អន្តរជាតិ
ស្រីលង្កា ពង្រាយ​កងទ័ព​ដើម្បី​ដោះស្រាយ​ការកកស្ទះ​ចរាចរណ៍​ក្នុង​រដ្ឋធានី​
25, Feb 2020 , 8:19 pm        
រូបភាព
ការកកស្ទះចរាចរណ៍ក្នុងរដ្ឋធានីកូឡុំបូ។ រូបភាព AFP
ការកកស្ទះចរាចរណ៍ក្នុងរដ្ឋធានីកូឡុំបូ។ រូបភាព AFP
​ស្រីលង្កា នឹង​បញ្ចេញ​កងទ័ព​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ដ៏​អាក្រក់​ក្នុង​រដ្ឋធានី​កូឡុំបូ​។ នេះ​បើតាម​ការប្រកាស​របស់​យោធា​ស្រីលង្កា​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ដែល​បញ្ជាក់ថា ប្រធានាធិបតី​ស្រីលង្កា ជា​អ្នកចេញ​បញ្ជា​ឲ្យ​កងទ័ព​ទៅ​ជួយ​វិបត្តិ​លើ​ដងផ្លូវ​នេះ​។​

 
​ខណៈដែល​ស្ថានភាព​ចរាចរណ៍​ក្នុង​រដ្ឋធានី​កូឡុំបូ​កាន់តែ​យ៉ាប់យ៉ឺន​នោះ កងទ័ព​ស្រីលង្កា នឹងត្រូវ​ពង្រាយ​តាម​កន្លែង​មួយចំនួន​ដើម្បី​ជួយ​គ្រប់គ្រង​ចរាចរណ៍ ខណៈ​ប៉ូលិស​មិនអាច​ដោះស្រាយ​តែឯង​បាន​។ អ្នកនាំពាក្យ​កងទ័ព​ស្រីលង្កា នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ និយាយថា ប្រធានាធិបតី ហ្គោ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក់​សា (Gotabaya Rajapaksa) ដែលជា​អតីតមន្ត្រី​យោធា ជា​អ្នកចេញ​បញ្ជា​ឲ្យ​កងទ័ព​ជួយ​ប៉ូលិស​លើ​ការងារ​នេះ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters កងទ័ព​ស្រីលង្កា នឹងត្រូវ​ពង្រាយ​នៅ​ច្រកចេញចូល​សំខាន់​របស់​ទីក្រុង​កូឡុំបូ ដែលមាន​ប្រជាជន​ជិត​មួយ​លាន​ធ្វើដំណើរ​ចេញចូល​រៀងរាល់ថ្ងៃ​។ ក្រៅពីនោះ កងទ័ព អាច​ត្រូវបាន​ពង្រាយ​នៅតាម​ទីតាំង​ដែល​ត្រូវការ​ឯទៀត​ផងដែរ​។ 
 
​ដងផ្លូវ​ក្នុង​ទីក្រុង​របស់​ស្រីលង្កា​មួយ​នេះ មាន​សភាព​ណែន​ណាប់​តាន់តាប់​នៅពេល​ព្រឹក និង​ពេល​ល្ងាច ដែលជា​ម៉ោង​មានការ​ធ្វើចរាច​ណ៍​មមាញឹក​បំផុត​។ ការណ៍​នេះ នាំ​ឲ្យ​កូឡុំបូ​ជាប់​ឈ្មោះ​ជាទី​ក្រុងមាន​ប្រព័ន្ធ​ធ្វើដំណើរ​យឺត​ជាងគេ​មួយ​នៅ​តំបន់​អាស៊ី​ខាងត្បូង​។ ប្រភពព័ត៌មាន​បន្តថា បើតាម​ការសិក្សា​នៅពេល​ថ្មីៗ​នេះ ល្បឿន​យានយន្ត​បាន​ធ្លាក់​មកក្រោម​៧​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅពេល​ព្រឹក និង​ពេល​ល្ងាច​។ 
 
​ទោះជា​តំបន់​ទេសចរណ៍​ល្បីឈ្មោះ​មួយ​មែន ស្រីលង្កា មិនទាន់មាន​ប្រព័ន្ធ​ដឹកជញ្ជូន​ល្អ​នៅឡើយ​ដែរ​។ នៅ​រដ្ឋធានី​កូឡុំបូ មិនទាន់មាន​រថភ្លើង​សាធារណៈ ឬ​ឡានក្រុង​ដែល​អាចជួយ​សម្រាល​ការធ្វើ​ចរាចរណ៍​ឡើយ ដែល​នេះ​តម្រូវ​ឲ្យ​ប្រជាជន​ប្រើប្រាស់​មធ្យោបាយ​ផ្ទាល់ខ្លួន​ដើម្បី​ធ្វើដំណើរ​ទៅមក ខណៈដែល​ទំហំ​ផ្លូវ​ក៏​មិនធំ​ប៉ុន្មាន​ដែរ​។ យ៉ាងណាមិញ រដ្ឋាភិបាល​ស្រីលង្កា ក៏​ចាប់ផ្ដើម​គិតគូរ​សាងសង់​ប្រព័ន្ធ​រថភ្លើង​មួយ​ដែល​ប្រើ​លុយ​ខ្ចី​ពី​ជប៉ុន​ទំហំ​១,៥​ពាន់លាន​ដុល្លារ​៕

Tag:
 ស្រីលង្កា​
  ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com