ត្រឹមមួយយប់ កូរ៉េខាងត្បូង ក្លាយជាប្រទេសឆ្លង COVID-19 ច្រើនបំផុតបន្ទាប់ចិន
អន្តរជាតិ
ត្រឹមមួយយប់ កូរ៉េខាងត្បូង ក្លាយជាប្រទេសឆ្លង COVID-19 ច្រើនបំផុតបន្ទាប់ចិន
22, Feb 2020 , 9:08 am        
រូបភាព
រូបពី AFP
រូបពី AFP
អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានប្រកាសនៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈថា ខ្លួនបានរកឃើញករណីជំងឺផ្លូវដង្ហើមបង្កឡើងដោយកូរ៉ូណាវីរុស (COVID-19) ចំនួន ១៤២ នាក់បន្ថែម។ តួលេខថ្មីនេះ បានធ្វើឲ្យអ្នកជំងឺសរុបទូទាំងប្រទេសនេះឡើងដល់ ៣៤៦នាក់ហើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap ។



ត្រឹមមួយយប់ប៉ុណ្ណោះ កូរ៉េខាងត្បូងបានក្លាយជាប្រទេសឆ្លង COVID-19 ច្រើនបំផុតបន្ទាប់ពីចិន។ កាលពីរសៀលថ្ងៃសុក្រ ទី២១ ខែកុម្ភៈ អ្នកឆ្លង COVID-19 សរុបចំនួន ១០០នាក់ថ្មី ត្រូវបានរកឃើញ ដោយ៨៥នាក់នៃពួកគេ បានជាប់ពាក់ព័ន្ធនឹងវិហារសាសនាគ្រឹស្ត Shincheonji ក្នុងក្រុង Daegu ភាគខាងត្បូងនៃប្រទេសកូរ៉ខាងត្បូង។

អភិបាលក្រុង Daegu ក្រុងធំបំផុតលំដាប់ទី៤របស់កូរ៉េខាងត្បូង ជាមួយប្រជាជនជាង២,៨លាននាក់ បានអំពាវនាវឲ្យពលរដ្ឋសម្ងំក្នុងផ្ទះ និងបញ្ចៀសការដើរហើរ ប្រសិនបើមិនចាំបាច់។

សូមបញ្ជាក់ថា ប្រទេសចិនទាំងមូល មានករណីឆ្លង COVID-19 ចំនួនជាង៧៦០០០នាក់ ខណៈអ្នកស្លាប់មាន២៣៤៥នាក់ ។ កូរ៉េខាងត្បូងឈរលេខមួយជាមួយតួលេខថ្មី ៣៤៦នាក់ ខណៈជប៉ុនបន្តពីក្រោយ ១០៩ករណី ហើយសិង្ហបុរីឈរលេខរៀងបន្ទាប់ ៨៦ករណី។

ដោយឡែកអ្នកឆ្លង COVID-19 លើនាវាទេសចរណ៍ដែលចតនៅជប៉ុន Diamond Princess មាន ៦៣៤ ករណី ហើយ២នាក់ស្លាប់៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com