អន្តរជាតិ
COVID-19៖ កូរ៉េខាងត្បូងឆ្លងដល់៨៣៣នាក់ រីឯអ៊ីរ៉ង់ស្លាប់១២នាក់ អ៊ីតាលីស្លាប់៤នាក់ អ្នកដំណើរម្នាក់នៅលើផ្លូវក្នុងក្រុងតេហេរ៉ង់។ រូបថត AFP
× កូរ៉េខាងត្បូងបន្តរកឃើញករណីឆ្លងជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) ជាបន្តបន្ទាប់។ នៅរសៀលថ្ងៃចន្ទនេះ មនុស្ស៧០នាក់ទៀតនៅកូរ៉េខាងត្បូងរកឃើញវិជ្ជមាន COVID-19 ខណៈអ៊ីរ៉ង់កើនអ្នកស្លាប់៤នាក់បន្ថែម រីឯអ៊ីតាលី១នាក់បន្ថែម។
ក្រសួងសុខាភិបាលកូរ៉េខាងត្បូង បានប្រកាសពីការតេស្តវិជ្ជមានមនុស្ស៧០នាក់បន្ថែមទៀតនៅថ្ងៃនេះ ដែលក្នុងនោះ៤១នាក់នៅក្រុង Dae-gu, ១២នាក់នៅប៊ូសាន ១២នាក់នៅ Gyeongbuk និង៥ករណីទៀតនៅក្រុងផ្សេងទៀត។
តួលេខថ្មីនេះ នាំឲ្យចំនួនអ្នកឆ្លងនៅកូរ៉េខាងត្បូងឡើងដល់៨៣៣នាក់ ដែលក្នុងនោះមានអ្នកស្លាប់៧នាក់។
នៅអ៊ីរ៉ង់ឯណោះវិញ ទីភ្នាក់ងារព័ត៌មាន AP បានផ្សាយពីករណីស្លាប់៤បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបឡើងដល់១២ករណី ក្នុងចំណោមអ្នកជំងឺ៤៧ករណី ដែលត្រូវបានរកឃើញជាបន្តបន្ទាប់។
រីឯនៅអ៊ីតាលី បុរសវ័យ៨៤ឆ្នាំម្នាក់ បានក្លាយជាមនុស្សទី៤ដែលបានស្លាប់ដោយសារ COVID-19 ខណៈពេលនេះ អ្នកជំងឺនៅប្រទេសអឺរ៉ុបមួយនេះ មាន១៥៥នាក់ ដែលត្រូវបានតេស្តឃើញ។
ក្រៅពីចិន (រួមបញ្ចូលតំបន់រដ្ឋបាលពិសេសហុងកុង ម៉ាកាវ និងតៃវ៉ាន់) មាន ជប៉ុន (រាប់បញ្ចូលទាំងករណីលើនាវា Diamond Princess) កូរ៉េខាងត្បូង សិង្ហបុរី អ៊ីរ៉ង់ ថៃ អេមីរ៉ាតអារ៉ាប់រួម ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន អ៊ីស្រាអែល លីបង់ ឥណ្ឌា ណេប៉ាល់ កម្ពុជា ស្រីលង្កា បារាំង អ៊ីតាលី អាល្លឺម៉ង់ អង់គ្លេស ស៊ុយអែត រុស្ស៊ី អេស្ប៉ាញ ហ្វាំងឡង់ បែលហ្ស៊ិក សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អេហ្ស៊ីប កូវ៉ែត បារ៉ែន និងអាហ្វហ្គានីស្ថាន។ ទីភ្នាក់ងារព័ត៌មានតួកគី បានផ្សាយពីការរកឃើញករណីទី១នៅអ៊ីរ៉ាក់ ប៉ុន្តែក្រសួងសុខាភិបាលអ៊ីរ៉ាក់បានបដិសេធ៕
© រក្សាសិទ្ធិដោយ thmeythmey.com