អន្តរជាតិ
អ៊ីរ៉ាក់ បញ្ជាក់ករណីឆ្លង COVID-19 ដំបូង ក្រោយបិទព្រំដែនជាមួយគូវ៉ែតនិងអ៊ីរ៉ង់ ប្រភពរូប៖ Anadolu Agency
× មន្ត្រីសុខាភិបាលអ៊ីរ៉ាក់ នៅថ្ងៃចន្ទ ២៤ ខែកុម្ភៈ បានបញ្ជាក់ពីករណីឆ្លងជំងឺផ្លូវដង្ហើមបង្កឡើងដោយកូរ៉ូណាវីរុស (COVID-19) ក្នុងទីក្រុង Najaf ភាគខាងត្បូងនៃប្រទេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
តាមប្រភពដដែលអ្នកជំងឺ COVID-19 ទីមួយក្នុងប្រទេសនេះ គឺជានិស្សិតអ៊ីរ៉ង់ម្នាក់សិក្សាក្នុងទីក្រុងនេះផ្ទាល់តែម្ដង។ បើតាមការសង្កត់ធ្ងន់របស់ក្រសួងសុខាភិបាលអ៊ីរ៉ាក់ អ្នកជំងឺអ៊ីរ៉ង់រូបនេះ បានចូលមកក្នុងប្រទេសអ៊ីរ៉ាក់ មុនពេលការដាក់ចេញបញ្ជាបិទព្រំដែនចូលជាធរមាន។
មុនពេលការប្រកាសករណីឆ្លងជំងឺនេះទី១ រដ្ឋាភិបាលអ៊ីរ៉ាក់បានសម្រេចបិទព្រំដែនខ្លួនជាមួយប្រទេសគូវ៉ែត ដែលបានប្រកាសនៅថ្ងៃចន្ទនេះថា បានរកឃើញ មនុស្ស ៣នាក់ឆ្លង COVID-19 ។ ក្នុងចំណោមអ្នកទាំងបីនាក់ អ្នកជំងឺម្នាក់គឺជាជនជាតិអារ៉ាប៊ីសាអូឌីត ដែលធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់។
ម្យ៉ាងទៀត អ៊ីរ៉ាក់ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន បានពន្យារការដាក់បម្រាមចូលប្រទេសខ្លួនសម្រាប់បណ្ដាជនបរទេសណាដែលមកពីប្រទេសអ៊ីរ៉ង់ ។ គិតមកទល់ពេលនេះ អ៊ីរ៉ង់ បានបញ្ជាក់ថារកឃើញករណីឆ្លង COVID-19 ជាង ៤០នាក់ និងអ្នកស្លាប់ ១២ នាក់៕
Tag:
កូរ៉ូណាវីរុស
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com