អន្តរជាតិ
ស្ងាត់​មួយ​សប្តាហ៍ ថៃ​រកឃើញ​អ្នក​ឆ្លង COVID-19 ពីរ​នាក់​ថ្មី​ដោយ​ម្នាក់​ជា​អ្នករត់​តាក់ស៊ី​
25, Feb 2020 , 4:50 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ត្រួតពិនិត្យនៅព្រលានយន្តហោះ សុវណ្ណភូមិ ក្នុងក្រុង បាងកក ថ្ងៃ ២៩ ខែមករា ឆ្នាំ២០២ (AFP)
លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ត្រួតពិនិត្យនៅព្រលានយន្តហោះ សុវណ្ណភូមិ ក្នុងក្រុង បាងកក ថ្ងៃ ២៩ ខែមករា ឆ្នាំ២០២ (AFP)
ដោយ:
​ក្រសួង​សុខភាព​សាធារណៈ​ថៃ នៅ​ថ្ងៃទី ២៥ ខែកុម្ភៈ បានប្រកាស​ពី​ករណី​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ចំនួន​ពីរ​ករណី​ថ្មី​បន្ថែមទៀត​។ អ្នកជំងឺ​ទាំងពីរ គឺ​សុទ្ធសឹងតែ​ជា​ជនជាតិ​ថៃ ដោយ​ម្នាក់​ជា​ស្ត្រី​ដែលមាន​សាច់ញាតិ​ធ្លាប់ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន ចំណែក​ម្នាក់ទៀត​គឺជា​បុរស​អ្នករត់​តាក់ស៊ី​ឲ្យ​ភ្ញៀវទេសចរ​ចិន​។ តួលេខ​ថ្មី​នេះ ធ្វើ​ឲ្យ​ករណី​ឆ្លង COVID-19 សរុប​ក្នុងប្រទេស​ថៃ​ឡើងដល់​៣៧​នាក់​។​

 
​លោក Sukhum Kanchanapimai លេខាធិការ​អចិន្ត្រៃយ៍​របស់​ក្រសួងសុខាភិបាល​សាធារណៈ បាន​បញ្ជាក់ថា ស្ត្រី​ថៃ​ជា​អ្នកជំងឺ មាន​អាយុ ៣១​ឆ្នាំ ដែលមាន​មុខរបរ​ជា​ស្ត្រី​បម្រើការ​តាម​ផ្ទះ​។ លោក​បន្តថា ដំបូង​ឡើយ ស្ត្រី​រូបនេះ កើត​ជំងឺ​ផ្លូវដង្ហើម​ដោយ​ពុំ​ដឹង​មូលហេតុ​។ ក្រោយមក គ្រូពេទ្យ​ថៃ បានដឹងថា រូបនាង​មាន​សាចញាតិ​ម្នាក់​ដែល​បាន​ត្រលប់​មកពី​ក្រុង Guangzhou ប្រទេស​ចិន​។ បច្ចុប្បន្ន នាង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​បាងកក ។​
 
​តាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍  បុរស​ជា​អ្នកជំងឺ ត្រូវបាន​គ្រូពេទ្យ​ថៃ​ដឹងថា បាន​ប៉ះពាល់​ដោយផ្ទាល់​ជាមួយ​ភ្ញៀវទេសចរ​ចិន ហើយ​ដំបូង​ឡើយ អ្នករត់​តាក់ស៊ី​ថៃ​រូបនេះ ចេញ​រោគសញ្ញា​ក្តៅខ្លួន និង​ក្អក​។ ទន្ទឹមនេះ មន្ត្រី​សុខាភិបាល​ថៃ កំពុង​ត្រួត​ពិនិត្យថា​តើ​មាន​មនុស្ស​ដទៃទៀត​ដែល​ជិតស្និទ្ធ​នឹង​ពួកគេ​បាន​ឆ្លង​ដែរ​ឬ​អត់​។
 
​ទោះបីជា​រកឃើញ​ករណី​ឆ្លង COVID-19 ថ្មី​បន្ទាប់ពី​ស្ងាត់​ជាង​១​សប្តាហ៍​មក លោក Sukhum បាន​បញ្ជាក់ថា បច្ចុប្បន្ន អ្នកជំងឺ​ចំនួន ២២​នាក់ បានជា​សះស្បើយ ហើយ​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ ខណៈ​១៥ នាក​ផ្សេងទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ហើយ​ក្នុងនោះ ១២ នាក់ គឺជា​ជនជាតិ​ថៃ​។ 
 
​សូមបញ្ជាក់ថា ប្រទេស​ថៃ បានបញ្ជាក់​ពី​ការរកឃើញ​ករណី​ឆ្លង COVID-19 ទី​៣៥​របស់ខ្លួន កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ កន្លងទៅ​៕

Tag:
 ថៃ​
  កូ​រ៉ូ​ណាវី​រុស​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com