ជាតិ
ជប៉ុន​ផ្ដល់ជំនួយ​៨៩​ម៉ឺន​ដុល្លារ សម្រាប់​គម្រោង​មាតា​-​ទារក និង​ប្រព័ន្ធធារាសាស្ត្រ
25, Feb 2020 , 8:39 pm        
រូបភាព
កម្មវិធីចុះហត្ថលេខាផ្ដល់ជំនួយឥតសំណងនៅស្ថានទូតជប៉ុន
កម្មវិធីចុះហត្ថលេខាផ្ដល់ជំនួយឥតសំណងនៅស្ថានទូតជប៉ុន
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន បានផ្ដល់​ជំនួយឥតសំណង​ជាង​៨៩​ម៉ឺន​ដុល្លារ សម្រាប់​ជួយ​អភិវឌ្ឍន៍​គម្រោង​ចំនួន​៣ នៅក្នុង​ខេត្តព្រះវិហា និង​ខេត្ត​ប៉ៃលិន​។ ជំនួយឥតសំណង​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ជាមួយ​តំណាង​អង្គការ​ចំនួន​៣ នៅ​ថ្ងៃទី​២៥ កុម្ភៈ ឆ្នាំ​២០២០ នា​ស្ថានទូត​ជប៉ុន​។​


 
​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​បញ្ជាក់ថា គម្រោង​ទាំង​៣​នោះ គឺ​សាងសង់​អាង​ស្ដុក​ទឹក​សម្រាប់​លើកកម្ពស់​កសិកម្ម​នៅ​ព្រះវិហារ ក្នុង​ទឹក​ប្រាប់​ជាង​៨,៥​ម៉ឺន​ដុល្លារ​។ គម្រោង​នេះ បាន​ផ្ដល់ឱ្យ​អង្គការ​មោទនភាព​អាស៊ី សមាគមន៍​មិត្ត​ព្រះវិហារ​-​ជប៉ុន​។ 
 
«​អង្គ​ការដែល​ទទួល​គ​ម្រោ​ង នឹង​សាងសង់​កន្លែង​ស្តុក​ទឹក និង​បរិក្ខា​ចែកចាយ ទឹក​ដើម្បី​បង្កើន​ផលិតផល​កសិកម្ម ដូចជា​បន្លែ​សរីរាង្គ និង​ឱសថ​នា​រដូវប្រាំង​» នេះ​បើតាម​ការលើកឡើង​រប​ស់ ឯកអគ្គរាជទូត ដោយ​បញ្ជាក់​បន្ថែមថា អង្គ​ការដែល​ទទួល​គ​ម្រោ​ង​និង​ជំនួយ​នេះ នឹង​ផ្ទេរ​បច្ចេកវិទ្យា​កសិកម្ម​និង​រៀបចំ​គណៈកម្មាធិការ​គ្រប់គ្រង​ទឹក ដើម្បី​ធ្វើឱ្យមាន​ការកើនឡើង​នូវ​ប្រាប់​ចំណូល​របស់​ប្រជាជន​។​
 
​ចំណែក​គម្រោង​ទី​២ គឺ​រួមបញ្ចូល​គ្នា សុខភាព អាហារូបត្ថម្ភ ទឹកស្អាត​និង​អនាម័យ ក្នុង​ខេត្តព្រះវិហារ ក្នុងនោះ អង្គការ World Vision Japan ជា​អ្នកទទួល​ជំ​នួន​ជាង​៤៥​ម៉ឺន​ដុល្លារ​។ លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​បញ្ជាក់ថា គម្រោង​នេះ ក៏​រួមបញ្ចូល​ការសាងសង់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក និង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​នៅ​ស្រុក​ចំនួន​៤ ស្រុក​ជ័យ​សែន ឆែប គូលែន និង​ស្រុក​ត្បែងមានជ័យ ក្នុង​ខេត្តព្រះវិហារ​ផងដែរ​។ ជាមួយគ្នា​ដែរ លោក ម៉ាសា​ហ៊ី​រ៉ូ សង្ឃឹមថា គម្រោង​នេះ នឹង​សាយភាយ​ចំណេះដឹង​សុខភាព អនាម័យ ដល់​មាតា​និង​ទារក ដល់​អ្នក​រស់នៅក្នុង​តំបន់​គម្រោង​។ បើតាម​លោក​ឯកអគ្គរដ្ឋទូត​ជប៉ុន ខេត្តព្រះវិហា គឺជា​ខេត្ត​ក្រីក្រ​បំផុត​នៅ​កម្ពុជា ហើយ​បញ្ហា​នេះ ជា​កិច្ចការ​ដ៍​សំខាន់​សម្រាប់​អភិវឌ្ឍន៍​។​


ពិធីចុះហត្ថលេខាជំនួយឥតសំណង
 
​រីឯ គម្រោង​ទី​៣ គឺ​គម្រោង​ការកសាង​សមត្ថភាព​យុវជន​ក្នុង​ខេត្ត​ប៉ៃលិន តាមរយៈ​ការពង្រឹង​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​។ ជប៉ុន​បានផ្ដល់​ជំ​នួន​ជាង​៣៥​ម៉ឺន​ដុល្លារ ដល់​អង្គការ​កុមារ​ឥត​ព្រំដែន សម្រាប់​អភិវឌ្ឍន៍​គម្រោង​នេះ​។ លោក ម៉ាសា​ហ៊ី​រ៉ូ បាន​បញ្ជាក់ថា ខេត្ត​ប៉ៃលិន គឺជា​ខេត្ត​ដែលមាន​អត្រា​អ្នក​បោះបង់​ការសិក្សា​ខ្ពស់ ធ្វើឱ្យ​យុវជន​បាត់បង់​ឱកាស​ការងារ​នាពេល​អនាគត​។ ដូច្នេះ​គម្រោង​នេះ នឹង​ជួយ​គាំទ្រ ដល់​មជ្ឈមណ្ឌល​សិក្សា​សហគមន៍ (CLCS) ដែល​គ្រប់គ្រង​ដោយ​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន​។ លោក ម៉ាសា​ហ៊ី​រ៉ូ បាន​បន្ថែមថា គម្រោង​ជំនួយ​នេះ នឹង​ជួយ​គាំទ្រ​ដល់​គណៈកម្មាធិការ​គ្រប់គ្រង​កែលម្អ​បរិស្ថាន​នៃ​មជ្ឈមណ្ឌល និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រួមទាំង​តម្លើង​ឧបករណ៍​មួយចំនួន​ផងដែរ​។ 
 
​សូមបញ្ជាក់ថា កម្មវិធី​ជំនួយឥតសំណង​សម្រាប់​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន បានចាប់ផ្ដើម​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​២០០២ ដើម្បី​គាំទ្រ​ដល់​អង្គការក្រៅរដ្ឋាភិបាល សម្រាប់​ជួយ​ដល់​ការអភិវឌ្ឍ និង​ស្ថាបនា​កម្ពុជា​ឡើងវិញ​នៅតាម​កម្រិត​មូលដ្ឋាន​។ ចាប់ពី​ឆ្នាំ​២០០២​មក រដ្ឋាភិបាល​ជប៉ុន បានផ្ដល់​ថវិកា​ជាង​៣៩​លាន​ដុល្លារ ដល់​គម្រោង​ចំនួន​១២៥​។ គម្រោង​ទាំងនោះ ផ្ដោត​សំខាន់​លើ វិស័យ​អប់រំ​នៅ​កម្រិត​មូលដ្ឋាន វិស័យ​សុខាភិបាល វិស័យ​កសិកម្ម និង​សកម្មភាព​បោសសម្អាត​មីន​៕

Tag:
 ជប៉ុន​
  ជំនួយ​
  អនាម័យ មាតា​
  ទារ​
  យុវជន​
  ប្រព័ន្ធធារាសាស្ត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com