កីឡាអន្តរជាតិ
អន្តរជាតិ
មេដឹកនាំ​ក្រិ​ក​ពួតដៃ​ជាមួយ UEFA ដើម្បី​សម្អាត​ភាពកខ្វក់​ក្នុង​វិស័យ​បាល់ទាត់​
26, Feb 2020 , 7:39 pm        
រូបភាព
នាយករដ្ឋមន្ត្រីក្រិកលោក Kyriakos Mitsotakis (ឆ្វេង) និង Aleskander Ceferin ប្រធាន UEFA
នាយករដ្ឋមន្ត្រីក្រិកលោក Kyriakos Mitsotakis (ឆ្វេង) និង Aleskander Ceferin ប្រធាន UEFA
​រដ្ឋាភិបាល​ក្រិ​ក នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) ដើម្បី​សម្អាត​ភាពកខ្វក់​ក្នុង​វិស័យ​កីឡាបាល់ទាត់​ក្រិ​ក​បច្ចុប្បន្ន​។ បាល់ទាត់​ក្រិ​ក​ស្ថិតក្នុង​ស្ថានភាព​គំរាមកំហែង​ដែល​បង្កឡើង​ដោយ​ហិង្សា អំពើពុករលួយ ការកំណត់​លទ្ធផល​ប្រកួត​ទុក​មុន និង​បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត​។​


 
​នាយករដ្ឋមន្ត្រី​ក្រិ​កលោក Kyriakos Mitsotakis បាន​ប្រាប់​ប្រធាន UEFA លោក Aleksander Ceferin ថា​៖«​យើង​បាន​សម្រេចចិត្ត​ខាង​ផ្នែក​នយោបាយ ដើម្បី​ចូលខ្លួន​បោសសម្អាត​កីឡាបាល់ទាត់​ក្រិ​ក​ឲ្យ​បានល្អ​ឡើងវិញ ហើយ​យើង​កំពុង​ស្វែងរក​ជំនួយ​ពី​ភាគី UEFA ក្នុងការ​បន្តដំណើរ​ទៅមុខ​»​។​
 
​លោក Mitsotakis បន្ថែមទៀតថា ចេតនា​ដែល​ត្រូវ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មេ UEFA ដែល​ស្ថិតក្រោម​ការឃ្លាំមើល​ពី​សំណាក់​អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) លោក Greg Clarke ផង​នោះ គឺ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រិ​ក​ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​ក្នុង​វិស័យ​បាល់ទាត់​គ្រប់​កម្រិត​របស់​ក្រិ​ក​។​
 
​ការជួបគ្នា​រវាង​រដ្ឋា​ភិ​បាល​ក្រិ​ក ជាមួយ​អ្នកគ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក និង​អឺរ៉ុប​បានកើត​ឡើង​ពីរ​ថ្ងៃ​បន្ទាប់ពី​ការប្រកួត​លី​គ​កំពូល​ក្រិ​ក (SLG) រវាង​ក្រុម PAOK FC ទល់នឹង​ក្រុម Olympiakos​។ ការប្រកួត​របស់​ក្រុម​ទាំងពីរ បង្ហាញ​ពី​បញ្ហា​ប្រឈម​ដែល​ក្រិ​ក​ធ្លាប់​ជួបប្រទះ​កន្លងមក​។​
 
​ភាពច្របូកច្របល់​រប​ស់​ក្រុម​ទាំង​ពីរបាន​រាលដាល​តាំងពី​ទីលាន​ប្រកួត​រហូតដល់​តុលាកា និង​ឆាកនយោបាយ​ផង​។ ប្រធាន​ក្លិប PAOK លោក Ivan Savvidis ត្រូវ Olympiakos ចោទប្រកាន់ថា​បាន​ទិញយក​ភាគហ៊ុន​ខុសច្បាប់​មួយ​នៅក្នុង​ក្រុង Xanthi ដែលជា​ក្លិប​លំដាប់​កំពូល​មួយទៀត តាមរយៈ​សមាជិកគ្រួសា​រ​។ យ៉ាងណាក៏ដោយ​ការ​ចោទ​នេះ ត្រូវ​លោក Savvidis បដិសេធ​។​
 
​ក្រោយ​កិច្ចព្រមព្រៀង​ដែលមាន​រដ្ឋាភិបាល​ក្រិ​ក​ចូលរួម​ផង​នោះ ស្ថាប័ន UEFA បានបង្ហាញ​យុទ្ធសាស្ត្រ​មួយចំនួន​ដែល​ត្រូវ​ប្រើ​ក្នុង​រយៈពេល​បី​ខែ ដើម្បី​កែលម្អ​ការគ្រប់គ្រង​កីឡាបាល់ទាត់​ក្នុងប្រទេស​តំបន់​អឺរ៉ុប​មួយ​នេះ​។ បញ្ហា​ប្រឈម​រួមមាន​ការស្វែងរក​មធ្យោបាយ​ដើម្បី​ប្រឆាំងនឹង​ការកំណត់​លទ្ធផល​ការប្រកួត អំពើពុករលួយ និង​ការប្រើប្រាស់​សារធាតុ​ប៉ូវ​កំលាំង​ខុសច្បាប់ ក៏ដូចជា​បញ្ហា​អាជ្ញាកណ្តាល​កាត់សេចក្តី​ជាដើម​៕

Tag:
 UEFA
  ក្រិ​ក​
  កំណត់​លទ្ធផល​ទុក​មុន
© រក្សាសិទ្ធិដោយ thmeythmey.com