង​រួចរាល់​ហើយ សម្រាប់​ការបរាជ័យ​គ្រប់គ្រង​ការ​រាតត្បាត​នៃ​វីរុស​នេះ​។​
 
​អគ្គលេខាធិការរង​នៃ​រដ្ឋាភិបាល​ខេត្ត Shandong លោក Yu Chenghe បញ្ជាក់​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​ថា ការផ្ទុះ​រាលដាល​បែបនេះ បង្ហាញថា មន្ទីរ​ខ្លះ បាន​អនុវត្ត​ទំនួល​ខុសត្រូវ​ពួកគេ​ខ្សោយ​បំផុត ហើយ​កិច្ចការ​ពួកគេ គ្មាន​ប្រសិទ្ធភាព ព្រមទាំង​ចំណាត់​ការបង្កា​វីរុស មិន​ច្បាស់លាស់​ថែម​ទៀតផង​។ 
 
​ម្យ៉ាងវិញទៀត មន្ត្រី​សុខាភិបាល​ខេត្ត Shandong បាន​អះអាងថា ពួកគេ​បានរៀបចំ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង Jining ដើម្បី​ព្យាបាល​អ្នកជំងឺ COVID-19 ទាំងនេះ ហើយក៏​នឹង​រៀបចំ​ការព្យាបាល​ក្នុង​បរិវេណ​ពន្ធនាគារ​ផងដែរ​។​
 
​សូមបញ្ជាក់ថា ប្រទេស​ចិន បាន​រកឃើញ​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស ៧៤០០០​នាក់ និង​ជាង​២១០០​នាក់​បាន​ស្លាប់ ហើយ​ភាគច្រើន​គឺ​ក្នុង​ក្រុង វូ​ហាន និង​ក្រុង​ផ្សេងទៀត​ក្នុង​ខេត្ត​ហ៊ូ​ប៉ី​៕
 

Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com