ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដឹង​ទេ​? អារម្មណ៍​ឆាប់​ប្រែប្រួល អាចមកពី​កត្តា​ទាំងនេះ​!
25, Feb 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​មូលហេតុ​អ្វីខ្លះ​អាច​បណ្ដាល​ឲ្យ​អារម្មណ៍​ប្រែប្រួល​ឆាប់រហ័ស​?


 
​ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​កត្តា​ស្មាន​មិន​ដល់​មួយចំនួន​ដែល​ជះឥទ្ធិពល​ដល់​អារម្មណ៍ ៖
 
១. កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​
 
​នោះ​ក៏​ព្រោះតែ​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​កាត់បន្ថយ​លំហូរ​ឈាម​ទៅកាន់​ខួរក្បាល ហើយ​បង្ក​ផលប៉ះពាល់​ដល​ផ្នែក​មួយចំនួន​នៃ​ខួរក្បាល​ដែល​ទទួលខុសត្រូវ​លើ​ការគ្រប់គ្រង​អារម្មណ៍​។​
 
២. គេង​មិន​គ្រប់​
 
​ខួរក្បាល​និង​រាងកាយ​ទាំងមូល​ត្រូវការ​ដំណេក​ដើម្បី​ស្ដារ​ថាមពល​ឡើងវិញ​។ ប្រសិនបើ​អ្នក​សម្រាក ឬ​គេង​មិនបាន​គ្រប់គ្រាន់​នោះ​អ្នក​ក៏​មិនអាច​នឹងមាន​អារម្មណ៍​ស្រស់ស្រាយ​ប្រសើរ​បានដែរ​។ ដឹង​ទេ​ថា​ការ​គេង​មិន​គ្រប់​ជាប្រចាំ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ធ្លាក់ទឹក​ច​ត្តិ ( depression ) គួរឱ្យ​ព្រួយបារម្ភ​?
 
៣. កាហ្វេ​

​នោះ​ក៏​ព្រោះតែ​ជាតិ​កាហ្វេ​អ៊ី​ន​នៅក្នុង​កាហ្វេ​អាច​រំញោច​ប្រព័ន្ធ​ប្រសាទ​និង​បង្ខំ​ការផលិត​សារ​ធាតុគីមី​មួយចំនួន​ក្នុង​ខួរក្បាល​ដែល​ជះឥទ្ធិពល​លើ​អារម្មណ៍​។ ម្យ៉ាងវិញទៀត​កាហ្វេ​មាន​លក្ខណៈសម្បត្តិ​បញ្ចុះ​ជាតិ​ទឹក​ដែល​នឹង​ធ្វើអោយ​បញ្ហា​ខ្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​កើតមានឡើង​។ ហើយ​ដូច​បាន​រៀបរាប់​ខាងលើ​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ជា​កត្តា​ចម្បង​មួយ​នៃ​បញ្ហា​អារម្មណ៍​ប្រែប្រួល​ឆាប់រហ័ស​។​
 
៤. ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​

​ប្រសិនបើ​អ្នក​ឧស្សាហ៍​ជួបប្រទះ​អារម្មណ៍​ឃ្លាន​និង​ខឹង​ក្នុងពេល​តែមួយ​នោះ​វា​អាច​បណ្ដាលមកពី​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​ហើយ​។ មនុស្ស​មួយចំនួន​ជួបប្រទះ​បញ្ហា​នេះ​នៅពេល​ពួកគេ​រំលង​ម៉ោង​អាហារ​ចន្លោះ​គ្នា​យូរពេក​។ អ្នក​អាច​នឹងមាន​អារម្មណ៍​ខឹង អន់ចិត្ត ឯការ ឬ​ភ័ន្ត​ភាំង និង​សូម្បីតែ​ចង់​យំ ឬ​ស្រែក​។ ដូច្នេះ​កុំ​រំលង​ម៉ោង​អាហារ​យូរពេក ឬ​មិន​ទទួលទាន​អ្វី​សោះ​។ ប្រសិនបើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​នោះ​វារឹតតែ​សំខាន់​ណាស់​ក្នុងការ​សម្គាល់​មើល​ភាពខុសប្លែក​នៃ​អារម្មណ៍​ដែល​ប្រែប្រួល​ភ្លាមៗ ក៏​ព្រោះ​អ្នក​អាច​នឹង​សន្លប់​ប្រសិនបើ​ជាង​ស្ករ​ក្នុង​ឈាម​ចុះ​ទាប​ពេក​។​
 
៥. អាហារ​ផ្អែមៗ​
 
​ការឡើង​ចុះ​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ក៏​ជា​មូលហេតុ​នៃ​បញ្ហា​អារម្មណ៍​ប្រែប្រួល​ផងដែរ​។ លើសពីនេះទៅទៀត​របប​អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​អាច​បង្ក​ការ​រលាក​ក្នុង​រាងកាយ​ហើយ​នេះ​ជា​អ្វីមួយ​ដែលនាំអោយ​កើតមាន​បញ្ហា​អតុល្យភាព​នៃ​អ័រម៉ូន​។ ហើយ​អារម្មណ៍​អាច​ត្រូវ​ទទួលរង​ឥទ្ធិពល​ប្រសិនបើ​កម្រិត​នៃ​អ័រម៉ូន​ក្នុង​រាងកាយ​គ្មាន​តុល្យភាព​។​
 
៦. អតុល្យភាព​នៃ​អ័រម៉ូន​
 
​បញ្ហា​នោះ​គឺ​អ័រម៉ូន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​គ្រប់គ្រង​អារម្មណ៍​។ ដូច្នេះ​ប្រសិនបើ​អ័រម៉ូន​គ្មាន​តុល្យភាព​ទេនោះ​អារម្មណ៍​ក៏ត្រូវ​ទទួលរង​ផលប៉ះពាល់​ដែរ​។​
 
៧. ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍​
 
​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​ជាប់​ជាប្រចាំ​ជះឥទ្ធិពល​គួរឱ្យកត់សម្គាល់​លើ​អារម្មណ៍​ដោយ​អាច​ប្រែប្រួល​ឆាប់រហ័ស​។​
 
៨. ឥទ្ធិពល​នៃ​ថ្នាំ​មួយចំនួន​

​ភាពប្រែប្រួល​នៃ​អារម្មណ៍​ក៏​អាច​បណ្ដាលមកពី​ឥទ្ធិពល​នៃ​ថ្នាំ​មួយចំនួន​ផងដែរ​។ ពិសេស​ថ្នាំ steroids !
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com