ជាតិ
ប្រធាន​អង្គការ​ស៊ី​ប៉ា​៖ ការអាន​សៀវភៅ ធ្វើ​ឲ្យ​អ្នក​ជាប់ឃុំ ក្លាយជា​បុគ្គល​ល្អ ក្រោយ​ចេញពី​ពន្ធនាគារ​
26, Feb 2020 , 9:19 pm        
រូបភាព
លោក ហុក សុទ្ធិ ប្រធានអង្គការស៊ីប៉ា
លោក ហុក សុទ្ធិ ប្រធានអង្គការស៊ីប៉ា
​ភ្នំពេញ​៖ បណ្ណាល័យ​ក្នុង​ពន្ធនាគារ បាន​ដើរតួ​សំខាន់​ក្នុង​ការជំរុញ​ឲ្យ​អ្នក​ជាប់ឃុំ​ស្រឡាញ់​ការអាន និង​បង្កើន​ចំណេះដឹង​បន្ថែម​។ លោក ហុក សុទ្ធិ ប្រធាន​អង្គការ​ស៊ី​ប៉ា លើកឡើងថា គម្រោង​បណ្ណាល័យ​ក្នុង​ពន្ធនាគារ បានចាប់ផ្ដើម​នៅ​ឆ្នាំ​២០១២ ដែល​ទទួល​ថវិកា​គាំទ្រ​ពី​ភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន (AFD) និង​មូលនិធិ Pierre Bellon​។


 
​នា​ពិធី​សិក្ខាសាលា​ស្ដីពី «​ការសិក្សា​ពេញ​មួយជីវិត​នៅក្នុង​ពន្ធនាគារ​តាមរយៈ​ថ្នាក់​អក្ខរកម្ម ថ្នាក់​សមមូល និង​បណ្ណាល័យ​» នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ លោក ហុក សុទ្ធិ ថ្លែងថា ការអាន​សៀវភៅ គឺជា​មូលដ្ឋានគ្រឹះ​មួយ​សម្រាប់​អ្នក​ជាប់ឃុំ ក្នុងការ​ចាប់យក​ជំនាញ​វី​ជ្ជា​ជីវៈ ដើម្បី​ឲ្យ​មានមុខ​របរ​ល្អ​មួយ​ក្រោយ​ចេញពី​ពន្ធនាគារ​។ លោក បញ្ជាក់ថា​៖«​អ្នក​ជាប់ឃុំ​ពេលដែល​គាត់​ចូល​អាន​សៀវភៅ ក្នុង​បណ្តា​ល័យ ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ប្រសើរ មិន​គិត​អ្វី​ផ្ដេសផ្តាស​។ ធ្វើ​ឲ្យ​គាត់​មានចំណេះដឹង​បន្ថែម ក្រោយ​ចេញពី​ពន្ធនាគារ ក្លាយជា​អ្នក​ចូលចិត្ត​អាន ធ្វើ​ឲ្យ​គាត់​ជា​ពលរដ្ឋ​ល្អ​។ កាលណា​យើង​អាន​ច្រើន យើង​មានចំណេះដឹង​ច្រើន យើង​មាន​សីលធម៌​ល្អ​យើង​ក្លាយជា​ពលរដ្ឋ​ល្អ​»​។ 
 
​លោក ព្រុំ ចាន់នី ប្រធាន​នាយកដ្ឋាន​អប់រំ​កែប្រែ និង​ស្ដារ​នីតិ​សប្ប​ទា នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ  ចាត់ទុក អង្គការ​ស៊ី​ប៉ា ជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុង​ការជួយ​លើកស្ទួយ​ដល់​កម្មវិធី​អប់រំ​កែប្រែ ស្ដារនីតិសម្បទា និង​ត្រៀម​ធ្វើ​សមាហរណកម្ម ទៅក្នុង​សង្គម​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ និង​ជួយ​ទប់ស្កាត់​ការប្រព្រឹត្ត​បទល្មើស​សាជាថ្មី​។ លោក យល់ថា តាមរយៈ​ការអាន​នេះ មិន​ត្រឹមតែ​បង្កើន​ចំណេះដឹង​ដល់​អ្នក​ជាប់ឃុំ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ជួយ​អប់រំ​ផ្លូវចិត្ត​ដល់​អ្នក​ជាប់ឃុំ ឲ្យ​មាន​ស្មារតី​ល្អ និង​ជួយ​កាត់បន្ថយ​ការគិត​រក​ល្បិច​រត់គេចខ្លួន​ពី​ពន្ធនាគារ​។  
 
​គួរ​ជម្រាប​ថា បណ្ណាល័យ​ពន្ធនាគារ មាន​ចំនួន​២៧​បណ្ណ​ល័យ មាន​សៀវភៅ​ជាង​១០​ម៉ឺន​ក្បាល ដោយ​សៀវភៅ​ទាំងនោះ មាន​ច្រើន​ប្រភេទ ដូចជា ប្រលោមលោក ប្រ​វត្ថិ​សាស្ត្រ អក្សរសិល្ប៍ និង រឿង​ភាគនិទាន​ជាដើម​៕



Tag:
 អង្គការ​ស៊ី​ប៉ា
 ​ពន្ធនាគារ​
© រក្សាសិទ្ធិដោយ thmeythmey.com